ចាន​បុរាណ​ចិន​នៅ​អាមេរិក ត្រូវគេ​​ទិញ​​ក្នុង​តម្លៃ 35ដុល្លារ តែ​លក់​វិញ​តម្លៃ 500,000ដុល្លារ

ចាននេះត្រូវបានផលិតឡើងសម្រាប់រាជបល្ល័ង្ករបស់មហាក្សត្រ Yongle

មនុស្ស​ម្នាក់​រស់នៅក្នុង​រដ្ឋ Connecticut បាន​ទិញ​ចាន​សេ​រ៉ា​មិច​មួយ​តម្លៃ 35 ដុល្លារ​អាមេរិក ពី​ទីតាំង​លក់ទំនិញចាស់ៗមួយកន្លែង ដោយ​មិន​បានដឹង​ទាល់់តែសោះ​ថា វា​គឺជា​វត្ថុ​បុរាណ​ជំនាន់​រាចវង្ស​មីង (Ming Dynasty) របស់​ចិន ដែលមាន​តម្លៃ​រហូតដល់ 5,00,000 ដុល្លារ​អាមេរិក។

ចាន​ដែលមាន​រូបគំនូរ​ស្លឹកឈើ​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវបាន​មនុស្ស​ម្នាក់​ទិញ​ពី​កន្លែង​លក់ទំនិញចាស់ៗ ដែល​ស្ថិត​នៅក្នុង​រដ្ឋ Connecticut ភាគ​ឦសាន​នៃ​សហរដ្ឋអាមេរិក។ អត្តសញ្ញាណ​របស់​អ្នកទិញ​រូបនេះ បច្ចុប្បន្ន​ត្រូវបាន​គេ​លាក់​​ជា​អាថ៌កំបាំង។

អ្នកទិញ​ខាងលើ​បា​នរក​ក្រុម​អ្នកជំនាញ​ខាង​សេ​រ៉ា​មិច​ ប៉សឺឡែន​ ដើម្បី​ពិនិត្យ​ចាន​នេះ ដោយ​ការផ្ញើ​រូបថត​ជាដំបូង ហើយ​ក្រោយមក​ក៏បាន​យក​វា​ទៅកាន់​សាល​ដេញថ្លៃ​ដើម្បី​ពិនិត្យ​ឱ្យបាន​ច្បាស់។ ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា ចាន​នេះ​ត្រូវបាន​ផលិតឡើង​សម្រាប់​រាជបល្ល័ង្ក​របស់​មហាក្សត្រ Yongle (ព្រះនាម​ផ្ទាល់ខ្លួន​គឺ Zhu Di) ដែលជា​ស្ដេច​ទី​បី​របស់​រាជវង្ស​មីង សោយរាជ​ចាប់ពី​ឆ្នាំ 1402 ដល់ 1424។

ផែន​ទី​ជំនាន់​រាជ​វង្ស​មីង​នៃ​ប្រទេស​ចិន​

«នៅក្នុង​ពិភពលោក​នេះ មាន​ចាន​ដូច្នេះ​ចំនួន​តែ 6 ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​ដឹង។ នោះ​គឺជា​សម្ភារ​សម្រាប់តែ​រាជវង្ស​ប៉ុណ្ណោះ» នេះ​បើតាម Angela McAteer អ្នកជំនាញ​ខាង​ស្នាដៃ​សិល្បៈ​ចិន មកពី​ការិយាល័យ​កណ្ដាល​របស់ Sotheby’s នៅ​ទីក្រុង New York។ Sotheby’s គឺជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ធំជាងគេ​បង្អស់​មួយ​នៅក្នុង​ពិភពលោក ដែល​រកស៊ី​ខាង​វត្ថុ​បុរាណ គ្រឿងអលង្ការ គ្រឿង​សិល្បៈ​តុបតែង អចលនទ្រព្យ និង​វត្ថុចម្លែក។

Sotheby’s នឹង​នាំយក​ចានទី 7 នៃ​រាជបល្ល័ង្ក​របស់​មហាក្សត្រ Yongle នេះ ទៅ​ដាក់លក់​ដេញថ្លៃ​នៅ​ថ្ងៃទី 17 មីនា​ខាងមុខ ដោយ​ចាប់ផ្ដើម​ពី​តម្លៃ 300,000 ដុល្លារ ដល់ 500,000 ដុល្លារ​អាមេរិក។

ចាន​ចំនួន 5 ក្នុងចំណោម​ចាន​ដែល​ត្រូវបាន​គេ​ស្គាល់ កំពុងស្ថិត​ក្នុង​សារមន្ទីរ រួមមាន៖ 2 នៅ​កោះ​តៃវ៉ាន់, 2 នៅ​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស និង 1 នៅ​ទីក្រុង​តេ​ហេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់៕

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement