ឥណ្ឌូណេស៊ី ព្រមាន​ថា ៦០% នៃ​បណ្ដា​ប្រទេស​ក្រីក្រ មាន​ហានិភ័យ​ក្ស័យធន

លោកស្រី Sri Mulyani

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី យល់ថា ផលប៉ះពាល់​នៃ​សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន វិបត្តិ​ទំនិញ និង​បញ្ហា​អតិផរណា​ទូទាំង​ពិភពលោក​ដែល​កើនឡើង​គឺជា​មូលហេតុ​នាំឱ្យ​បំណុល​ត្រូវ​កកស្ទះ។

កាលពី​ថ្ងៃទី ១៥ កក្កដា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី លោកស្រី Sri Mulyani បាន​ព្រមាន​ថា ប្រហែល ៦០% ក្នុងចំណោម​បណ្ដា​ប្រទេស​ក្រីក្រ កំពុង​ប្រឈម​នឹង​ហានិភ័យ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ក្ស័យធន ក្នុង​គ្រា​ដែល​អតិផរណា​កើនឡើង​ខ្ពស់ និង​បណ្ដាញ​ផ្គត់ផ្គង់​ស្បៀង​ទូទាំង​សកលលោក​ត្រូវ​ដាច់។

ប្រសាសន៍​របស់ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី ត្រូវបាន​លើកឡើង​នៅក្នុង​ពិធី​បើក​មហាសន្និបាត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្ដាល នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ G20 (FMCBG) លើក​ទី​បី​នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី។

មហាសន្និបាតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល នៃបណ្ដាប្រទេសជាសមាជិករបស់ G20 (FMCBG) លើកទីបីនៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី។

មុន​នោះ ប្រធាន​ធនាគារពិភពលោក (WB) David Malpass បាន​ព្រមាន​ថា ប្រទេសមួយ​ចំនួន​នឹង​ក្ស័យធន​ដោយសារ​ផលប៉ះពាល់​ពី​សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន និង​បញ្ហា​ដាច់​បណ្ដាញ​ផ្គត់ផ្គង់​ទូទាំង​សកលលោក។ លោក Malpass បានឱ្យដឹងថា សម្រាប់​ប្រទេស​ជាច្រើន បញ្ហា​ឱនភាព​សេដ្ឋកិច្ច​នឹង​ពិបាក​ចៀសផុត។ សេដ្ឋកិច្ច​របស់​ប្រទេសមួយ​ដែល​នឹង​ត្រូវបាន​ចាត់ទុកថា​ឱនភាព ឬ​វិបត្តិ គឺ​នៅពេល​សេដ្ឋកិច្ច​ប្រទេស​នោះ​មាន​កំណើន​អវិជ្ជមាន ក្នុង ២ ត្រីមាស​បន្តបន្ទាប់។

មហាសន្និបាត FMCBG លើក​ទី​បី មានការ​ចូលរួម​រប​ស់​តំណាង​ជាង ៤០០ រូប មកពី​បណ្ដា​ប្រទេស​ជា​សមាជិក G20 និង​បណ្ដា​អង្គការ​អន្តរជាតិ ក្នុងនោះ​មាន​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ១៧ រូប និង ប្រធាន​ធនាគារកណ្ដាល ១០ រូប។

ឥណ្ឌូណេស៊ី ដែលជា​ប្រធាន​ប្ដូរ​វេន​របស់ FMCBG ក៏បាន​អញ្ជើញ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ុយ​ក្រែ​ន ចូលរួម​ព្រឹត្តិការណ៍​នេះ​ផងដែរ៕

Advertisement