ប្រជាពលរដ្ឋ​សិង្ហ​បុរី បោះបង់​គំនិត​ទិញ​រថយន្ត​ផ្ទាល់ខ្លួន នៅពេល​វា​ឡើងថ្លៃ «កប់​ពពក»

អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ សិង្ហ​បុរី Ellie Lim បាន​បោះបង់​គម្រោង​ទិញ​រថយន្ត Volvo ប្រភេទ SUV ថ្មី សម្រាប់​ដឹក​កូន ប្រពន្ធ នៅពេល​ដឹងថា ការ​ក្លាយជា​ម្ចាស់​រថយន្ត​ថ្មី​មួយគ្រឿង​នឹងត្រូវ​ចំណាយ​ប្រាក់ ១៤២,០០០ ដុល្លារ​អាម៉េរិក។

Lim ដែលមាន​អាយុ ៣៤ ឆ្នាំ បានឱ្យដឹងថា «ការទិញ​រថយន្ត​ថ្មី​មួយគ្រឿង​គឺជា​ការសម្រេចចិត្ត​ប្រកបដោយ​អស្ថិរភាព​ចំពោះ​ហិរញ្ញវត្ថុ នៅពេល​អត្រា​ការប្រាក់​នៃ​ឥណទាន​ទិញ​រថយន្ត តម្លៃ​ប្រេងសាំង និង​ការចំណាយ​លើ​ការថែទាំ មាន​កម្រិត​ខ្ពស់​ខ្លាំង។ ហេតុអ្វី​ត្រូវ​ចំណាយ​ប្រាក់​ស្មើនឹង​តម្លៃ​ផ្ទះមួយ​ខ្នង​ដើម្បី​បាន​ក្លាយជា​ម្ចាស់ទ្រព្យ​ដែល​ធ្លាក់​ថ្លៃ​លឿន​បែបនេះ?»។

នៅ សិង្ហ​បុរី គំនិត​ដូច Lim ពិត​ជាមាន​ច្រើនណាស់។ សិង្ហ​បុរី គ្រប់គ្រង​យ៉ាង​តឹងរឹង​ទៅលើ​ចំនួន​រថយន្ត​ដែល​បរ​នៅលើ​ដងផ្លូវ ដោយ​បង្ខំ​ឱ្យ​អ្នកទិញ​ធ្វើការ​ដេញថ្លៃ​លិខិតអនុញ្ញាត​ប្រើប្រាស់​យានយន្ត នាំឱ្យ​ប្រទេស​នេះ​ក្លាយជា​កន្លែង​មួយ​ដែលមាន​ការចំណាយ​ខ្ពស់បំផុត​ទៅលើ​រថយន្ត។

កាលពី​ខែ​កន្លង ដោយសារតែ​តម្រូវការ​កើនឡើង​ខ្ពស់ និង​ដោយសារ​ប្រជាពលរដ្ឋ​ចង់​ទិញ​រថយន្ត​អគ្គិសនី​ច្រើនពេក ទើប​តម្លៃ​របស់​លិខិតអនុញ្ញាត​ក៏ត្រូវ​បាន​រុញ​ឡើង​ថែម​មួយកម្រិត​ទៀត។

ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ការបញ្ចេញ​ឧស្ម័ន​ពុល អាជ្ញាធរ​សិង្ហ​បុរី ក៏បាន​អនុវត្ត​គម្រោង​មួយ​ដែល​ធ្វើឱ្យ​រថយន្ត​ក្លាយជា​របស់ «ប្រណិត» ទន្ទឹមនឹង​ការវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ទៅលើ​បណ្ដាញ​គមនាគមន៍​សាធារណៈ​ដែលមាន​ប្រសិទ្ធភាព​ជាង​មុខ។

លោក Song Seng Wun សេដ្ឋវិទូ​ប្រចាំ​ធនាគារ CIMB បានឱ្យដឹងថា សិង្ហ​បុរី «គឺជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ដ៏​តិចតួច​បំផុត​ដែល​អាច​កាត់បន្ថយ​ចំនួន​រថយន្ត។ អ្នក​មិនអាច​ស្ថាបនា​ផ្លូវ​បន្ថែម ហើយក៏​មិនអាច​យក​កន្លែង និង​ធនធាន​របស់​អ្នកដទៃ ដូច្នេះ បើសិន​អ្នក​ចង់​បើកបរ​រថយន្ត អ្នក​ត្រូវតែ​បង់លុយ»។

រដ្ឋាភិបាល​សិង្ហ​បុរី គ្រប់គ្រង​ចរាចរណ៍​ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ «បរិមាណ​មានកំណត់ (កូតា)» និង​ពន្ធ​ជាច្រើន​ប្រភេទ នាំឱ្យ​ការចំណាយ​ទៅលើ​ការបើកបរ​រយ​ន្ត​នៅលើ​ដងផ្លូវ​ត្រូវ​ឡើង​ខ្ពស់ជាង ៥ ដង ធៀប​នឹង​តម្លៃ​នៅក្នុង​បណ្ដា​ប្រទេស​ផលិត​រថយន្ត។ ការចំណាយ​ធំ​បំផុត​គឺ​លិខិតបញ្ជាក់​កម្មសិទ្ធិ​លើ​រថយន្ត (COE) ដែល​ត្រូវបាន​ដាក់ឱ្យ​ដេញថ្លៃ ២ លើក​ជា​រៀងរាល់ខែ។ COE ផ្ដល់​សិទ្ធិ​ឱ្យ​រថយន្ត ១ គ្រឿង បើកបរ​លើ​ដងផ្លូវ​បាន ១០ ឆ្នាំ​នៅ សិង្ហ​បុរី ហើយ​នៅពេល​អស់​សុពលភាព ម្ចាស់​រថយន្ត​ត្រូវ​ទិញ COE មួយទៀត បើ​ចង់​បន្ត​ប្រើប្រាស់​រថយន្ត។

ថ្មីៗនេះ តម្លៃ​ដេញថ្លៃ​ទិញ COE បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត គឺ ១១០,៥២៤ ដុល្លារ​សិង្ហ​បុរី ប្រហែល ៧៨,៦០០ ដុល្លារ​អាម៉េរិក។ យោងតាម​ក្រុម​អ្នក​សេដ្ឋសាស្ត្រ និង​ក្រុមហ៊ុន​ចែកចាយ​រថយន្ត តម្លៃ​នេះ​អាច​នឹង​កើន​ឡើងជា​បន្តទៀត យ៉ាងហោច​ក៏​ត្រឹម​ចុងឆ្នាំ ២០២២៕

Advertisement