ពីមេធាវី ក្លាយ​ជា​មហា​សេដ្ឋី​ ដោយ​សារ​ធុញ​ទ្រាន់​នឹង​ទម្លាប់​បោះ​ត្រា​បែប​បុរាណ​ នៅ​ក្នុង​​សម័យ​COVID-19

Bengo4 ដែលជាក្រុមហ៊ុនមួយត្រូវបាន Taichiro Motoe ជាអ្នកបង្កើតឡើង កំពុងគ្រប់គ្រងទីផ្សាររហូតដល់80% នៃសេវាកម្មហត្ថលេខាអេឡិចត្រូនិចនៅប្រទេសជប៉ុន។

ជាច្រើនឆ្នាំកន្លងមកនេះ បណ្ដាក្រុមហ៊ុនរបស់ជប៉ុន សុទ្ធតែមានទម្លាប់បោះត្រាដើម្បីជំនួសឱ្យការចុះហត្ថលេខាលើឯកសារនានា។ ប៉ុន្តែ នៅពេលបុគ្គលិកក្រុមហ៊ុនកាន់តែច្រើន ត្រូវធ្វើការពីផ្ទះ ដោយសារតែ COVID-19 ទម្លាប់នេះក៏ត្រូវបានផ្លាស់ប្ដូរជាបន្តបន្ទាប់។

ក្រុមហ៊ុនធំៗជាច្រើននៅប្រទេសជប៉ុន ដូចជា Toyota ឬ Nomura ជាដើម កំពុងតែប្រើប្រាស់សេវាកម្មហត្ថលេខាបែបអេឡិចត្រូនិចរបស់ក្រុមហ៊ុនមួយដែលមិនសូវមានគេស្គាល់ច្រើន នោះគឺក្រុមហ៊ុន Bengo4.com Inc។ ប្រការនេះហើយ បានជួយឱ្យមូលបត្ររបស់ Bengo4 កើនឡើង100% នៅក្នុងឆ្នាំ2020 នាំឱ្យ Taichiro Motoe ដែលបានបង្កើតក្រុមហ៊ុននេះកាលពី15ឆ្នាំមុន ក្លាយជាមហាសេដ្ឋី ដោយមានទ្រព្យជាង1ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes។

លោក Taichiro Motoe

នៅក្នុងស្ថានភាពលំដាប់ដែលបង្កឡើងដោយ COVID-19 ក្រុមអ្នកវិនិយោគមានក្ដីសង្ឃឹមយ៉ាងខ្លាំងទៅលើ CloudSign (ជាឈ្មោះនៃសេវាកម្មស៊ីញ៉េបែបអេឡិចត្រូនិចរបស់ក្រុមហ៊ុន Bengo4)។

លោក Taichiro Motoe ដែលជាស្ថាបនិករបស់របស់ក្រុមហ៊ុន បានចែករំលែកជាលើកដំបូងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអន្តរជាតិកាលពីថ្ងៃទី17កញ្ញាថា៖ “CloudSign កំពុងប្ដូរផ្លាស់វប្បធម៌ hanko (ការបោះត្រា) បែបបុរាណ”។

យោងតាមក្រុមហ៊ុន Bengo4 សេវាកម្ម CloudSign កំពុងកាន់កាប់ដល់ទៅ80% នៃចំណែកទីផ្សារសេវាកម្មហត្ថលេខាអេឡិចត្រូនិចនៅប្រទេសជប៉ុន។ មានក្រុមហ៊ុនជាង100,000 នៅក្នុងវិស័យផ្សេងៗគ្នា កំពុងប្រើប្រាស់ CloudSign។ តួលេខនៃអតិថិជនដែលប្រើប្រាស់សេវាកម្ម CloudSign គិតមកដល់បច្ចុប្បន្ន បានកើនឡើងទ្វេដង បើធៀបនឹង1ឆ្នាំមុន។

ឈ្មោះរបស់ Bengo4 គឺជាការលេងអក្សរដែលកើតចេញពីពាក្យ “មេធាវី” នៅក្នុងភាសាជប៉ុន (ដែលអានថា “បេងហ្គូស៊ី/bengoshi”)។ ដំបូងឡើយ Bengo4 គឺជាបញ្ជីឯកសារ ឬថតដាក់ឯកសារអនឡាញមួយសម្រាប់មេធាវីតែប៉ុណ្ណោះ។ ក្រុមហ៊ុននេះបានចូលរួមក្នុងផ្សារហ៊ុន Tokyo កាលពីឆ្នាំ2014 ជាមួយនឹងទុនតិចតួច។ មួយឆ្នាំក្រោយមក ក្រុមហ៊ុននេះក៏បានឧទ្ទេសនាម CloudSign។

ពីមេធាវី ក្លាយជាមហាសេដ្ឋី ដោយសារធុញទ្រាន់នឹងទម្លាប់បោះត្រាបែបបុរាណ នៅក្នុងសម័យCOVID-19
ការ​ប្រើប្រាស់​ត្រា​បុរាណ​របស់​ជប៉ុន កំពុង​ត្រូវ​បាន​លុប​បំបាត់​បន្តិច​ម្ដង​ៗ​ និង​ជំនួស​ដោយ​ត្រា​អេឡិច​ត្រូនិច​

មុនពេលបានក្លាយជាអ្នកជំនួញមួយរូប លោក Motoe គឺជាមេធាវីនៅក្នុងក្រុមហ៊ុនច្បាប់ Anderson Mori នៅជប៉ុន។ 3ឆ្នាំក្រោយមក លោកក៏បានសុំឈប់ពីការងារ ដើម្បីបង្កើតការិយាល័យច្បាប់ Authense ហើយក្នុងឆ្នាំដដែលនោះ លោកក៏បានបង្កើតក្រុមហ៊ុន Bengo4 ផងដែរ។

ក្រៅពីតួនាទីជាអ្នកជំនួញ និងជាមេធាវី លោក Motoe (កើតនៅ Illinois សហរដ្ឋអាមេរិក ប៉ុន្តែធំឡើងនៅខេត្ត Kanagawa ក្បែរទីក្រុងតូខ្យូ ប្រទេសជប៉ុន) ក៏ជាអ្នកបង្កើតច្បាប់ផងដែរ។ មហាសេដ្ឋីវ័យ44ឆ្នាំរូបនេះ គឺជាសមាជិកនៃសភាជាន់ខ្ពស់ជប៉ុនចាប់ពីឆ្នាំ2016 និងជាអ្នកបង្កើតច្បាប់ដែលរកបានប្រាក់ចំណូលច្រើនជាងគេរបស់ប្រទេសជប៉ុនកាលពីឆ្នាំ2019 ជាមួយនឹងតួលេខដែលត្រូវបានរាយការណ៍ គឺ 845លានយ៉េន ដែលស្មើនឹង7.8លានដុល្លារអាមេរិក។ ប្រាក់ចំណូលរបស់លោក Motoe ភាគច្រើនបានមកពីការលក់មូលបត្រនៅក្នុងផ្សារហ៊ុន។ ចាប់ពីដើមខែតុលានេះ លោក Motoe បានចាប់ផ្ដើម​ចូល​រួម​ក្នុង​ជួរ​គណៈ​រដ្ឋមន្ត្រី​របស់​នាយក​រដ្ឋមន្ត្រី Yoshihide Suga និងកាន់កាប់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

លោក Motoe កើតនៅសហរដ្ឋអាមេរិក ប៉ុន្តែធំឡើងនៅខេត្ត Kanagawa ក្បែរទីក្រុងតូខ្យូ ប្រទេសជប៉ុន

គំនិតដែលនាំមកនូវប្រាក់ចំណូលពាន់លានដុល្លារនេះ គឺដោយសារលោក Motoe មានអារម្មណ៍ហត់នឿយនឹងវប្បធម៌បោះត្រាបែបបុរាណ នៅពេលដែលលោកធ្វើជាមេធាវី។ ស្ថាបនិករបស់ Bengo4 បានថ្លែងថា៖ “ខ្ញុំត្រូវបោះត្រាម្ដងមួយៗ ទៅលើឯកសារកិច្ចសន្យាជាច្រើន ហើយយល់ថា ប្រការនេះមានប្រសិទ្ធភាពតិចតួចនៅក្នុងមុខជំនួញ”៕

ប្រភព៖ Forbes

Advertisement