កម្ពុជា នឹង​ទទួល​បាន​ប្រាក់​កម្ចី 50 លានដុល្លារពី​ ADB ដើម្បី​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ

អគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់​ប្រាក់កម្ចីចំនួន 50 លានដុល្លារអាម៉េរិក ដើម្បី​រួម​ចំណែក​ជួយ​កម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)។ នេះ​បើ​តាម​ប្រកាស​កាល​ពី​ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 របស់ ADB។

«កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍ ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា» នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Jyotsana Varma ថ្លែងដូច្នេះ។ លោក​ស្រី​បន្ត​ថា វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។

ADB ដែល​ជាដៃគូគាំទ្រកំណែទម្រង់ PFM (Public Financial Management) របស់កម្ពុជា តាំងពីឆ្នាំ 2008 បានជួយគាំទ្រ​ដល់​គម្រោង​វិនិយោគ​សាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិ ក៏ដូច​ជាធានានូវការបែងចែកថវិកាដែលទាក់​ទង​នឹង​ការកសាងភាពធន់នឹងផលប៉ះពាល់ដែល​កើត​ឡើង​ពី​បញ្ហា​ប្រែប្រួលអាកាសធាតុ​ផងដែរ​៕

Advertisement