ប្រទេស​ថៃ ជំរុញ​ការសាងសង់ «ទីក្រុង​អាកាសចរណ៍» តម្លៃ 8.8 ពាន់​លាន​ដុល្លារ​អាម៉េរិក

រាជរដ្ឋាភិបាល​ថៃ​នឹង​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ទីក្រុង​អាកាសចរណ៍​នៅ​ភាគ​ខាងកើតប្រទេស តម្លៃ 290 ពាន់​លាន​បាត ដែល​ប្រហែល​នឹង 8.8 ពាន់​លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំនេះ។

គម្រោង​នេះ​នឹង​ធ្វើឱ្យ​ព្រលានយន្តហោះ U-Tapao ក្នុង​ខេត្ត​ជាប់​សមុទ្រ Rayong នៅ​ភាគ​ខាងកើត​ ក្លាយ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ធំ​មួយ​របស់​ប្រទេស​នេះ។ ព្រលានយន្តហោះ​ U-Tapao ​នឹង​ត​ភ្ជាប់ជាមួយ​​ព្រលានយន្តហោះ​អន្តរជាតិ​​ទីពីរ Don Muang និង​​​ព្រលានយន្តហោះអន្តរជាតិ​ទីមួយ​​ Suvarnabhumi នៅ​រាជធានី​បាងកក។

គម្រោង​នេះ​នឹង​ស្ថិតនៅលើ​តំបន់​ដែលមាន​ទំហំ​ជាង 1,040 ហិកតា និង​មាន​ស្ថានីយ​អ្នកដំណើរ ឃ្លាំងទំនិញ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ផ្នែក​អាកាសចរណ៍ និង​មជ្ឈមណ្ឌល​ថែទាំ ជួសជុល​យន្តហោះ។

អាជ្ញាធរ​ថៃ​បានឱ្យដឹងថា ក្នុង 5 ឆ្នាំ​ដំបូង គម្រោង​នេះ​នឹង​ផ្ដល់​ការងារ​ប្រមាណ 15,000 កន្លែង និង​ជំរុញ​កំណើន​សម្រាប់​វិស័យ​អាកាសចរណ៍​របស់​ប្រទេស​នេះ។ នេះ​គឺជា​គម្រោង​រដ្ឋ-ឯកជន ហើយ​បើ​តាម​ផែនការ​នឹង​ទាក់ទាញ​ទេសចរ​បរទេស​ក្នុង​តំបន់​បានកាន់​តែ​​ច្រើន​ថែមទៀត។

នៅក្នុង​គម្រោង​ខាងលើ​នេះដែរ ព្រមាន​យន្តហោះ​អន្តរជាតិ U-Tapao នឹង​ត្រូវបាន​អភិវឌ្ឍ​ដើម្បី​អាច​ទទួលភ្ញៀវ​ចាប់ពី 60 លាន ទៅ 75 លាន​នាក់​ជា​រៀងរាល់ឆ្នាំ៕

Advertisement