ចំនួន​សេដ្ឋី​អាម៉េរិក កើន ១០% បើ​ទោះ​ស្ថិតក្នុង​សម័យ​កូ​វីដ-១៩

ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ បាន​ជះឥទ្ធិពល​អាក្រក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អាម៉េរិក ប៉ុន្តែ ប្រការ​ដែល​គួរឱ្យភ្ញាក់ផ្អើល​គឺថា កាលពី​ឆ្នាំ​កន្លង អាម៉េរិក បែរ​ជាមាន​មនុស្ស ១ លាន​នាក់ បាន​ក្លាយជា​សេដ្ឋី។

យោងតាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ Spectrem Group ដែល​បានប្រកាស​កាលពី​ថ្ងៃទី ១៧ មីនា តួលេខ​ជនជាតិ​អាម៉េរិក ដែលមាន​ទ្រព្យ​អាច​វិនិយោគ​ចាប់ពី ១ លាន​ដុល្លារ​ឡើងទៅ បាន​កើនឡើង​ជាង ១០% ពោលគឺ​ពី ១៣.៣ លាន​នាក់​កាលពី​ឆ្នាំ ២០២០ ឡើងដល់ ១៤.៦ លាន​នាក់ កាលពី​ឆ្នាំ ២០២១។

Spectrem Group ឱ្យដឹងថា ចំនួន​ប្រជាជន​អាម៉េរិក ដែលមាន​ប្រាក់ចំណូល​ពី ២៥ លាន​ដុល្លារ​ឡើងទៅ កើន ១៨% ពោលគឺ​ពី ២១៤,០០០ នាក់ កាលពី​ឆ្នាំ ២០២០ ឡើងដល់ ២៥២,០០០ នាក់ ក្នុង​ឆ្នាំ ២០២។ ចំណែក ចំនួន​មនុស្ស​ដែលមាន​ចំណូល​ពី ១០០,០០០ ដុល្លារ ដល់ ១ លាន​ដុល្លារ គឺ​កើនឡើង​តែ ២% ប៉ុណ្ណោះ។

ក្រុមហ៊ុន​ខាងលើ​ក៏បាន​បញ្ជាក់ថា ទីផ្សារ​មូល​ប​ត្រ​គឺជា​កត្តា​សំខាន់​ដែល​បង្កើត​ទ្រព្យ​បាន​ច្រើនជាងគេបង្អស់​សម្រាប់​ក្រុម​អ្នកមាន​ក្នុង​ឆ្នាំ​កន្លង។ បើទោះជា​ប្រឈម​នឹង កូ​វីដ-១៩ សេដ្ឋកិច្ច​អាម៉េរិក បានចាប់ផ្ដើម​ឈានដល់​ដំណាក់កាល​ងើបឡើង​វិញ ក្រោយពី​បាន​រង​ឥទ្ធិពល​ពី​វិបត្តិ​សុខភាព​នេះ។

Advertisement