ចំនួន​មហាសេដ្ឋី​នៅ​ឥណ្ឌា កើន 40 ​នាក់​​បន្ថែមទៀត នៅក្នុង​ឆ្នាំ 2020 បើ​ទោះ​ប្រឈម​នឹង Covid-19

លោក Mukesh Ambani នៅតែជាអ្នកមានជាងគេបង្អស់នៃប្រទេសឥណ្ឌា

បើទោះជា​សេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ថា​នឹង​ដាំ​ក្បាល​ចុះ​នៅក្នុង​ឆ្នាំសារពើពន្ធ​បច្ចុប្បន្ន (បញ្ចប់​នៅក្នុង​ខែមីនា ឆ្នាំ2021) ប៉ុន្តែ ក្លឹប​មហាសេដ្ឋី​របស់​ឥណ្ឌា នៅតែ​កើនឡើង 40 នាក់​បន្ថែម​ទៀង​កាលពី​ឆ្នាំមុន ជួយ​ឱ្យ​តួលេខ​សរុប​នៃ​មហាសេដ្ឋី​នៅ​ឥណ្ឌា កើន​ដល់ 177 នាក់។

សារព័ត៌មាន Business Today ដកស្រង់​របាយការណ៍​របស់ Hurun Global Rich List ដែល​បានប្រកាស​កាលពី​ថ្ងៃទី 2 មីនា 2021 ឱ្យដឹងថា លោក Mukesh Ambani នៅតែ​ជា​អ្នកមាន​ជាងគេ​បង្អស់​នៃ​ប្រទេស​ឥណ្ឌា ដោយមាន​ទ្រព្យ​សុទ្ធ​សរុប 83 ពាន់​លាន​ដុល្លារ​អាមេរិក។

ទ្រព្យ​របស់​មេដឹកនាំ​ក្រុមហ៊ុន Reliance Industries បាន​កើន 24% ក្នុង​ឆ្នាំ 2020 ដែល​នេះ​បាន​ជួយ​ឱ្យ​លោក​ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី 8 ក្នុង​ពិភពលោក។ ចំណែក​លោក Gautam Adani ក៏បាន​ក្លាយជា​អ្នកមាន​ជាងគេ​ទី 2 នៅ​ឥណ្ឌា បន្ទាប់ពី​ទ្រព្យសម្បត្តិ​របស់លោក បាន​កើន​ទ្វេដង ឡើងដល់ 32 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2020 និង​ក្លាយជា​អ្នកមាន​លំដាប់​ទី 48 ក្នុង​ពិភពលោក។ បងប្រុស​របស់ Gautam Adani គឺ​លោក Vinod Adani ក៏បាន​ឃើញ​ទ្រព្យសម្បត្តិ​របស់ខ្លួន​កើនឡើង​ដល់ 9.8 ពាន់​លាន​ដុល្លារ (កើន 128%) ផងដែរ។

លោក Gautam Adani

ប្រការ​ដែល​គួរ​ចាប់អារម្មណ៍ នោះ​គឺថា បញ្ជីរាយនាម​មហាសេដ្ឋី​នៅ​ឥណ្ឌា ត្រូវបាន​អូ​សស​ន្លា​យ​យ៉ាង​វែង​នៅក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​ប្រទេស​អាស៊ី​ខាងត្បូង​នេះ​ត្រូវបាន​គេ​ព្យាករ​ថា នឹង​ដាំ​ក្បាល​ចុះ​ជាង 7% ដោយសារតែ Covid-19។

សារព័ត៌មាន PTI News ដកស្រង់​សម្ដី​របស់លោក Anas Rahman Junaid ដែលជា​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​របស់ Hurun Global Rich List ប្រចាំ​ឥណ្ឌា យល់ថា ទ្រព្យ​នៅ​ឥណ្ឌា​ត្រូវបាន​បង្កើតឡើង​ភាគច្រើន​គឺ​អាស្រ័យ​លើ​វិស័យ​ឧស្សាហកម្ម​ប្រពៃណី ឬ​មាន​លក្ខណ​ជាវ​ដ្ដ ពោលគឺ​មិនមែន​អាស្រ័យ​លើ​បច្ចេកវិទ្យា​ដូច​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នោះឡើយ៕

ប្រភព៖ Business Today
ប្រែ​សម្រួល៖ បុត្រា

Advertisement