ចិន​ចំណាយ​តិចជាង​អឺរ៉ុប 10,000 អឺរ៉ូ ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​មួយគ្រឿង

បណ្ដា​ក្រុមហ៊ុន​ចិន អាច​ត្រូវ​ការប្រាក់​តិចជាង​បណ្ដា​ក្រុមហ៊ុន​អឺរ៉ុប ប្រហែល 10,000 អឺរ៉ូ (10,618 ដុល្លារ​អាម៉េរិក) ដើម្បី​ផលិត​បាន​រថយន្ត​អគ្គិសនី​មួយគ្រឿង នេះ​បើតាម Forvia។

ខាងលើ​គឺជា​ការអះអាង​របស់លោក Patrick Koller នាយក​ប្រតិបត្តិ​របស់ Forvia ដែល​បាន​និយាយ​កាលពី​ថ្ងៃទី 04 មករា 2023 នៅឯ​ព្រឹត្តិការណ៍​ពិព័រណ៍ CES នៅ Las Vegas (សហរដ្ឋ​អាម៉េរិក)។ Forvia គឺជា​អ្នកផ្គត់ផ្គង់​គ្រឿងបន្លាស់​ធំជាងគេ​លំដាប់​ទី 7 លើ​ពិភពលោក​នៅក្នុង​វិស័យ​ផលិត​រថយន្ត និង​មាន​ដៃគូ​សហការ​ចំនួន 80 នៅ​ទូទាំង​សកលលោក។

លោក Patrick Koller យល់ថា ថ្លៃ​ផលិត​រថយន្ត​អគ្គិសនី​របស់ ប្រទេស​ចិន គឺជា​ចំណុច​មានប្រៀប​ដ៏​លេចធ្លោ ធៀប​នឹង​ក្រុមហ៊ុន​នៅ អឺរ៉ុប។ លោក​និយាយថា ប្រទេស​ចិន​កំពុង​ផលិត​រថយន្តល្អៗ ហើយ អឺរ៉ុប នឹង​មិនអាច​បញ្ឈប់​ការនាំ​ចូល។

ឥទ្ធិពល​នៃ​ការប្រកួតប្រជែង​ក្នុងការ​​ចំណាយ​លើ​ការផលិត​របស់ ប្រទេស​ចិន គំរាមកំហែង អឺរ៉ុប ច្រើនជាង សហរដ្ឋ​អាម៉េរិក ដោយសារ​ថា ពន្ធ​មាន​កម្រិត​ខ្ពស់​បាន​រឹតបន្តឹង​លើ​ចំណែក​ទីផ្សារ​រថយន្ត​របស់​ប្រទេស​ចិន នៅ សហរដ្ឋ​អាម៉េរិក នេះ​បើតាម​លោក Patrick។

រថយន្តអគ្គិសនីអឺរ៉ុប

យោងតាម​ការស្រាវជ្រាវ​របស់ JATO Dynamics តម្លៃ​ជា​មធ្យម​របស់​រថយន្ត​អគ្គិសនី​មួយគ្រឿង​នៅ អឺរ៉ុប បាន​កើន​ពី 48,942 អឺរ៉ុប នៅ​ឆ្នាំ 2015 ឡើងដល់ 55,821 អឺរ៉ូ នាបច្ចុប្បន្ន។ និ​ន្ន​នា​ការ​នេះ​ក៏​កើត​មាននៅ​ទីផ្សារ​អាម៉េរិក ដោយមាន​ការប្រែប្រួល​ត​ម្លៃ​ពី 53,038 ដល់ 63,864 អឺរ៉ូ ក្នុងអំឡុងពេល​ដូច្នេះ។ ក៏ប៉ុន្តែ តម្លៃ​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ចិន វិញ គឺ​ផ្ទុយ​ពី អឺរ៉ុប និង សហរដ្ឋ​អាម៉េរិក ដោយនៅ​ទីផ្សារ​ចិន ​តម្លៃ​រថយន្ត​អគ្គិសនី​មួយគ្រឿង​ត្រូវ​ថយចុះ​ពី 66,819 អឺរ៉ូ មក​នៅត្រឹម 31,829 អឺរ៉ូ៕

Advertisement