រដ្ឋាភិបាល​ក្រិ​ក ចំណាយ​បន្ថែម ៣៧៥ លាន​អឺរ៉ូ សម្រាប់​ជួយ​ជា​ថ្លៃ​សាំង​ដល់​ប្រជា​​ពលរដ្ឋ

កាលពី​ថ្ងៃទី ២១ មិថុនា នាយករដ្ឋមន្ត្រី​ក្រិ​ក Kyriakos Mitsotakis បានឱ្យដឹងថា រដ្ឋាភិបាល​ក្រិ​ក នឹង​បែងចែក​ខ្ទង់​ប្រាក់ ៣៧៥ លាន​អឺរ៉ូ (៣៩៤.៩ លាន​ដុល្លារ​អាម៉េរិក) ដើម្បី​ប៉ះប៉ូវ​ថ្លៃ​សាំង និង​ប្រេងម៉ាស៊ូត ដែល​កំពុង​ឡើងថ្លៃ​ខ្ពស់។

កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ខែកក្កដា សីហា និង​កញ្ញា ដើម្បី​ជួយ​ដល់​អ្នកបើកបរ​ជាង ៣ លាន​នាក់។ កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹងធ្វើ​ឱ្យ​ថវិកា​សរុប​ដែលជា​ជំនួយ​របស់​រដ្ឋ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ ឡើងដល់ ៥៨០ លាន​អឺរ៉ូ នេះ​បើតាម​នាយករដ្ឋមន្ត្រី​ក្រិ​ក លោក Mitsotakis។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា កញ្ចប់​ជំនួយ​ថ្មី Fuel Pass 2 នេះ នឹង​បង្កើន​ជំនួយ​សម្រាប់​ថ្លៃ​សាំង​ពី ៤៥ ឡើងទៅ ៨០ អឺរ៉ូ ចំពោះ​រថយន្ត និង​ពី ៣៥ ឡើងទៅ ៦០ អឺរ៉ូ ចំពោះ​ម៉ូតូ។

នាយករដ្ឋមន្ត្រី​ក្រិ​ក Kyriakos Mitsotakis

ដូច្នេះ តម្លៃ​ប្រេងសាំង​ដែល​ត្រូវបាន​រដ្ឋាភិបាល​ផ្ដល់ជំនួយ​នឹង​ថយចុះ ៤៤សេន/លីត្រ។ រដ្ឋាភិបាល​ក្រិ​ក ក៏​សម្រេចចិត្ត​បញ្ចេញ​ខ្ទង់​ប្រាក់​ជំនួយ​សម្រាប់​ការប្រើប្រាស់​ប្រេងម៉ាស៊ូត ដើម្បី​រក្សា​តម្លៃ​ឱ្យនៅ​ក្រោម ២ អឺរ៉ូ/លីត្រ ដោយ​ផ្ដល់ជំនួយ ១២ សេន/លីត្រ។

រដ្ឋាភិបាល​ក្រិ​ក បាន​ណែនាំ​កម្មវិធី Fuel Pass កាលពី​ចុងខែ​មេសា អនុញ្ញាតឱ្យ​អ្នកបើកបរ​ដែល​គ្រួសារ​មាន​ចំណូល​ក្រោម ៣០,០០០ អឺរ៉ូ/ឆ្នាំ អាច​ទិញ​សាំង​ដែលមាន​ជំនួយ​ពី​រដ្ឋាភិបាល​ចំនួន ៦០ លីត្រ ជា​រៀងរាល់ខែ ជាមួយនឹង​ខ្ទង់​ប្រាក់​ជំនួយ ២២ សេន/លីត្រ។

ក្រសួង​អភិវឌ្ឍ និង​វិនិយោគ​របស់ ក្រិ​ក បានឱ្យដឹងថា សាំង ១ លីត្រ មានតម្លៃ​ជា​មធ្យម ២.៤២ អឺរ៉ូ និង​ប្រេងម៉ាស៊ូត មានតម្លៃ ២.១១ អឺរ៉ូ កាលពី​ថ្ងៃទី ២០ មិថុនា។ គិត​មកដល់​បច្ចុប្បន្ន តម្លៃ​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ប្រេងម៉ាស៊ីន បាន​កើនឡើង ៣៦.៦% ធៀប​នឹង​ឆ្នាំ ២០២១៕

Advertisement