«ដៃស្ដាំ» របស់​មហាសេដ្ឋី​លេខ​ ១ របស់​ពិភពលោក​ Elon Musk គឺជា​អ្នកណា?

ក្នុង​រយៈពេល ៦ ឆ្នាំ​កន្លង «ដៃស្ដាំ» របស់លោក Elon Musk ទទួល​ភារកិច្ច​ដោះស្រាយ​បញ្ហា​ទ្រព្យសម្បត្តិ និង «សកម្មភាព​នានា​ដែល​កើតឡើង​ដោយ​អារម្មណ៍​រំជើបរំជួលភ្លាម» របស់​មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk។

លោក Jared Birchall អាយុ ៤៧ ឆ្នាំ ត្រូវបាន​វាយតម្លៃថា ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​សំខាន់បំផុត​ដែល​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ Elon Musk និង​បណ្ដាញ​ទំនាក់ទំនង​របស់​មហា​សេដ្ឋី​រូបនេះ។ លោក Birchall ត្រូវបាន​ចាត់ទុក​ដូចជា​អ្នកគ្រប់គ្រង​គ្រួសារ​របស់លោក Musk ព្រោះ​លោក​កាន់កាប់​ក្រុមហ៊ុន​គ្រួសារ Excession របស់ Musk ដែលជា​កន្លែង​ដោះស្រាយ​បញ្ហា​គ្រប់យ៉ាង ចាប់ពី ការរៀបចំ​ខ្ទង់​ប្រាក់កម្ចី ជួល​អង្គរក្ស ទិញ​លក់​ផ្ទះ រហូតដល់​គំនិត «ឡប់» និង​បង្ក​ចម្រូងចម្រាស​ជា​ញឹកញាប់​របស់​ម្ចាស់ SpaceX។

បុគ្គល​សំខាន់​ក្នុងការ​ទិញដូរ Twitter

ដោយសារតែ​ជា​បុគ្គល​ដែលមាន​ការងារ​ត្រូវ​ដោះស្រាយ​នៅ​ខាងក្រោយ ទើប​លោក Birchall មិនត្រូវ​បាន​គេ​ស្គាល់​ច្រើន។ ប៉ុន្តែ ថ្មីៗនេះ តួនាទី​របស់លោក Birchall ត្រូវគេ​ដឹង​តាមរយៈ​ករណី​ទិញដូរ​បណ្ដាញ​សង្គម Twitter ដោយសារតែ អ្នក «បង្វិលប្រាក់» ក្នុងការ​ទិញដូរ​ដែល​មានតម្លៃ ៤៤ ពាន់​លាន​ដុល្លារ​នេះ​គឺជា​រូបលោក។

ប្រភពព័ត៌មាន​របស់ Bloomberg ឱ្យដឹងថា Birchall គឺជា​ផ្នែក​មួយ​នៃ​រង្វង់​ត​ភ្ជាប់​រវាង Musk ជាមួយនឹង Wall Street នៅក្នុង​ការរៀបចំ​ខ្ទង់​កម្ចី​នានា។ បើទោះជា​ខ្វះ​បទពិសោធន៍​ក្នុងការ​ទិញដូរ​ដែលមាន​តម្លៃ​ពាន់​លាន​ដុល្លារ ប៉ុន្តែ Birchall គឺជា​បុគ្គល​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ធនាគារ តាមរយៈ​ក្រុមហ៊ុន​ចាស់ Morgan Stanley ដើម្បី​ជំរុញ​ការខ្ចីប្រាក់ ឬ​វិនិយោគ។

ថ្ងៃទី ៥ ឧសភា Musk បាន​បង្ហើប​ឱ្យដឹង​អំពី​ក្រុម​អ្នកវិនិយោគ​ដែល​កំពុង​បោះទុន​ជាង ៧ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ការទិញ Twitter។ អ្នកវិនិយោគ​ទាំងនេះ​រួមមាន មហាសេដ្ឋី Larry Ellison ម្ចាស់​ក្រុមហ៊ុន Oracle, ក្រុមហ៊ុន Sequoia Capital និង ផ្សារ​ជួញដូរ​រូបិយវត្ថុ​ឌីជីថល Binance ជាដើម។ ប្រភពព័ត៌មាន​ពី Binance ឱ្យដឹងថា Birchall គឺជា​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​បាន​ទាក់ទង​មកកាន់​ក្រុមហ៊ុន​នេះ។ Birchall បាន​ប្រឹងប្រែង​ទាក់ទង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដើម្បី​ជួយ​ជំរុញ​ការងារ​ទាំងនេះ។

ជីវភាព​សុខសាន្ត

Birchall មាន​រូបរាង​ខាងក្រៅ​មិនជា​ពិសេស​ប៉ុន្មាន ដូច្នេះ អតីត​មិត្ត​រួមការ​ងារ​នៅ Goldman Sachs និង Merrill Lynch ហាក់​មិនបាន​ចងចាំ​រូបលោក​ឡើយ។

Birchall ចាប់ផ្ដើម​ការងារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ Goldman Sachs ឆ្នាំ ១៩៩៩ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅ Brigham Young។ ឆ្នាំ ២០០០ លោក​ប្ដូរ​ទៅកាន់ Merrill Lynch នៅ Los Angeles ប៉ុន្តែ​ក្រោយមក​ក៏ត្រូវ​បញ្ឈប់​ពី​ការងារ​ដោយសារតែ​ផ្ញើ​សំបុត្រ​ឱ្យ​អតិថិជន​ដោយ​មិនមាន​ការយល់ព្រម​រប​ស់​គណៈ​គ្រប់គ្រង។

ឆ្នាំ ២០១០ Birchall ធ្វើ​ការឱ្យ Morgan Stanley។ មនុស្ស​មួយចំនួន​ប្រាប់ថា Birchall មិនមែនជា​បុគ្គលិក​ឆ្នើម ប៉ុន្តែ ពូកែ​ខាង​គ្រប់គ្រង​ទ្រព្យសម្បត្តិ ពិសេស​គឺ​ទ្រព្យ​របស់​អ្នកមាន។

ក្រោយមក មហាសេដ្ឋី Elon Musk ក៏បាន​ហៅ​ទូរស័ព្ទ​ទៅកាន់ Birchall។

ឆ្នាំ ២០១៦ Birchall បាន​ចាក​ចេញពី Morgan Stanley ដើម្បី​មកជួយ Tesla បង្កើត​ក្រុមហ៊ុន Excession ហើយ​ធ្វើ​ការឱ្យ Elon Musk រហូតដល់​បច្ចុប្បន្ន៕

Advertisement