សំណើ​​អនុវត្ត​គ្រោង​ស្ថាបនា​​ព្រលាន​យន្ត​ហោះ​​ជាប់​​ព្រំដែន​​ចិន​ របស់ ​​វៀតណាម ​បាន​​ទៅ​​ដល់​ដៃ​​នាយក​រដ្ឋមន្ត្រី

ក្រសួង​ដឹកជញ្ជូន​វៀតណាម ទើបតែ​បានប្រកាស​អំពី​ការវិនិយោគ​លើ​ការសាងសង់​អាកាសយាន​ដ្ឋា​ន Lai Chau ក្នុងនោះ ក្រសួង​នេះ​បាន​គាំទ្រ និង​ណែនាំ​ឱ្យ​ការស្ថាបនា​ព្រលានយន្តហោះ​ថ្មី​នេះ អាចឆ្លើយតប​នឹង​តម្រូវការ​ដឹកជញ្ជូន​ទាំង​វិស័យ​ស៊ីវិល និង​ទាំង​វិស័យ​ការពារជាតិ។

«ស្នើឱ្យ​រដ្ឋបាលខេត្ត Lai Chau ដឹកនាំ​ការសិក្សា​លើ​ការវិនិយោគ​ព្រលានយន្តហោះ Lai Chau។ ក្រសួង​ដឹកជញ្ជូន​នឹង​សហការ​ជាមួយ​ខេត្ត Lai Chau ក្នុងការ​អនុវត្ត» ប្រកាស​របស់​ក្រសួង​ដឹកជញ្ជូន​វៀតណាម ឱ្យដឹង​ដូច្នេះ។

កាលពី​ថ្ងៃទី ៣០ សីហា ការិយាល័យ​រដ្ឋាភិបាល​វៀតណាម បានចេញ​លិខិត​មួយ​ស្ដីអំពី​ការបញ្ជូន​យោបល់ និង​ការណែនាំ​របស់ ឧបនាយករដ្ឋមន្ត្រី Le Van Thanh ទាក់ទង​នឹង​ការវិនិយោគ ស្ថាបនា​អាកាសយានដ្ឋាន​ក្នុង​ខេត្ត Lai Chau នៅ​ភាគ​ខាងជើង​ប្រទេស​នេះ ជាប់​នឹង​ព្រំដែន​ចិន។

ក្រោយ​ការពិនិត្យ​សំណើ​របស់​រដ្ឋបាលខេត្ត Lai Chau ដែល​បានស្នើ​ឱ្យមាន​ការវិនិយោគ ស្ថាបនា​ព្រលានយន្តហោះ Lai Chau ទៅតាម​រូបមន្ត PPP (ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន) និង​ស្នើឱ្យ​ប្រគល់​គម្រោង​នេះ​ឱ្យ​ខេត្ត Lai Chau គ្រប់គ្រង​ការអនុវត្ត​គម្រោង​នេះ ឧបនាយករដ្ឋមន្ត្រី Le Van Thanh ក៏បាន​ស្នើឱ្យ​បញ្ជូន​សំណើ​នេះ​ឡើងទៅ​កាន់​នាយករដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​សម្រេច។

យោងតាម​អាជ្ញាធរខេត្ត Lai Chau ព្រលានយន្តហោះ Lai Chau ត្រូវបាន​នាយ​រដ្ឋមន្ត្រី​វៀតណាម កំណត់​ជា​គោលដៅ​អភិវឌ្ឍ កាលពី​ខែកុម្ភៈ ២០១៨ ដោយ​កំណត់ថា ព្រលានយន្តហោះ​នេះ​នឹង​ត្រូវបាន​ស្ថាបនា​លើ​ផ្ទៃដី ១៦៧ ហិកតា ជាមួយនឹង​ទុនវិនិយោគ​ប្រមាណ ៨ ទ្រី​លាន​ដុង (ប្រហែល ៣៤០ លាន​ដុល្លារ​អាម៉េរិក)។

មុននោះ ​សារព័ត៌មាន​វៀតណាម ដែល​បាន​ចេញ​ផ្សាយនា​ពេល​ថ្មីៗ​នេះ បាន​ឱ្យ​ដឹង​ថា តាម​ផែនការ គម្រោង​អាកាសយានដ្ឋាន​ Lai Chau ដែល​ទើប​ត្រូវ​បាន​កែសម្រួល​ចុង​ក្រោយ​នេះ​ បង្ហាញ​ថា នឹង​អាច​ទទួល​អ្នក​ដំណើរ​បាន​កន្លះលាន​នាក់​/ឆ្នាំ ចាប់​ពី​ឆ្នាំ​ ២០៣០ ដោយ​សាង​សង់​នៅ​​​​លើ​ផ្ទៃ​ដី​ជាង ១១៧ ហិកតា​។ គម្រោង​ដែល​​​​ត្រូវ​បាន​គណនា​​ឃើញ​ថា ត្រូវ​ការ​ទុន​វិនិយោគ​ប្រហែល ៤.៣៥ ទ្រី​លាន​ដុង (ជាង ១៨៥ លាន​ដុល្លារអាម៉េរិក) ​នេះ គ្រោង​នឹង​ត្រូវ​ស្ថាបនា​នៅ​ក្នុង​ទីរួម​ស្រុក Tan Uyen នៃ​ខេត្ត Lai Chau ក្បែរ​ព្រំដែន​​ចិន​ដីគោក ជាប់​នឹង​ខេត្ត​ Yunnan៕

Advertisement