បណ្ដាញ​​សម្រប​សម្រួល​ការ​ទូទាត់​ប្រាក់​ Mastercard នឹង​ចូល​រួម​រកស៊ី​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​​​ឌីជីថល​គ្រីបតូ

Mastercard នឹង​ភ្ជាប់​ថ្នាល​ប្រតិបត្តិការ​ប្រាក់​ឌីជីថល​​គ្រីបតូ ជាមួយ​នឹង​បណ្ដា​ធនាគារ​ ដើម្បី​ធ្វើ​ឱ្យ​ប្រាក់​ប្រភេទ​នេះ​ឆាប់​បាន​ក្លាយ​ជា​និន្នាការ​ថ្មី​ជា​ផ្លូវ​ការ​។

បណ្ដាញ​សម្រប​សម្រួល​ការ​ទូទាត់​ប្រាក់ ​(Payment Processing Networks) បែប​អេឡិច​ត្រូនិច​ ​លំដាប់​​ពិភពលោក​ Mastercard ​មាន​ផែនការ​ជួយ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្ដល់​សេវា​កម្ម​ប្រតិបត្តិការ​លើ​ប្រាក់​ឌីជីថល​។ ស្ថាប័ន​នេះ​នឹង​ដំណើរ​ការ​ដូច​ទៅ​នឹង​ «ស្ពាន​តភ្ជាប់» រវាង Paxos (ថ្នាល​ប្រតិបត្តិ​ការ​​ដែល​ត្រូវ​បាន​ PayPal ប្រើ​ប្រាស់​ដើម្បី​ផ្ដល់​សេវា​ដូច​គ្នា​នេះ) ជាមួយ​នឹង​បណ្ដា​ធនាគារ​។ Mastercard និង Paxos នឹង​ធ្វើ​ការ​ដោយ​ការ​គោរព​ទៅ​តាម​ការ​កំណត់ និង​ការ​ធានា​សុវត្ថិភាព​ទិន្នន័យ​ ​ជា​មូលហេតុ​សំខាន់​ ២ ដែល​​បណ្ដា​ធនាគារ​លើក​យក​មក​អះអាង​​ដើម្បី​ចៀស​វាង​ប្រភេទ​ទ្រព្យ​ថ្មី​នេះ​។

ប្រាក់​ឌីជីថល​ដូច​ជា Bitcoin ជា​ដើម មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ទាក់​ទិន​នឹង​ការ​ប្រែប្រួល​ខ្ពស់ ហើយ​វា​បាន​បាត់​បង់​តម្លៃ​ជាង​ពាក់​កណ្ដាល​ក្នុង​ឆ្នាំ​នេះ​។ វិស័យឧស្សាហកម្ម​នេះ​​ត្រូវ​រង​ការ​វាយ​ប្រហារ​តាម​អ៊ីនធើណិត​រាប់​ពាន់​លាន​ករណី​រាប់ចាប់​ពី​ដើម​ឆ្នាំ​ អម​ជាមួយ​នឹង​ករណី​ក្ស័យ​ធន​ល្បី​ល្បាញ​ជា​ច្រើន​។

ក៏ប៉ុន្តែ Jorn Lambert ប្រធាន​ផ្នែក​ឌីជីថល​របស់ Mastercard ឱ្យ​ដឹង​ថា ការ​ស្ទង់​មតិ​របស់​ក្រុម​ហ៊ុន​នៅ​តែ​បង្ហាញ​ថា មាន​តម្រូវ​ការ​ច្រើន​ចំពោះ​ទ្រព្យ​ប្រភេទ​នេះ​។ យ៉ាង​នេះ​ក្ដី មនុស្សប្រហែល ៦០% ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​សួរ​ យល់​ថា ចង់​ស្វែង​យល់​ ឬ​សុំ​យោបល់​មុន​ពេល​ប្រតិបត្តិការ​លើ​ប្រាក់​ឌីជីថល​តាម​រយៈ​បណ្ដា​ធនាគារ​ដែល​មាន​នា​បច្ចុប្បន្ន​របស់​ពួក​គេ​។

Mastercard ឱ្យ​ដឹង​ថា តួនាទី​របស់​ក្រុម​ហ៊ុន​នេះ​គឺ​ ការ​រក្សា​ឱ្យ​បណ្ដា​ធនាគារ​ធ្វើ​ទៅ​តាម​បទប្បញ្ញត្តិ​ ដោយ​ការ​គោរព​តាម​គោល​ការណ៍​​ប្រាក់​ឌីជីថល ​ការ​បញ្ជាក់​អំពី​ការ​ប្រតិបត្តិ ការ​ផ្ដល់​សេវាកម្ម​ប្រឆាំង​អំពើ​លាង​លុយ និង​គ្រប់​គ្រង​អត្តសញ្ញាណ។ សេវាកម្ម​នេះ​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៣​ ហើយ​ក្រោយ​មក​នឹង​ពង្រីក​ទៅ​កាន់​តំបន់​នានា​។ Mastercard មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​​ថា មាន​ធនាគារ​ណា​ខ្លះ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​គម្រោង​នេះ​នៅឡើយ​។

Mastercard និង Visa សុទ្ធ​តែ​មាន​ទំនាក់ទំនង​ជាដៃគូ​ក្នុង​វិស័យ​ប្រាក់​ឌីជីថល​​គ្រូបតូ។ Mastercard បាន​សហការ​ជាមួយ Coinbase ក្នុង​ការ​ជួញដូរ​ NFT និង​ថ្នាល Bakkt ដើម្បី​អនុញ្ញាត​ឱ្យ​បណ្ដា​ធនាគារ​ និង​អ្នកជំនួញ​ក្នុង​បណ្ដាញ​របស់​ពួក​គេ​ ផ្ដល់​សេវាកម្ម​ទាក់ទង​នឹង​ប្រាក់​ឌីជីថល​។ កាលពីសប្ដាហ៍​កន្លង Visa បាន​សហការ​ជាមួយ FTX ដើម្បី​ផ្ដល់​ប័ណ្ណ​ឥណទាន​ប្រាក់​ឌីជីថល​នៅ​ក្នុង​ប្រទេស​ចំនួន ៤០ និង​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ ៧០ ដៃគូ។ American Express ក៏​កំពុង​ចូលរួម​វិស័យ​នេះ​ ដោយ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ប័ណ្ណ​ឥណទាន​ដើម្បី​ទិញ​ Stablecoin។

ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល! ប្រាក់​ឌីជីថល​គ្រីបតូ​ ដំបូង​ឡើយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំបាត់​រនាំង​ពី​បណ្ដា​ធនាគារ និង​ស្ថាប័ន​​អន្តរការី មាន​ដូច​ជា Mastercard និង Visa ជា​ដើម​។ បច្ចេកវិទ្យា​ស្នូល​របស់​ប្រាក់​ឌីជីថលគ្រីបតូ​ គឺ blockchain ​អនុញ្ញាត​ឱ្យ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​ចាំបាច់​មាន​​ស្ថាប័ន​អន្តរការី​៕

Advertisement