ម្ចាស់​ Facebook មាន​ទ្រព្យ​ច្រើន​ជាង​ម្ចាស់​ Tesla ជា​លើក​ដំបូង​ រាប់​ពី​ឆ្នាំ 2020

Elon Musk រូបស្ដាំ និង Mark Zuckerberg រូបឆ្វេង

ជា​លើក​ដំបូង​ រាប់​ចាប់​តាំង​ពី​ឆ្នាំ 2020 Mark Zuckerberg បាន​ឈរ​ពី​លើ​ Elon Musk ដោយ​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក​ នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ Bloomberg Billionaires Index​។

ស្ថាបនិក Facebook បច្ចុប្បន្ន​មាន​ទ្រព្យ​សកម្ម​សរុប​ 186.9 ពាន់​លាន​ដុល្លារ​អាម៉េរិក ខ្ពស់​ជាង​ 6.3 ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ទ្រព្យ​របស់​ Elon Musk។ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន ទ្រព្យ​របស់​លោក​ Musk បាន​ថយ​ចុះ​អស់ 48.4 ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ទ្រព្យ​របស់ Zuckerberg កើន​ឡើងបន្ថែម​​ 58.9 ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​ភាគ​ហ៊ុន​ Meta កើន​ឡើង​ជា​បន្ត​បន្ទាប់​។

Elon Musk ធ្លាប់​កាន់​កាប់​ចំណាត់​ថ្នាក់​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​នៅ​កាល​ពី​ខែ​វិច្ឆិកា 2021 នៅ​ពេល​ទ្រព្យ​របស់​លោក​បាន​កើន​ឡើង​ដល់ 215 ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ ភាគ​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla បាន​ថម​ថយ​ឥទ្ធិពល ដោយ​សារ​តែ​បណ្ដា​បច្ចេក​វិទ្យា​ឌីជីថល់ ពិសេស​គឺ​បញ្ញា​សិប្បនិម្មិត​ (AI)។

គិត​ចាប់​ពី​ដើម​ឆ្នាំ​ 2024 មក​ទល់​នឹង​ថ្ងៃទី 5 មេសា 2024 ភាគ​ហ៊ុន​ Tesla បាន​ថយ​ចុះ​អស់​ជាង 33%​។ ផ្ទុយ​ទៅ​វិញ ភាគ​ហ៊ុន​ Meta ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Facebook បាន​កើន​ឡើង​ជាង​ 52%​ នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​សារ​តែ​ប្រាក់​ចំណូល​ប្រចាំ​ត្រី​មាស​កើន​ឡើង​ និង​វិនិយោគិន​សប្បាយ​ចិត្ត​ជា​មួយ​នឹង​គំនិត​ផ្ដួត​ផ្ដើម​ស្ដី​ពី​ AI របស់​ Meta។

Advertisement