បន្ទាប់ពីក្ស័យធន Thai Airways ប្រកាសលក់យន្តហោះ 34គ្រឿង

បន្ទាប់ពីក្ស័យធន Thai Airways ប្រកាសលក់យន្តហោះ 34គ្រឿង

ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways កំពុងប្រកាសស្វែងរកអ្នកទិញយន្តហោះ Boeing និង Airbus មួយទឹក ចំនួនរាប់សិបគ្រឿងរបស់ខ្លួន ក្នុងបំណងទូទាត់បំណុល 350ពាន់លានបាត (ប្រហែលនឹង11.4ពាន់លានដុល្លារអាមេរិក)។

ក្រុមអ្នកទិញ មានពេលកំណត់ចាប់ពីថ្ងៃនេះដល់ថ្ងៃទីទី13វិច្ឆិកា ដើម្បីចុះឈ្មោះចូលរួមការដេញថ្លៃ ហើយការលក់នេះនឹងត្រូវបានធ្វើឡើងក្រោមផែនការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មឡើងវិញ ដែលប្រការនេះត្រូវបានយល់ព្រមពីតុលាការក្ស័យធនកាលពីខែកញ្ញា។

Thai Airways កំពុងតែរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មទាំងមូលរបស់ខ្លួនឡើងវិញ ក្រោយពី Covid-19 បាននិងកំពុងបំផ្លាញវិស័យអាកាសចរណ៍ទូទាំងពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Nok Airlines ជាក្រុមហ៊ុនដែល Thai Airways កាន់កាប់ភាគហ៊ុន13% ក៏ទទួលបានការយល់ព្រមពីតុលាការក្នុងសប្ដាហ៍នេះអំពីដំណើរការនៃការទូទាត់ ឬរៀបចំខ្ទង់បំណុលរបស់ខ្លួន ក្រោយពីប្រាក់ចំណូលបានធ្លាក់ចុះខ្លាំង។

ការលក់យន្តហោះនេះគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធជំនួញឡើងវិញរបស់ Thai Airways។ នេះគឺជាជំហានមួយដែលក្រុមហ៊ុននេះយល់ថា “ចាំបាច់ដើម្បីកាត់បន្ថយក្រុមហោះហើរ ក្នុងបំណងសម្របខ្លួនទៅតាមអត្រានៃការហោះហើរនាបច្ចុប្បន្ន ទន្ទឹមនឹងការកាត់បន្ថយការចំណាយ។ ការលក់យន្តហោះនេះនឹងស្នើឱ្យមានការយល់ព្រមពីសំណាក់ភាគហ៊ុនិក និងតុលាការក្ស័យធន”។

កាលពីថ្ងៃទី26ឧសភា ក្រុមហ៊ុនថៃមួយនេះ បានដាក់ពាក្យសុំធ្វើការក្ស័យធនជាផ្លូវការទៅកាន់តុលាការក្ស័យធនថៃ។ ដំណឹងនេះត្រូវបានលើកឡើង បន្ទាប់ពីមូលបត្ររបស់ Thai Airways បានកើន12.9% ឡើងដល់4.9បាត នៅក្នុងការជួញដូរកាលពីថ្ងៃទី26ឧសភា។

មុនពេលធ្លាក់ដល់ដំណាក់កាលក្ស័យធន Thai Airways បានរកមធ្យោបាយជាច្រើនដើម្បីសង្គ្រោះខ្លួន។ ពួកគេបានស្នើសុំកញ្ចប់ជំនួយ10ពាន់លានបាត (307លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលថៃ ដើម្បីយកមកបើកប្រាក់ខែជូនបុគ្គលិក។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានស្នើប្រាក់កម្ចី70ពាន់លានបាតផ្សេងទៀតពីក្រសួងហិរញ្ញវត្ថុថៃដើម្បីបន្តសកម្មភាពហោះហើរ។ ក៏ប៉ុន្តែ គ្រប់យ៉ាងមិនអាចជួយសង្គ្រោះក្រុមហ៊ុននេះបាន ដោយសារតែCovid-19។ ជាងនេះ Thai Airways នៅមានបញ្ហាហិរញ្ញវត្ថុផ្សេងទៀត ព្រោះតែខ្ទង់ខាតបង់ជាច្រើនឆ្នាំបន្តបន្ទាប់កន្លងមកនេះ។

ឆ្នាំ2018 Thai Airways បានខាតបង់ 361លានដុល្លារ និងឆ្នាំ2019 បានខាត 374លានដុល្លារ។ បច្ចុប្បន្ន ក្រុមហ៊ុននេះនៅជំពាក់បំណុល 7.6ពាន់លានដុល្លារ ក្នុងនោះមាន 677លានដុល្លារគឺជាបំណុលដែលត្រូវទូទាត់នៅក្នុងឆ្នាំនេះ។ ក៏ប៉ុន្តែ Thai Airways នៅសល់ប្រាក់សុទ្ធត្រឹមតែ 674លានដុល្លារប៉ុណ្ណោះ ហើយលទ្ធភាពនៃការដោះបំណុលខាងលើ ទំនងជាមិនអាចទៅរួច៕

ប្រភព៖ Bloomberg

 

Advertisement