ផ្លូវជាតិ​លេខ 31 និង​លេខ 33 នឹង​បើក​ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព​នៅ​ថ្ងៃស្អែក

នៅ​ថ្ងៃទី 30 ធ្នូ 2022 ស្អែក​នេះ ផ្លូវជាតិ​លេខ 31 និង​លេខ 33 នឹង​ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី 29 ធ្នូ។

យោងតាម​ក្រសួង គម្រោង​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ 31 នេះ មាន​ប្រវែង​ជាង 53 គីឡូម៉ែត្រ រាប់​ពី​ផ្លូវបែក​គុ​ស (ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ 3) រហូតដល់​ផ្សារ​កំពង់ត្រាច (ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ 33) ដោយ​ឆ្លងកាត់​តាម ខេត្តតាកែវ និង​ខេត្តកំពត។

ចំណែក​ផ្លូវជាតិ​លេខ 33 ដែលមាន​ប្រវែង​ជាង 52 គីឡូម៉ែត្រ រាប់​ចាប់ពី​ផ្លូវជាតិ​លេខ 3 ត្រង់​គីឡូម៉ែត្រ​លេខ 148+100 ស្ថិតក្នុង ខេត្តកំពត រហូតដល់​ច្រក​លក (ព្រំដែន​កម្ពុជា-វៀតណាម)។

ផ្លូវជាតិ​លេខ 31 និង​ផ្លូវជាតិ​លេខ 33 នេះ ជា​ផ្លូវ​ដ៏​មាន​សារសំខាន់​សម្រាប់​វិស័យ​ដឹកជញ្ជូន ទេសចរណ៍ កសិកម្ម ក៏ដូចជា​សេដ្ឋកិច្ច​ក្នុងស្រុក និង​អន្តរជាតិ។

ពិធី​សម្ពោធ​បើក​ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព​នៅ​ថ្ងៃស្អែក​នឹងត្រូវ​បានធ្វើ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន៕

Advertisement