គម្រោង​ផ្លូវដែក​ឡាវ-វៀតណាម នឹង​ជួយ​ឱ្យ​ការដឹកជញ្ជូន​រវាង ប្រទេស​ថៃ ឡាវ វៀតណាម និង ចិន បាន​ងាយស្រួល​ថែមទៀត

គម្រោងផ្លូវដែកឡាវ-វៀតណាម នឹងភ្ជាប់ រដ្ឋធានីវៀងចន្ទន៍ទៅនឹងតំបន់ Thakhek របស់ប្រទេសនេះ មុននឹងទៅដល់កំពុងផែរបស់ វៀតណាម

រដ្ឋាភិបាល​ឡាវ បាន​បើកភ្លើង​ខៀវ​សម្រាប់​លទ្ធភាព​នៃ​ការសិក្សា​លើ​គម្រោង​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ដែល​អនុញ្ញាតឱ្យ​ការដោះដូរ​ទំនិញ និង​ការដឹកជញ្ជូន​រវាង ប្រទេស​ថៃ ឡាវ វៀតណាម និង ចិន មាន​ភាពរលូន​ជាង​មុន។

សារព័ត៌មាន Lao Economic Daily បាន​រាយការណ៍​ថា ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ (MOU) មួយ​ត្រូវបាន​ធ្វើឡើង​កាលពី​ម្សិលមិញ រវាង រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន Petro Trade នៅឯ ទីស្ដីការ​ក្រសួងផែនកា​រ និង​វិនិយោគ របស់ ប្រទេស​នេះ ទាក់ទិន​នឹង​គម្រោង​ផ្លូវដែក​ដែល​នឹង​ត​ភ្ជាប់ រដ្ឋធានី​វៀងចន្ទន៍ ជាមួយនឹង​ទីក្រុង Thakhek ក្នុង​ខេត្ត Khammoune ប្រទេស​ឡាវ ដែលជា​ផ្នែក​មួយ​នៃ​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ត​ភ្ជាប់​ពី ឡាវ ទៅ វៀតណាម។

គម្រោង​ផ្លូវ​រថភ្លើង​ឡាវ-វៀតណាម (LVRP) នេះ​គឺជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដោយ​ថាមពល​អគ្គិសនី​មានតម្លៃ ៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ គម្រោង​ដែល​នឹង​អនុញ្ញាតឱ្យ​ប្រើប្រាស់​ក្បាលរថភ្លើង​អគ្គិសនី​នេះ នឹងមាន​ប្រវែង​ប្រហែល ៤៥២ គីឡូម៉ែត្រ។

ក្នុងដំណាក់កាល​ដំបូង ផ្លូវដែក​នេះ​នឹង​ត​ភ្ជាប់​ស្រុក Thakhek ក្នុង​ខេត្ត Khammouane របស់ ឡាវ ជាមួយនឹង​កំពង់ផែ Vung Ang ក្នុង ប្រទេស​វៀតណាម ដែលមាន​ប្រវែង​ប្រហែល ១៣៩ គីឡូម៉ែត្រ។ ក្នុងដំណាក់កាល​ទី​ពីរ វា​នឹង​ត​ភ្ជាប់​ផ្លូវដែក​ពី Thakhek ទៅកាន់ រដ្ឋធានី​វៀងចន្ទន៍ ដែលមាន​ប្រវែង​ប្រហែល ៣១២ គីឡូម៉ែត្រ​បន្ថែមទៀត។

គម្រោង​ផ្លូវដែក​ឡាវ-វៀតណាម ត្រូវបាន​សិក្សា និង​ពិនិត្យ​តាំងពី​ឆ្នាំ ២០១៥។ គម្រោង​នេះ​នឹង​អនុញ្ញាតឱ្យ​ការដឹកជញ្ជូន​ទំនិញ​ពី​កំពង់ផែ Vung Ang របស់ វៀតណាម មកកាន់​ផ្លូវដែក​ឡាវ-វៀតណាម ហើយ​ឆ្ពោះទៅកាន់​កំពង់ផែ​ស្ងួត Thanaleng និង​សួន​ឧស្សាហកម្ម​ដឹកជញ្ជូន​វៀងចន្ទន៍ បាន​ដោយ​រលូន។

តាមរយៈ​ការតភ្ជាប់​ជាមួយនឹង មជ្ឈមណ្ឌល​ដឹកជញ្ជូន​វៀងចន្ទន៍ ផ្លូវដែក​ខាងលើ​ក៏​នឹង​ជួយ​ឱ្យ​ការដោះដូរ​ទំនិញ និង​ការដឹកជញ្ជូន​រវាង ប្រទេស​ថៃ ឡាវ វៀតណាម និង ចិន បាន​ងាយស្រួល​ថែម​មួយកម្រិត​ទៀត៕

Advertisement