អតីត​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ រកបាន​ប្រាក់​រាប់រយ​លាន​ដុល្លារ ក្រោយ​ចាក​ចេញពី សេត​វិមាន

មហា​សេដ្ឋី​ ដូណាល់​ ត្រាំ អតីត​ប្រធានាធិបតី​អាម៉េរិក

អតីត​ប្រធានាធិបតី​របស់ សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បច្ចុប្បន្ន​មានមុខ​ជំនួញ​ថ្មី​មួយទៀត នោះ​គឺ​ជំនួញ​ផ្នែក​បច្ចេកវិទ្យា ហើយ​នេះ​ប្រហែលជា​រឿង​ចម្លែក​សម្រាប់​មហាសេដ្ឋី​វ័យ ៧៥ ឆ្នាំ ជា​មនុស្ស​ដែល​ធ្លាប់​មិន​ប្រើប្រាស់​សូម្បីតែ​អ៊ីម៉េល ព្រោះ​ចូលចិត្ត​សរសេរ​ដោយ​ប្រើ​ប៊ិក និង​ក្រដាស។

លោក ត្រាំ ជា​មនុស្ស​ដែល​មិន​ខ្លាច​នឹងចូលរួម​ក្នុង​គម្រោង​ដែល​គាត់​មានបទពិសោធន៍​តិចតួច​នាពេល​កន្លង ហើយ​ប្រការនេះ​ទំនងជា​បាន​នាំឱ្យ​លោក​រកប្រាក់​បាន​ច្រើនជាង​កាលពីពេល​នៅឯ សេត​វិមាន។

យោងតាម​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក ឆ្នាំ ២០២២ ដែល​ទើប​ត្រូវបាន​ទស្សនាវដ្ដី Forbes ប្រកាស​នាពេលថ្មីៗនេះ លោក ដូ​ណា​ល់ ត្រាំ មានទ្រព្យ​ចំនួន ៣ ពាន់​លាន​ដុល្លារ កើនឡើង​បន្តិច ធៀប​នឹង ២.៤ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២១។ បច្ចុប្បន្ន លោក ត្រាំ ជា​មហាសេដ្ឋី​លំដាប់​ទី ១,០១២ ក្នុង​ពិភពលោក លោត​ឡើង​បាន ២៨៧ ថ្នាក់ ធៀប​នឹង​ឆ្នាំ​កន្លង។

បន្ទាប់ពី​ត្រូវបាន Twitter ហាម​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ អតីត​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ ប្រកាស​បង្កើត​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា Truth Social តាមរយៈ​ក្រុមហ៊ុន Trump Media and Technology Group។ កាលពី​ខែកុម្ភៈ បណ្ដាញ​សង្គម​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ និង​មាន​អ្នក​ទាញយក​មកប្រើប្រាស់​ចំនួន​ជាង ១ លាន​លើក។ បច្ចុប្បន្ន លោក ត្រាំ មាន​អ្នកតាមដាន​ជាង ៨៣៥,០០០ នាក់ នៅលើ Truth Social ដែល​តួលេខ​នេះ​មិនទាន់​ស្មើនឹង ១% នៃ​ចំនួន​អ្នកតាមដាន​លោក​នៅលើ Twitter កាលពីពេល​កន្លង។

លោក ត្រាំ ក៏​ទើបតែ​បាន​បង្ហោះ​សារ​មួយ​នៅលើ Truth Social ៖ «ចូរ​ត្រៀមខ្លួន​ឱ្យ​រួចរាល់។ ប្រធានាធិបតី​ដែល​អ្នក​ចូលចិត្ត​នឹង​ជួប​អ្នក​គ្រប់គ្នា​ឡើងវិញ​មិន​ខាន»។ ក៏ប៉ុន្តែ Forbes ឱ្យដឹងថា គ្រាន់តែ Truth Social ប៉ុណ្ណោះ ក៏បាន​ជួយ​ឱ្យ​លោក ត្រាំ រកបាន​ប្រាក់ ៤៣០ លាន​ដុល្លារ​ថែមទៀត​ក្នុង​ឆ្នាំ ២០២១។

ទន្ទឹមនឹងនេះ គម្រោង​ច្របាច់​បញ្ចូល​គ្នា​រវាង Trump Media និង SPAC (ក្រុមហ៊ុន​ដែល​ត្រូវបាន​ទិញ​ក្នុង​បំណង​ពិសេស» មួយទៀត បាន​ជួយ​ឱ្យ​ភាគហ៊ុន​របស់ SPAC នេះ កើន​ពី ១០ ដុល្លារ ឡើងដល់​ជាង ៥០ ដុល្លារ/ហ៊ុន។ យោងតាម​ឯកសារ​សាធារណៈ Forbes យល់ថា បច្ចុប្បន្ន លោក ត្រាំ កាន់កាប់​ភាគហ៊ុន​យ៉ាងតិច ៥០% នៅក្នុង​ក្រុមហ៊ុន​ខាងលើ។

គណៈកម្មការ​មូល​ប​ត្រ និង​ជួញដូរ​អាម៉េរិក រួម​នឹង​អាជ្ញាធរ​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ (FINRA) សុទ្ធតែ​កំពុង​ពិនិត្យមើល​សំណើរ​នៃ​ការច្របាច់បញ្ចូលគ្នា​នេះ៕

Advertisement