ប្រទេស​ថៃ គ្រប់គ្រង​ទីផ្សារ IPO នៅ​អាស៊ីអាគ្នេយ៍ ក្នុង​ឆ្នាំ 2020

ប្រទេស​ថៃ គ្រប់គ្រង​ទីផ្សារ IPO នៅ​អាស៊ីអាគ្នេយ៍ ក្នុង​ឆ្នាំ 2020

ប្រទេស​ថៃ បច្ចុប្បន្ន កំពុង​កាន់កាប់​ទីផ្សារ​បោះផ្សាយ​មូល​ប​ត្រ​លើកដំបូង (IPO) នៅ​អាស៊ីអាគ្នេយ៍ នៅពេលដែល​ប្រទេស​នេះ​គ្រប់គ្រង​ទុន​សរុប​ឡើងដល់ 60% ក្នុងចំណោម​ទុន​ដែល​ផ្សារ​ហ៊ុន​នានា​ប្រមូលបាន​ពី​តំបន់​នេះ។

ព័ត៌មាន​ខាងលើ​ត្រូវបាន Deloitte ដែលជា​ក្រុមហ៊ុន​សវនកម្ម​និង​គណនី​ដ៏​ធំ​មួយ លើកឡើង បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ​ទៅលើ​ទិន្នាការ IPO (Initial Public Offering/ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ដំបូង​នៅ​ផ្សារ​ហ៊ុន) នៅក្នុង​ទីផ្សារ​មូល​ប​ត្រធំៗចំនួន 6 នៅ​អាស៊ីអាគ្នេយ៍ ដែល​រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម។

គិត​ត្រឹម​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ 2020 ប្រទេស​ថៃ​មាន​ព្រឹត្តិការណ៍ IPO ចំនួន 23 លើក។ ទឹកប្រាក់​ដែល​ប្រមូលបាន​ដោយ​ការធ្វើ IPO នានា​ក្នុងឆ្នាំនេះ មាន​ចំនួន 3.94 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ឆ្នាំមុន។ ការឈាន​មុខ​គេ​ផ្នែក IPO នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ បាន​កើតឡើង​នៅក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​ប្រទេស​ថៃ ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ពី​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ Covid-19។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ថា សេដ្ឋកិច្ច​ប្រទេស​ថៃ​អាច​ថយចុះ 7.1% ក្នុង​ឆ្នាំ 2020 ដែល​វា​គឺជា​កម្រិត​អាក្រក់​ជាងគេ​បង្អស់​លំដាប់​ទី​ពីរ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ប្រទេស​ហ្វីលីពីន៕

ប្រភព៖ CNBC

Advertisement