មហាសេដ្ឋី​បច្ចេកវិទ្យា​ដប់​រូប​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នៅ​ប្រទេស​ចិន

Zhang Yiming អាយុ 40 ឆ្នាំ ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ByteDance

មហាសេដ្ឋី​បច្ចេកវិទ្យា​ជាច្រើន​នាក់​របស់​ប្រទេស​ចិន ទទួលបាន​ជោគជ័យ​ដោយសារ​ពាណិជ្ជកម្ម​អន​ឡាញ និង​បណ្ដាញ​សង្គម ក្នុងនោះ អគ្គនាយក​ប្រតិ​ប​ត្ត​របស់ ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់​បណ្ដាញ​សង្គម TikTok ជាប់​ចំណាត់ថ្នាក់​លេខ​មួយ។

បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​បច្ចេកវិទ្យា​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នៅ​ប្រទេស​ចិន​ត្រូវបាន​បង្កើតឡើង​ដោយយោង​ទៅតាម​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី 2023 របស់​ទំព័រ Bloomberg គិត​ត្រឹម​ថ្ងៃទី 16 មេសា 2023។

ទី 01 ៖ Zhang Yiming (42.3 ពាន់​លាន​ដុល្លារ​អាម៉េរិក)

Zhang Yiming អាយុ 40 ឆ្នាំ ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ByteDance រកស៊ី​មានបាន​ក៏​ដោយសារ​ជោគជ័យ​រប​ស់​បណ្ដាញ​សង្គម។ ទ្រព្យសម្បត្តិ​របស់ Yiming ភាគច្រើន​គឺ​ផ្សារភ្ជាប់​ទៅនឹង​ភាគហ៊ុន​នៅ ByteDance។ ក្រុមហ៊ុនមេ​របស់ TikTok នេះ ​ត្រូវ​បានកំណត់​តម្លៃ 220 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​រកបាន​ប្រាក់ចំណូល 80 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2022។

ទន្ទឹមនឹង TikTok ក្រុមហ៊ុន ByteDance ក៏មាន FlipChat ដែលជា​គូប្រជែង​របស់ WeChat, កម្មវិធី​ផ្ញើ​សារ Duoshan និង Douyin និង​កំណែ TikTok សម្រាប់តែ​ទីផ្សារ​ប្រទេស​ចិន​ផងដែរ។

ទី 02 ៖ Ma Huateng (40.3 ពាន់​លាន​ដុល្លារ)

Ma Huateng

Ma Huateng (Poney Ma) អាយុ 51 ឆ្នាំ ជា​សហ​ស្ថាបនិក និង​ជា CEO របស់ Tencent ដែល​នៅ​ពីក្រោយ​កម្មវិធី​ផ្ញើ​សារ​ WeChat ដែល​មាន​អ្នកប្រើប្រាស់​ប្រចាំខែ​ជាង 1.3 ពាន់​លាន​នាក់។

បច្ចុប្បន្ន Tencent មាន​មូលធន​ទីផ្សារ​ប្រហែល 439 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​មាន​ភាគហ៊ុន 30% នៅក្នុង​ធនាគារ WeBank និង​ក្រុម​ហ៊ុន​អភិវឌ្ឍ​ហ្គេម​ជាច្រើន​ផ្សេងទៀត។

ទី 03 ៖ Jack Ma (34 ពាន់​លាន​ដុល្លារ​អាម៉េរិក)

លោក Jack Ma

លោក Jack Ma អាយុ 58 ឆ្នាំ គឺជា​សហ​ស្ថាបនិក និង​ជា​អតីត CEO របស់ Alibaba ដែលជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន​ឡាញ​ខ្នាត​យក្ស​នៅ​ប្រទេស​ចិន។ Alibaba បច្ចុប្បន្ន​មាន​មូលធន​ទីផ្សារ​ប្រហែល 245 ពាន់​លាន​ដុល្លារ។ Jack Ma ក៏មាន​ភាគហ៊ុន​នៅក្នុង Ant Group, Beijing Enlight Media និង Hyayi Brothers ជាដើម។ល។

ក្រៅពីនេះ ក្នុង​បញ្ជី Top 10 ស្ដី​ពី​​មហាសេដ្ឋី​បច្ចេកវិទ្យា​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នៅ​ប្រទេស​ចិន ក៏មាន ៖

ទី 04 ៖ William Ding អាយុ 51 ឆ្នាំ ជា​ស្ថាបនិក និង​ជា CEO របស់ NetEase មានទ្រព្យ 27.9 ពាន់​លាន​ដុល្លារ​អាម៉េរិក។

ទី 05 ៖ Colin Huang អាយុ 43 ឆ្នាំ ជា​ស្ថាបនិក និង​ជា​អតីត CEO របស់ PDD Holdings ដែលជា​ក្រុមហ៊ុនមេ​របស់ Pinduoduo និង​មានទ្រព្យ 24.2 ពាន់​លាន​ដុល្លារ​អាម៉េរិក។

ទី 06 ៖ Zhang Zhidong អាយុ 51 ឆ្នាំ ជា​សហ​ស្ថាបនិក​របស់ Tencent និង​មានទ្រព្យ 16.3 ពាន់​លាន​ដុល្លារ​អាម៉េរិក។

ទី 07 ៖ Lei Jun អាយុ 53 ឆ្នាំ ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Xiaomi ​មានទ្រព្យ 11.7 លាន​ដុល្លារ​អាម៉េរិក។

ទី 08 ៖ Gong Hongjia អាយុ 58 ឆ្នាំ ជា​សហ​ស្ថាបនិក​របស់ Hangzhou Hikvision Digital Technology និង​មានទ្រព្យ 11.6 ពាន់​លាន​ដុល្លារ​អាម៉េរិក។

ទី 09 ៖ Robain Li អាយុ 54 ឆ្នាំ ដែល​ជា​សហ​ស្ថាបនិក និង CEO របស់ Baidu មានទ្រព្យ 9.76 ពាន់​លាន​ដុល្លារ​អាម៉េរិក។

ទី 10 ៖ Richard Liu (Liu Qiangdong) អាយុ 50 ឆ្នាំ ជា​ស្ថាបនិក​របស់ JD.com និង​មានទ្រព្យ 9.5 ពាន់​លាន​ដុល្លារ​អាម៉េរិក។

Advertisement