ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ត្រឹម​តែ​ ០.០០៤% ប៉ុណ្ណោះ ​ក្នុងរយៈពេល ១៥ ថ្ងៃ​ បន្ទាប់​ពី​ការ​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង

រាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ មានយានយន្តចំនួន ១៩០,៣៤៦ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះ​បើ​តាម​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។

យោង​តាម​កំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ធៀប​ទៅនឹង​ទំហំ​ចរាចរណ៍​​ដែល​មានយានយន្តចំនួន ១៩០,៣៤៦ គ្រឿង​ធ្វើ​ដំណើរ​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះ​ មានករណី​​គ្រោះ​ថ្នាក់​​ត្រឹមតែ ០,០០៤% ប៉ុណ្ណោះ​ ក្នុង​អំឡុង​ ១៥ ថ្ងៃ​ដំបូង​នៃ​ការ​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ដោយ​មិន​គិត​ថ្លៃ​រយៈ​ពេល​ ១ ខែ​។

ថ្ងៃទី ១៥ ខែតុលា ដែលជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរម្លឹក​ខួប ១០ ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ គឺជា​ថ្ងៃ​ដែល​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះសីហនុ មាន​ចរាចរណ៍​មមាញឹក​ជាង​គេ​ ក្នុង​អំឡុង​ ១៥ ថ្ងៃ​កន្លង​ ដោយ​​មាន​យានយន្តសរុបចំនួន ២១,៧៩៨ គ្រឿង បានធ្វើដំណើរ​។

ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើ​ដើម្បី​ប្រកប​ដោយ​សុខសុវត្ថិភាពទាំង​អស់គ្នា​៕

Advertisement