កូនមិនពេញច្បាប់របស់មហាសេដ្ឋីម្នាក់ ប្ដឹងទាមទារមរតក46ពាន់លានដុល្លារក្នុងក្រុមហ៊ុន “យក្ស” មួយ នៅឥណ្ឌូនេស៊ី

កូនមិនពេញច្បាប់របស់មហាសេដ្ឋីម្នាក់ ប្ដឹងទាមទារមរតក46ពាន់លានដុល្លារក្នុងក្រុមហ៊ុន “យក្ស” មួយ នៅឥណ្ឌូនេស៊ី

កូនប្រុសមានខាន់ស្លា តែមិនស្របច្បាប់ម្នាក់របស់សពសហស្ថាបនិកក្រុមហ៊ុនធំបំផុតមួយនៅប្រទេសឥណ្ឌូនេស៊ី បានដាក់ពាក្យប្ដឹងទាមទារសិទ្ធិទទួលមរតកក្រុមហ៊ុនដែលឪពុករបស់ខ្លួនបានបង្កើតលើង ពីបងប្អូន5នាក់ផ្សេងទៀតដែលជាមានឪពុកជាមួយ ម្ដាយទីទៃ។

សង្គ្រាមដណ្ដើមសិទ្ធិទទួលមរតកក្នុងបណ្ដាក្រុមហ៊ុនដែលមានតម្លៃរាប់សិបពាន់លានដុល្លារដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Sinar Mas (ឥណ្ឌូនេស៊ី) ទើបតែមានការប្រែប្រួលថ្មីនៅពេលដែលមានកូនម្នាក់ក្នុងចំណោមកូនៗរបស់អតីតស្ថាបនិកក្រុមហ៊ុននេះ មានបំណងកាន់កាប់ភាគហ៊ុនមួយចំនួនរបស់ក្រុមហ៊ុន។

លោក Feddy Widjaja ដែលជាកូនម្នាក់ក្នុងចំណោមកូនៗរបស់អតីតស្ថាបនិក Eka Tjipta Widjaja បានដាក់ពាក្យស្នើសុំឱ្យតុលាការទទួលស្គាល់ថា លោករួមនឹងបងប្អូន5នាក់ផ្សេងទៀតគឺជាអ្នកស្នងមរតកស្របច្បាប់របស់លោក Eka Tjipta Widjaja នៅក្នុងក្រុមហ៊ុនរាប់សិប និងទ្រព្យសម្បត្តិនៃក្រុមហ៊ុន Sinar Mas។ ពាក្យបណ្ដឹងដែលត្រូវបានដាក់ឡើងតុលាការកាលពីថ្ងៃទី16មិថុនា ដោយបានរៀបរាប់ឈ្មោះកូនៗដែលកំពុងទាមទារសិទ្ធិ រួមមាន លោក Freddy Widjaja លោក Indra Widjaja លោក Teguh Ganda Widjaja លោក Muktar Widjaja លោក Djafar Widjaja និងលោក Franky Oesman Widjaja។

ក្រុមហ៊ុន Sinar Mas Group បានច្រានចោលការទាមទាររបស់លោក Frddy Widjaja ដោយយល់ថា វាគឺជារឿង “គ្មានមូលដ្ឋាន”។ ភាគីក្រុមហ៊ុននេះនិយាយថា លោក Freddy Widjaja ដែលជា “កូនគ្មានខាន់ស្លាស្របច្បាប់” មិនមានសិទ្ធិទទួលមរតកណាមួយនៅក្នុងក្រុមហ៊ុននេះឡើយ។

Gandi Sulistiyanto ដែលជានាយកប្រតិបត្តិម្នាក់នៅក្នុងក្រុមហ៊ុន Sinar Mas ប្រកាសថា លោក Freddy ទទួលបានចំណែកទ្រព្យសម្បត្តិទៅតាមបណ្ដាំមរតករបស់លោក Eka Tjipta Wedjaja រួចហើយ ដូច្នេះមិនមានជាប់ទាក់ទងអ្វីទៅនឹងជម្លោះក្នុងត្រកូលរបស់ស្ថាបនិកក្រុមហ៊ុននេះទៀតទេ។

លោក Eka Tjipta Wdjaja ស្ថាបនិករបស់ក្រុមហ៊ុន Sinar Mas បានទទួលមរណភាពកាលពីខែមករា2019 ដោយបានបន្សល់ទុកក្រុមហ៊ុនដ៏ធំ និងរឹងមាំមួយ ដែលនៅមានជីវិតក្រោយវិបត្តិសេដ្ឋកិច្ចលើកមុន។ បច្ចុប្បន្ន Sinar Mas គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅឥណ្ឌូសេស៊ី ដែលទទួលបានផលប្រយោជន៍ទាំងក្នុងនិងក្រៅបរទេស ដោយធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម ស្បៀងអាហារ ទូរគមនាគមន៍ បច្ចេកវិទ្យា ហិរញ្ញវត្ថុ សុខាភិបាល រុករករ៉ែ ថាមពល អចលនទ្រព្យ ក្រដាស និងវិស័យមួយចំនួនផ្សេងទៀត។ យោងតាមទស្សនាវដ្ដី Bloomberg ក្រុមហ៊ុន Sinar Mas បច្ចុប្បន្នមានទុនឡើងដល់46ពាន់លានដុល្លារអាមេរិក។

លោក Eka Tjipta Widjaja មានស្រុកកំណើតនៅទីក្រុង Quanzhou ប្រទេសចិន ដោយមានឈ្មោះដើមថា Oei Ek Fjhong។ លោក និងគ្រួសារ បានមករស់នៅប្រទេសឥណ្ឌូនេស៊ីតាំងពីនៅក្មេង និងបានចាប់ផ្ដើមបើកក្រុមហ៊ុន Sinar Mas នៅ Makassar ក្នុងឆ្នាំ1938 ដែលពេលនោះ Eka Tjipta Widjaja មានអាយុទើបតែ15ឆ្នាំប៉ុណ្ណោះ។

កូនមិនពេញច្បាប់របស់មហាសេដ្ឋីម្នាក់ ប្ដឹងទាមទារមរតក46ពាន់លានដុល្លារក្នុងក្រុមហ៊ុន “យក្ស” មួយ នៅឥណ្ឌូនេស៊ី
លោក Eka Tjipta Wdjaja ស្ថាបនិករបស់ក្រុមហ៊ុន Sinar Mas បានទទួលមរណភាពកាលពីខែមករា2019

ឆ្នាំ1972 លោកបានបង្កើតរោងចក្រមួយដែលមានជំនាញខាងផលិត sodium bicarbonate ដែលក្រោយមកវាបានក្លាយជាក្រុមហ៊ុនផលិតក្រដាសដំបូងគេរបស់ Sinar Mas ដែលមានឈ្មោះថា Tjiwi Kimia។ ក្នុងឆ្នាំ1972ដដែល លោកបានពង្រីកវិសាលភាពទៅកាន់វិស័យអចលនទ្រព្យជាមួយនឹង Duta Pertiwi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ហើយមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបុត្រសម្ព័ន្ធ Bumi Serpong Damai របស់ Duta Pertiwi
គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតមួយរបស់ឥណ្ឌូនេស៊ី។

លោក Ek Tjipta Widjaja បានបង្ហាញវត្តមាននៅក្នុងតារាងចំណាត់ថ្នាក់មហាសេដ្ឋីជាលើកដំបូងនៅក្នុងឆ្នាំ1991 នេះបើតាមទស្សនាវដ្ដី Forbes។ ចំណែកទស្សនាវដ្ដី Bloomberg វិញ ឱ្យដឹងថា អ្នកជំនួញរូបនេះ បានទទួលមរណភាពនៅពេលដែលទ្រព្យរបស់លោកបានកើនឡើងដល់ប្រមាណជា9.3ពាន់លានដុល្លារអាមេរិក។

មិនត្រឹមតែបានបន្សល់ទ្រព្យសម្បត្តិយ៉ាងច្រើននោះទេ លោក Eka ថែមទាំងមានប្រពន្ធកូនជាច្រើននាក់ទៀតផង ដែលនេះបាននាំឱ្យមានជម្លោះដណ្ដើមទ្រព្យមរតកនាបច្ចុប្បន្ន។ លោក Eka មានប្រពន្ធស្របច្បាប់ចំនួន3នាក់។

ក្រុមហ៊ុន Sinar Mas បច្ចុប្បន្ន ភាគច្រើនត្រូវបានគ្រប់គ្រងដោយកូនប្រុសចំនួន4នាក់របស់លោកជាមួយនឹងប្រពន្ធទីមួយ។ ក្នុងនោះ Teguh Ganda Wijaya ដែលជាកូនច្បង គ្រប់គ្រង APP (Asia Pulp & Paper) ខណៈដែល Indra Widjaja ជាកូនបន្ទាប់ គ្រប់គ្រងខ្ទង់វិនិយោគទៅលើសេវាកកម្មហិរញ្ញវត្ថុនិងរុករករ៉ែ ចំណែក Muktar Widjaja កាន់កាប់បណ្ដាក្រុមហ៊ុនអចលនទ្រព្យ រីឯ Franky Oesman Widjaja គ្រប់គ្រងមុខជំនួញក្នុងវិស័យកសិកម្មនិងស្បៀងអាហាររបស់ក្រុមហ៊ុនមេ Sinar Mas។

ក្រៅពីនេះ ក៏នៅមានកូនៗជាច្រើនផ្សេងទៀតរបស់លោក Eka កំពុងតែធ្វើជំនួញដាច់ដោយឡែក និងជាអ្នកមាននៅតំបន់ផ្សេងៗផងដែរ ក្នុងនោះ លោក Oei Hong Leong គឺជាមហាសេដ្ឋីម្នាក់ប្រចាំប្រទេសសឹង្ហបុរី ដោយមានទ្រព្យប្រមាណជា1.4ពាន់លានដុល្លារអាមេរិក។ លោក Frankle Djafar Widjaja កំពុងកាន់កាប់ក្រុមហ៊ុនវិនិយោគ Bund Center Investment នៅសឹង្ហបុរី។ លោកស្រី Sukmawati Widjaja គ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Top Global នៅសឹង្ហបុរី។

ចំណែកលោក Freddy Widjaja វិញ គឺជាកូនរបស់លោក Eka ជាមួយនឹងប្រពន្ធម្នាក់ផ្សេងទៀត ឈ្មោះ Lidia Herawati ដែលបានរៀបការតាមប្រពៃណី ប៉ុន្តែមិនបានចុះអេតាត៍ ស៊ីវិល តាមច្បាប់នោះឡើយ៕

ប្រភព៖ Bloomberg, Forbes

Advertisement