ប្រព័ន្ធ​ផ្លូវ​​ទម្រង់​លូ​របស់ TransPod អាចឱ្យ​រថភ្លើង​ធ្វើដំណើរ​ក្នុង​ល្បឿន ១,២០០ គីឡូម៉ែត្រ/ម៉ោង

(កាណាដា)-ក្រុមហ៊ុន TransPod បានឱ្យដឹងថា ពួកគេ​ចាប់ផ្ដើម​ការ​សាងសង់​ប្រព័ន្ធ​ផ្លូវ​ដែល​មាន​រូប​រាង​​ជា​បំពង់​លូ​ ​​អាចឱ្យ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី Calgary ទៅកាន់ Edmonton ដែលមាន​ចម្ងាយ​ផ្លូវ ៣០០ គីឡូម៉ែត្រ ប្រើប្រាស់​ពី​តែ ៤៥ នាទី។

ប្រព័ន្ធ​ដឹកជញ្ជូន​ល្បឿន​មហា​លឿន TransPod FluxJet ដែល​ត្រូវ​បានបង្ហាញ​កាលពី​សប្ដាហ៍​កន្លង​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណដា ត្រូវបាន​គេ​រំពឹងថា នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ទាក់ទង​នឹង​កម្លាំង​រុញច្រាន ថាមពល​ស្អាត និង​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​មិន​ប្រើ​ខ្សែ​ជាដើម។ ប្រព័ន្ធ​នេះ​នឹង​កាត់បន្ថយ​កម្លាំង​ក​កឹ​តរបស់​ខ្យល់ ដោយសារតែ​រថភ្លើង​នឹង​បរ​នៅក្នុង​បំពង់ នៅក្នុង​ការដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​នៅក្នុង​ប្រទេស ជាមួយនឹង​ល្បឿន​មហា​លឿន។

ដូច​ទៅនឹង​គម្រោង​ដទៃ​ដូចជា Hyperloop, Hyperloop TT, Hyperloop One, ET3, HyperPort ជាដើម គម្រោង FluxJet នឹង​លុបបំបាត់​ស្ថានភាព​ក​កឹ​ត​ដែល​កើតឡើង​ដោយ​ទម្ងន់ ព្រោះ​តែ​វា​​ប្រើប្រាស់​បច្ចេកវិទ្យា Maglev (Magnetic levitation)។ ផ្នែក​នានា​ដែល​ប៉ះ​នឹង​ដី​របស់​រថភ្លើង នឹងត្រូវ​បាន​ដក​ចូល​ខ្លី​នៅពេល​រថភ្លើង​ធ្វើដំណើរ​ក្នុង​ល្បឿន​យ៉ាងតិច ៣០០ គីឡូម៉ែត្រ/ម៉ោង និង​អាច​បង្កើនល្បឿន​ដល់ ១,០០០ គីឡូម៉ែត្រ/ម៉ោង ឬ​លឿន​បំផុត​ត្រឹម ១,២០០ ម៉ែត្រ/ម៉ោង។

ក្រុមហ៊ុន TransPod មិនបាន​បង្ហើប​ឱ្យដឹង​ច្រើន​អំពី​បច្ចេកវិទ្យាសំខាន់ៗ ប៉ុន្តែ ពួកគេ​នឹង​ប្រើប្រាស់ veillance flux ដែលជា​ប្រព័ន្ធ​កំណត់​ទិស អនុញ្ញាតឱ្យ​ស្កេ​ន​ផ្លូវ​ក្នុង​ប្រព័ន្ធ​បំពង់ និង​សម្រួល​ទីតាំង​របស់​រថភ្លើង។ ​​រថភ្លើង​មួយ​ខ្សែ​ៗ ​មាន​ប្រវែង ២៥ ម៉ែត្រ អាចដាក់​មនុស្ស​បាន ៥៤ នាក់ និង​បំពាក់​ម៉ាស៊ីន​រុញច្រាន​ចំនួន ៤ គ្រឿង។ បន្ទប់​ទាំងនេះ​ក៏មាន​បំពាក់​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី និង​អាច​ទាញយក​ថាមពល​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ​ពី​ផ្លូវ​ប្រភេទ​បំពង់​នេះ។

TransPod ឱ្យដឹងថា ក្រុមហ៊ុន​ទទួលបាន​​ប្រាក់​វិនិយោគ ៥៥០ លាន​ដុល្លារ​អាម៉េរិក និង​កំពុង​ឈានដល់​ដំណាក់កាល​បន្ទាប់​របស់​គម្រោង គឺ​ការបើកការដ្ឋាន​សាងសង់​ផ្លូវ​ប្រវែង​ជាង ៣០០ គីឡូម៉ែត្រ រវាង Calgary និង Edmonton។

ប្រព័ន្ធ​ផ្លូវ​ទម្រង់​បំពង់​លូត​ម្លៃ ១៨ ពាន់​លាន​ដុល្លារ​នេះ នឹង​ជួយ​ឱ្យ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង​ទីក្រុង Calgary និង Edmonton ចុះមក​នៅត្រឹម ៤៥ នាទី ជំនួស​ឱ្យ​ជាង ៣ ម៉ោង ដែល​ត្រូវ​ចំណាយ​នាបច្ចុប្បន្ន។ ផ្លូវ​នេះ​ក៏​ជួយ​កាត់បន្ថយ​បាន ១/៣ នៃ​ចំនួន​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង Calgary ទៅកាន់​ទីក្រុង​ Edmonton។ ហើយ​ជាង​នេះ វា​ក៏​នឹង​កាត់បន្ថយ​ឧស្ម័ន​កាបូន​បាន ៦៣៦,០០០ តោន ជា​រៀងរាល់ឆ្នាំ​ផងដែរ ដោយសារតែ​ប្រើប្រាស់​ថាមពល​ស្អាត៕

Advertisement