ន័​រ​វែ​ស នឹង​សាងសង់​បំពង់​បង្ហូរ​ខ្នាត​យក្ស នាំ​សមាសធាតុ CO2 ចុះក្រោម​បាតសមុទ្រ

ប្រព័ន្ធ​ប្រមូល ជញ្ជូន និង​រក្សា​ទុកកាបូនឌីអុកស៊ីត នៅ​បាតសមុទ្រ​របស់ ន័រវែស

ក្រុមហ៊ុន​ថាមពល Epuinor របស់ ប្រទេស​ន័​រ​វែ​ស កាលពី​ថ្ងៃទី ២៩ មិថុនា ឆ្នាំ​ ២០២២ ​បានដាក់​សំណើ​សាងសង់​ប្រព័ន្ធ​បង្ហូរ កាបូនឌីអុកស៊ីត ចុះក្រោម​បាតសមុទ្រ​របស់​ប្រទេស​នេះ ដើម្បី​កប់​សមាស​ធាតុគីមី CO2 នេះ​ចោល​ជា​រៀងរហូត។

បើសិន​ត្រូវបាន​អនុវត្ត នេះ​នឹង​ក្លាយជា​គម្រោង​ប្រមូល ដឹកជញ្ជូន និង​រក្សាទុក​កាបូន (CCS) ធំ​បំផុត​មួយ​ក្នុង​ពិភពលោក។

«ប្រព័ន្ធ​បំពង់​បង្ហូរ​នៅឯ​សមុទ្រ ដែលមាន​នៅក្នុង​គម្រោង​នេះ មាន​សមត្ថភាព​អាច​បង្ហូរ​កាបូនឌីអុកស៊ីត​បាន​ពី ២០ ទៅ ៤០ លាន​តោន​ជា​រៀងរាល់ឆ្នាំ ផ្គត់ផ្គង់​តម្រូវការ​ថ្មី​ស្ដីពី CCS របស់​បណ្ដា​ក្រុមហ៊ុន​ឧស្សាហកម្ម​នៅ អឺរ៉ុប» ក្រុមហ៊ុន Equinor បញ្ជាក់​ដូច្នេះ។ តួលេខ​ខាងលើ​គឺ​ប្រហាក់ប្រហែល​នឹង​ឧស្ម័ន​ដែល​មនុស្ស​ពី ៣ ទៅ ៦ លាន​នាក់​បាន​បង្កើតជា​រៀងរាល់ឆ្នាំ។

CCS ត្រូវបាន​ចាត់ទុក​ដូច​ទៅនឹង​ដំណោះស្រាយ​ដ៏​មាន​សក្ដានុពល​សម្រាប់​វិស័យ​ឧស្សាហកម្ម​ដែល​បញ្ចេញ CO2 កម្រិត​ខ្ពស់ ជា​វិធី​ដែល​អនុញ្ញាតឱ្យ​បណ្ដា​ក្រុមហ៊ុន​អាច​បន្តសកម្មភាព​រប​ស់​ខ្លួន បើទោះជា​មាន​វិធានការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ដើម្បី​ប្រឆាំងនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។

តាម​សំណើ ក្រុមហ៊ុន Fluxys របស់ បែលហ្ស៊ិក នឹង​ដំណើរការ​មូលដ្ឋាន​មួយ​នៅ Zeebrugge ជាទី​សម្រាប់​ប្រមូល​កាបូ​ឌីអុកស៊ីត ពី​បណ្ដា​ក្រុមហ៊ុន និង​កប៉ាល់​ដែល​ចូល​ចត​ក្នុង​កំពង់ផែ ដោយ​ត្រូវបាន​ភ្ជាប់​តាមរយៈ​ប្រព័ន្ធ​បំពង់​បង្ហូរ។

បន្ទាប់មក កាបូនឌីអុកស៊ីត នឹង​ត្រូវបាន​បង្ហូរ​ទៅតាម​បំពង់​មួយ​ផ្សេងទៀត​ដែល​ក្រុមហ៊ុន Equinor ជា​អ្នកគ្រប់គ្រង នៅក្រោម​បាតសមុទ្រ។ បំពង់​បង្ហូរ​នេះ​នឹង​ជួយ​រក្សាទុក CO2 នៅក្រោម​បាតសមុទ្រ​របស់ ន័​រ​វែ​ស ជា​រៀងរហូត។

គម្រោង​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ស្រាវជ្រាវ​អំពី​លទ្ធភាព។ បច្ចុប្បន្ន ក្រុមហ៊ុន Equinor និង Fluxys បានធ្វើការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ជា​អតិថិជន​សក្ដានុពល ហើយ​សង្ឃឹមថា ពួកគេ​នឹងមាន​ការសម្រេចចិត្ត​ក្នុងការ​បណ្ដាក់ទុន​វិនិយោគ​នៅ​ឆ្នាំ ២០២៥៕

Advertisement