ស្ថាបនិក​របស់ Bitcoin ​កំពុង​កាន់កាប់ 1លាន Bitcoin តម្លៃ​រាប់ម៉ឺន​លាន​ដុល្លារ​អាមេរិក

ក្នុង​រយៈពេល​ជាង 10 ឆ្នាំ រាប់​ចាប់ពី Bitcoin បានបង្ហាញ​ខ្លួន​លើកដំបូង អត្តសញ្ញាណ​របស់​ស្ថាបនិក​នៅ​ពីក្រោយ​រូបិយវត្ថុ​អេឡិចត្រូនិក​នេះ នៅតែ​ជា​អាថ៌កំបាំង​សម្រាប់​ពិភពលោក​ទាំងមូល។

ឆ្នាំ 2007 សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ដោយ​មូលហេតុ​ដំបូង​គឺ​ការដួលរលំ​របស់ Lehman Brothers ដែលជា​ធនាគារ​ធំជាងគេ​លំដាប់​ទី​បួន​នៅ​សហរដ្ឋអាមេរិក​កាលពី​ជំនាន់​នោះ។ បន្ទាប់មក​គឺជា​ការដាំ​ក្បាល​ចុះ​របស់​ផ្សា​រមូល​ប​ត្រ និង​ធនាគារ​ជាច្រើន រួម​នឹង​បណ្ដា​ក្រុមហ៊ុនធំៗ ត្រូវ​ក្ស័យធន​ជា​បន្តបន្ទាប់។ នៅក្នុង​អំឡុង​ពេលនោះ ឈ្មោះ Bitcoin-Satoshi Nakamoto បានបង្ហាញ​ខ្លួន​ជា​លើកដំបូង។

នៅក្នុង​ខែតុលា ឆ្នាំ 2007 ជា​លើកដំបូង Bitcoin ត្រូវបាន​រំលឹក​ដល់​នៅក្នុង​អត្ថបទ​មួយ​និយាយ​អំពី​របៀប​ទូទាត់​របស់​បុគ្គល​ម្នាក់ មាន​ឈ្មោះថា Satoshi Nakamoto។

យោងតាម​ឯកសារ P2P Foundation បុគ្គល​ឈ្មោះ Satoshi Nakamoto បាន​ហៅ​ខ្លួនឯង​ថា​ជា​បុរស​ម្នាក់​មកពី​ប្រទេស​ជប៉ុន កើត​ឆ្នាំ 1975។ ប៉ុន្តែ មានមតិ​ជាច្រើន​និយាយថា បុរស់​នេះ​មិនមែន​មកពី​ប្រទេស​ជប៉ុន​នោះទេ។

មូលហេតុ​ដែលថា​បុរស​នេះ​មិនមែនជា​មនុស្ស​មកពី​ជប៉ុន នោះ​គឺ ទីមួយ អត្ថបទ​សាធារណៈ​របស់ Satoshi សរសេរ​ជា​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ​ដូច​ទៅនឹង​ជនជាតិ​អង់គ្លេសពិត។ ទី​ពីរ ពេលវេលា​ឈប់សម្រាករ​បស់​បុរស​នេះ​ក៏​ផ្ទុយ​ពី​ល្វែង​ម៉ោង​របស់​មនុស្ស​ម្នាក់​ដែល​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន។

ហេតុអ្វី​បានជា Satoshi Nakamoto មិន​បង្ហាញ​អត្តសញ្ញាណ​ពិត​របស់ខ្លួន? មាន​សម្មតិកម្ម​ជាច្រើន​ត្រូវបាន​លើកឡើង ក្នុងនោះ​មាន​មូលហេតុ​ដូចជា «ដើម្បី​ចៀសវាង​ការតាមដាន​របស់​រដ្ឋា​ភិ​បាល​នានា» «ដើម្បី​លើកកម្ពស់​ភាពអាថ៌កំបាំង​របស់​ប្រព័ន្ធ​ជួញដូរ» ឬ «ដើម្បី​ចៀសវាង​ការធ្លាក់​ថ្លៃ​របស់​ប្រាក់ Bitcoin»។ល។

ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Coinbase សង្កត់ធ្ងន់ថា៖ «បើសិនជា​អត្តសញ្ញាណ​របស់​បុគ្គ​លិ​អាថ៌កំបាំង​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង នោះ​តម្លៃ​របស់ Bitcoin អាច​ដាំ​ក្បាល​ចុះ»។

ឯកសារ​របស់ Coinbase ក៏បាន​ឱ្យដឹងថា Satoshi Nakamoto បច្ចុប្បន្ន កាន់កាប់ Bitcoin ជាង 1 លាន​ឯណោះ។ បើ​គណនា​ទៅតាម​តម្លៃ 50,000 ដុល្លារ​អាមេរិក/Bitcoin កាលពី​ខែកុម្ភៈ ដូច្នេះ Bitcoin ចំនួន​ជាង 1 លាន​នេះ មានតម្លៃ​ស្មើនឹង​ជាង 5 ម៉ឺន​លាន (50,000,000,000)  ដុល្លារ​អាមេរិក៕

ប្រភព៖ BI, Republicworld
ប្រែសម្រួល​៖ បុត្រា

Advertisement