រដ្ឋាភិបាល​អាមេរិក លក់​ដេញថ្លៃ​ប្រាក់​អេឡិចត្រូនិក​ចំនួន 0.7501 Bitcoin ដែល​អាជ្ញាធរ​បាន​រឹបអូស

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុងតែ​លើក​គម្រោង​លក់​ដេញថ្លៃ​រថយន្ត sedan របស់​ក្រុមហ៊ុន Ford និង Chevy រួម​នឹង​កុងតឺន័រ​ដឹកទំនិញ​ជាង 45,000 លីត្រ និង​ម៉ាស៊ីន​អូស​នៃ​ក្រុមហ៊ុន Caterpillar ដែល​បាន​ខូច ប៉ុន្តែ ក្នុងចំណោម​នោះ​ក៏មាន​ទំនិញ​មួយ​មុខ​ដ៏​ចម្លែក នោះ​គឺ​រូបិយវត្ថុ​អេឡិចត្រូនិក​ចំនួន 0,7501 Bitcoin។

នាយកដ្ឋាន​សេវាកម្ម​ទូទៅ​សហរដ្ឋអាមេរិក (GSA) តែងតែ​អនុម័ត​លើ​ការលក់​ដេញថ្លៃ​ដែល​ពួកគេ​ជា​អ្នកធ្វើ​ដើម្បី​លក់​សម្ភារ​សេសសល់​នៅតាម​បណ្ដា​រដ្ឋ ទៅឱ្យ​ប្រជាជន។ តាមរយៈ​នេះ ជាមួយនឹង​លេខ​កូដ 4KQSCI21105001 ដែល​នឹងត្រូវ​បាន​លក់​ដេញថ្លៃ​ក្នុង​រង្វង់​មួយ​សប្ដាហ៍​ទៀត រដ្ឋាភិបាល​អាមេរិក​នឹង​លក់ Bitcoin ដែលមាន​តម្លៃ​ប្រហែល 38,000 ដុល្លារ​អាមេរិក បើ​យោងតាម​តម្លៃ​របស់ Bitcoin ដែល​បាន​ជួញដូរ​កាលពី​ថ្ងៃទី 8 មីនា 2021។

ក្រុមមន្ត្រី​រដ្ឋាភិបាល​មិនបាន​ឱ្យដឹង​អំពី​ប្រភព​របស់ Bitcoin ខាងលើនេះ​ទេ។ បើទោះជា​មាន​ភាពខុសគ្នា​ឆ្ងាយ​ទៅនឹង 30,000 Bitcoin ដែល​នាយកដ្ឋាន​ពន្ធដា​អាមេរិក (U.S Marshal Service) បាន​លក់​ដេញថ្លៃ​កាលពី​ឆ្នាំ 2014 ក្រោយពី​រឹបអូស​រូបិយវត្ថុ​អេឡិចត្រូនិក​នេះ​ពី «ផ្សារងងឹត» មួយ​ដែលមាន​ឈ្មោះថា Silk Road ប៉ុន្តែ ការលក់​ដេញថ្លៃ​លើក​នេះ​របស់ GSA បាន​បង្ហាញថា ការនិយម​ជួញដូរ Bitoin កាន់តែ​ទូលំទូលាយ​ជាង​មុន។

ក្រុមហ៊ុនធំៗរបស់​ពិភពលោក កំពុងតែ​ទទួលយក​វត្តមាន​របស់ Bitcoin។ Bank of New York Mellon Corp. បានឱ្យដឹងថា ពួកគេ​នឹង​កាន់កាប់ ផ្ទេរ និង​ប្រើប្រាស់​រូបិយវត្ថុ​អេឡិចត្រូនិក​នេះ​នាពេល​ដ៏​ខ្លី​ខាងមុខ ក្នុង​គ្រា​ដែល Mastercard ក៏បាន​ប្រកាស​អំពី​គម្រោង​អនុញ្ញាតឱ្យ​ម្ចាស់​ប័ណ្ណ ទូទាត់​ដោយ​ប្រាក់​អេឡិចត្រូនិក​មួយចំនួន​ផងដែរ​នៅក្នុង​ប្រព័ន្ធ​របស់​ពួកគេ។

ក្រុមហ៊ុន​ហិរញ្ញវត្ថុ Morgan Stanley និង Goldman Sachs ក៏មាន​បំណង​លោត​ចូល​រកស៊ី​ទាក់ទង​នឹង​ប្រាក់​អេឡិចត្រូនិក​ខាងលើនេះ​ផងដែរ។

រូបិយវត្ថុ Bitcoin ដែល​អាមេរិក​បាន​លក់​ដេញថ្លៃ​កាលពី​ឆ្នាំ 2014 ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ឃើញថា មានតម្លៃ​ប្រហែល 19 លាន​ដុល្លារ​អាមេរិក។ អ្នកវិនិយោគ Tim Draper គឺជា​អ្នកឈ្នះ​ក្នុងការ​ដេញថ្លៃ ប៉ុន្តែ តម្លៃ​ចុងក្រោយ​មិនត្រូវ​បាន​គេ​បង្ហើប​ឱ្យដឹង​នោះឡើយ។ ចំនួន Bitcoin នេះ​នឹងមាន​តម្លៃ 1.5 ពាន់​លាន​ដុល្លារ​អាមេរិក បើ​គិត​មកដល់​ថ្ងៃទី 8 មីនា ឆ្នាំ 2021។

ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​របស់ GSA ចំពោះ​រូបិយវត្ថុ​អេឡិចត្រូនិក​ចំនួន 0.7501 Bitcoin ខាងលើ នឹងត្រូវ​បានធ្វើ​ឡើង ចាប់ពី​ថ្ងៃទី 15 ដល់​ថ្ងៃទី 17 ខែមីនា ឆ្នាំ 2021៕

ប្រភព៖ Yahoo
ប្រែ​សម្រួល៖ បុត្រា

Advertisement