Elon Musk ព្យាករ​ថា ពលរដ្ឋ​ដែល​រស់​នៅលើ​ពិភព​ព្រះ​អង្គារ នឹង​ទូទាត់​ដោយ​ប្រើ​ប្រាក់​ឌីជីថល

នេះ​ប្រហែលជា​មូលហេតុ​ដែលនាំឱ្យ​មហាសេដ្ឋី Elon Musk យកចិត្តទុកដាក់​ទៅលើ​រូបិយវត្ថុ bitcoin នាពេលថ្មីៗនេះ។

មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ដែលជា CEO របស់​ក្រុមហ៊ុន​អវកាស SpaceX កំពុង​តែមាន​គម្រោង​នាំ​មនុស្ស​ឡើងទៅ​កាន់​ភព​ព្រះ​អង្គារ​ចាប់ពី​ឆ្នាំ 2024 ជាមួយនឹង​គោលដៅ​បង្កើត «ទីក្រុង​ស្វ័យគ្រប់គ្រង​មួយ​នៅលើ​ភព​ព្រះ​អង្គារ»។ ដើម្បី​មាន​ទីក្រុង​បែបនេះ វា​ត្រូវតែ​គ្រប់គ្រង​ដំណើរការ​សេដ្ឋកិច្ច​ដោយឡែក​របស់​ខ្លួន ហើយ​បើតាម​លោក Musk ទីក្រុង​នេះ​នឹង​ទូទាត់​ថ្លៃទំនិញ​ជាដើម ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​ស្រមោល ដែល​គេ​ហៅថា ប្រាក់​ឌីជីថល។

ឆ្លើយតប​នឹង​ការ​បង្ហោះ​សារ​នៅលើ Twitter របស់​អ្នកស្រាវជ្រាវ AI លោក Lex Fridman លោក Musk ក៏បាន​យល់ស្រប​នឹង​គំនិត​ដែលថា «ខឿនសេដ្ឋកិច្ច​លើ​ពិភព​ព្រះ​អង្គារ​នឹងត្រូវ​ដំណើរការ​ដោយយោង​ទៅលើ​ប្រាក់​ឌីជីថល»។ មហាសេដ្ឋី Elon Musk ថែមទាំង​បាន​បង្ហើប​ឱ្យដឹងថា រូបិយវត្ថុ​នោះ​អាចជា​ប្រាក់ Dogecoin ឬ​ប្រភេទ​ប្រាក់​ឌីជីថល​ថ្មី​មួយ​ដែលមាន​ឈ្មោះថា Marcoin។

គម្រោង Marcoin ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2014 និង​ទទួលបាន​ស្គាល់​កំណើន​រយៈពេល​ខ្លី​ក្នុងដំណាក់កាល​ទើប​ចាប់ផ្ដើម​នៃ​រូបិយវត្ថុ​ស្រមោល​កាលពី​ឆ្នាំ 2017 ប៉ុន្តែ ចាប់ពីពេលនោះ​មក វា​ហាក់ដូចជា​បាន​បាត់​ខ្លួន​ពី​ទីផ្សារ​ទៅហើយ។ ទំព័រ CoinMarketCap ឱ្យដឹងថា ប្រាក់​ឌីជីថល​នេះ បច្ចុប្បន្ន​មានតម្លៃ​ទីផ្សារ​មិន​ដល់ 100,000 ដុល្លារ​អាមេរិក។

Dogecoin ទំនងជា​បេក្ខភាព​សមស្រប​ជាង នៅពេល​វា​មានឈ្មោះ​ល្បី​គួរសម បើ​ធៀប​នឹង Marcoin និង​មាន​លក្ខណ​ស្រដៀង​ទៅនឹង bitcoin។

កាលពី​សប្ដាហ៍​មុន តម្លៃ​របស់​ប្រាក់ Dogecoin នេះ បាន​កើនឡើង 1/3 បន្ថែមទៀត បន្ទាប់ពី​លោក Musk បាន​ប្ដូរ story របស់ខ្លួន​នៅលើ Twitter ទៅជា «អតីត CEO របស់ Dogecoin» និង​បង្ហោះ​សារ៖ «One word: Doge»។

កាលពី​សប្ដាហ៍​មុន តម្លៃ​របស់​ប្រាក់ Dogecoin នេះ បាន​កើនឡើង 1/3 បន្ថែមទៀត បន្ទាប់ពី​លោក Musk បាន​ប្ដូរ story របស់ខ្លួន​នៅលើ Twitter ទៅជា «អតីត CEO របស់ Dogecoin» និង​បង្ហោះ​សារ៖ «One word: Doge»។

កាលពី​ច្រើន​ខែ​មុន លោក Musk ធ្លាប់បាន​ណែនាំ​ឱ្យ​តារា​សម្ដែង Maisie Williams ថា មិនគួរ​វិនិយោគ​ទៅលើ bitcoin ហើយ​ថែមទាំង​ប្រាប់ថា វា​ជា​ប្រាក់​បី​សាច។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃមុន​នេះ លោក Musk បែរជា​ងាក​មក​សួរ​លោក Micheal Saylor ដែលជា​បុគ្គល​ល្បីឈ្មោះ​ក្នុង​វិស័យ​ប្រាក់​ឌីជីថល អំពី​សក្ដានុពល​សម្រាប់​ការទូទាត់​ដោយ​ប្រើ​រូបិយវត្ថុ bitcoin ទៅវិញ។

មិន​ត្រឹមតែ​នៅក្នុង​វិស័យសេដ្ឋកិច្ច​នៅលើ​ផែនដី​នោះទេ មុននេះ លោក Musk ក៏​ធ្លាប់បាន​ធ្វើឱ្យ​មានការ​រឿងចម្រូងចម្រាស​ផងដែរ នៅពេល​លោក​ប្រកាសថា ច្បាប់​អន្តរជាតិ​នឹងមិន​ត្រូវបាន​អនុវត្ត​នៅលើ​ឋាន​ព្រះ​អង្គារ។ ជំនួស​មកវិញ វា​នឹង​ជា​ប្រព័ន្ធ «បទបញ្ជា​ស្វ័យគ្រប់គ្រង»។

យោងតាម​ប្រការ​ដែល​បានចែង​នៅក្នុង​លក្ខខណ្ឌ​នៃ​ការផ្ដល់សេវា​សម្រាប់​គម្រោង​អ៊ី​ន​ធើ​ណិ​ត​ពី​ផ្កាយរណប Starlink របស់ SpaceX រាល់​ពលរដ្ឋ​ដែល​នឹង​រស់​នៅលើ​ឋាន​ព្រះ​អង្គារ ក៏​នឹង «ទទួលស្គាល់ថា ពិភព​ព្រះ​អង្គារ​គឺជា​ភព​សេរី» ហើយ​ថា «មិនមាន​រដ្ឋាភិបាល​ណាមួយ​នៅលើ​ផែនដី មានអំណាច ឬ​សកម្ម​សិទ្ធិ​លើ​សកម្មភាព​នៅលើ​ពិភព​ព្រះ​អង្គារ» នោះឡើយ៕

Advertisement