​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ព្រះ​អាទិត្យ​អណ្ដែត​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​សម្ពោធ​

កាលពី​ថ្ងៃទី 09 វិច្ឆិកា 2023 ឥណ្ឌូណេស៊ីបាន​សម្ពោធ​បើក​ដំណើរ​ការ​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​អណ្ដែត តម្លៃ​ 100 លាន​ដុល្លារ​អាម៉េរិក​ ដែល​នេះ​គឺជា​ការ​បោះជំហាន​ធំ​មួយ​ក្នុង​ដំណើរ​ងាក​ទៅ​រក​ថាមពល​បៃតង​ ថាមពល​កកើត​ឡើងវិញ​។

ស្ថានីយ​ផលិត​អគ្គិសនីដែល​ទើប​ត្រូវ​បាន​សម្ពោធ​ និង​​មាន​ឈ្មោះ​ថា Cirata នេះ គ្រោង​នឹង​ផលិត​អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​មនុស្ស​ 50,000 គ្រួសារ​។ ស្ថានីយ​នេះ​ត្រូវ​បាន​សាងសង់​លើ​បឹង​មួយ​ដែល​មាន​ទំហំ​ 200 ហិកតា​ នៅ​ Java ខាង​លិច​ ដែល​​មាន​ចម្ងាយ​ពី​រដ្ឋធានី​ហ្សាការតា​ប្រហែល 130 គីឡូម៉ែត្រ​។

គម្រោង​នេះ​គឺជា​កិច្ច​សហការ​រវាង​ក្រុម​ហ៊ុន​អគ្គិសនី​ជាតិ​ឥណ្ឌូណេស៊ី Perusahaan Listrik Negara (PLN) និង​ក្រុម​ហ៊ុន​ Abu Dhabi Masdar ដោយ​ចំណាយ​ថវិកា​ប្រហែល 100 លាន​ដុល្លារ​អាម៉េរិក និង​ចំណាយ​ពេល​សាង​សង់​ 3 ឆ្នាំ​។ ស្ថានីយ​នេះ​មាន​ផ្ទាំង​សូឡា​ប្រហែល 340,000 ផ្ទាំង​។

បច្ចុប្បន្ន Cirata អាច​ផលិត​អគ្គិសនី​បាន 192 មេហ្គាវ៉ាត់ (MW) ហើយ​គ្រោង​នឹង​ពង្រីក​ឱ្យ​បាន 500 MW នា​ពេល​ខាង​មុខ​ និង​ 1,000 MW នៅ​ទីបញ្ចប់។ គម្រោង​នេះ​រួម​ចំណែក​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​បាន​កំណត់​គោល​ដៅ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់មក​នៅ​ស្មើ​សូន្យ​ចាប់​ពី​ឆ្នាំ​ 2060​៕

Advertisement