ភាព​សោកសៅ​របស់ Jack Ma ៖ ធ្លាក់​ពី​តំណែង​អ្នកមាន​ជាងគេ​នៅ​ប្រទេស​ចិន​ហើយ ថែមទាំង​មិនជា​ប់ Top 3 ទៅទៀត!

លោក​ Jack Ma

ស្ថាបនិក​របស់ Alibaba និង Ant Group លោក Jack Ma បាន​បាត់បង់​តំណែង​ជា​អ្នកមាន​ជាងគេ​បង្អស់​នៅ​ប្រទេស​ចិន នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ថ្មី​មួយ​ដែល​ទើបត្រូវ​បានប្រកាស​កាល​ពីថ្ងៃ​ទី 2 មីនា ឆ្នាំ 2021។

លោក Jack Ma និង​គ្រួសារ ធ្លាប់​កាន់កាប់​តំណែង​អ្នកមាន​ជាងគេ​នៅ​ប្រទេស​ចិន នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ទូទាំង​ពិភពលោក​របស់ Hurun (Hurun Global Rich List) កាលពី​ឆ្នាំ 2019 និង 2020។ ប៉ុន្តែ នាពេល​បច្ចុប្បន្ន (3មីនា 2021) លោក​បាន​ធ្លាក់​មក​នៅត្រឹម​លេខ 4 ទៅវិញ។

Hurun បានឱ្យដឹងថា ការដែល​លោក Jack Ma បាន​ធ្លាក់​ពី​តំណែង​អ្នកមាន​ជាងគេ​លំដាប់​ទី 3 នៅ​ប្រទេស​ចិន​នេះ បាន​កើតឡើង​ក្រោយពី​អាជ្ញាធរ​ចិន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ទៅលើ​សកម្មភាព​របស់​ក្រុមហ៊ុន Ant Group និង Alibaba ដោយសារ​មានការ​បារម្ភ​អំពី​បញ្ហា​រកស៊ី​ផ្ដាច់មុខ។ បើទោះជា​ទ្រព្យសម្បត្តិ​បាន​កើន​បន្ថែម 22% នាំឱ្យ​ទ្រព្យ​សរុប​ឡើងដល់ 55.6 ពាន់​លាន​ដុល្លារ ប៉ុន្តែ Jack Ma នៅតែ​មិនអាច​រក្សាបាន​ចំណាត់ថ្នាក់​លេខ 1 របស់ខ្លួន​នៅក្នុង​បញ្ជី​ប្រចាំឆ្នាំ​របស់ Hurun។

ព្រឹត្តិការណ៍ IPO ដែលមានតម្លៃ 37 ពាន់លានដុល្លាររបស់ Ant Group ត្រូវបានពន្យារពេលអស់ជាច្រើនថ្ងៃ មុននឹងមានវត្តមាននៅលើផ្សារហ៊ុន

សំណាងអាក្រក់​កាលពីពេលថ្មីៗនេះ បានកើត​ឡើងជា​បន្តបន្ទាប់​ចំពោះ​លោក Jack Ma ចាប់តាំងពី​លោក​បាន​រិះគន់​ចំពោះ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន កាលពី​ខែតុលា 2020។ ជា​លទ្ធផល ព្រឹត្តិការណ៍ IPO ដែលមាន​តម្លៃ 37 ពាន់​លាន​ដុល្លារ​របស់ Ant Group ត្រូវបាន​ពន្យារពេល​អ​ស់​ជាច្រើន​ថ្ងៃ មុន​នឹងមាន​វត្តមាន​នៅលើ​ផ្សារ​ហ៊ុន។ មកដល់​ខែធ្នូ ឆ្នាំ 2020 ក្រុមហ៊ុន Alibaba ក៏​ត្រូវបាន​ស៊ើបអង្កេត​ទាក់ទង​នឹង​បញ្ហា​រកស៊ី​ផ្ដាច់មុខ។

ក្រោយមក ស្ថាប័ន​ពាក់ព័ន្ធ​របស់​ប្រទេស​ចិន ក៏បាន​រឹង​បន្តឹង​លើ​ការត្រួតពិនិត្យ​ចំពោះ​ក្រុមហ៊ុន Alibaba រួម​នឹង​វិស័យ​បច្ចេកវិទ្យា​ទាំងមូល​របស់​ប្រទេស​នេះ​ផងដែរ។ អាជ្ញាធរ​បាន​បង្ខំ​ឱ្យ Ant Group កែទម្រង់​មុខ​ជំនួញ​របស់ខ្លួន។ ពួកគេ​ក៏​បន្ត​ចេញ​អនុក្រឹត្យ​ថ្មី​ជាច្រើន បង្ខំ​ឱ្យ Ant Group វិល​ត្រលប់​ទៅរក​ធាតុ​ដើម នោះ​គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ទូទាត់​ប្រាក់។ សេវាកម្មផ្សេងៗទៀត​របស់ Ant មានដូចជា ធនាគារ​អន​ឡាញ ធានារ៉ាប់រង គ្រប់គ្រង​ទ្រព្យ និង​ឈ្មួ​ល​កណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​ក៏​នឹងត្រូវ​បង្ខំ​ឱ្យ​បែងចែក​ដាច់ដោយឡែក​យ៉ាងច្បាស់​លាស់។ ប្រការនេះ​នឹង​ជួយ​ឱ្យ​អាជ្ញាធរ​ចិន ងាយស្រួល​ក្នុងការ​គ្រប់គ្រង​សកម្មភាព​របស់ Ant Group។

បន្ទាប់ពី​មាន​ដំណឹង​មិនល្អ​ខាងលើ Jack Ma ក៏​ស្រាប់តែ​បាន​បាត់​ខ្លួន​អស់​រយៈពេល​ប្រហែលជា 3 ខែ ប៉ុន្តែ ក៏បាន​បង្ហាញខ្លួន​ជាថ្មី​កាលពី​ខែមករា 2021។

លោក Zhang Shanshan

អ្នកមាន​ជាងគេ​លំដាប់​ទី 1 នៅ​ប្រទេស​នាពេល​បច្ចុប្បន្ន​គឺ​លោក Zhang Shanshan ដែលជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផលិត​ភេសជ្ជ និង​ទឹកបរិសុទ្ធ Nongfu Spring ។ លោក Shanshan បាន​ឡើង​កាន់កាប់​តំណែង​នេះ​ជា​លើកដំបូង ជាមួយនឹង​ទ្រព្យ​តម្លៃ 550 ពាន់​លាន​យុន (85 ពាន់​លាន​ដុល្លារ​អាមេរិក)។ ទ្រព្យ​របស់លោក ភាគច្រើន​បានមកពី​មូល​ប​ត្រ​របស់​ក្រុមហ៊ុន Nongfu Spring និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Beijing Wantai Biological Pharmacy Enterprise ដែល​លោក​ជា​អ្នកគ្រប់គ្រង។

មហាសេដ្ឋី Pony Ma ដែលជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Tencent ឈរ​លំដាប់​លេខ 2 ដោយមាន​ទ្រព្យ​សរុប 74 ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​បាន​កើន 70% ក្នុង​ឆ្នាំ 2020។ ចំណែក​ចំណាត់ថ្នាក់​លេខ 3 បាន​ទៅ​មហាសេដ្ឋី Collin Huang ដែលជា CEO របស់​ក្រុមហ៊ុន​អេឡិចត្រូនិក Pinduoduo ដោយមាន​ទ្រព្យ​សរុប​ចំនួន 69.5 ពាន់​លាន​ដុល្លារ​អាមេរិក។

Zhang Yiming ស្ថាបនិក​របស់​ក្រុមហ៊ុន ByteDance ដែលជា​ភាគី​គ្រប់គ្រង​បណ្ដាញ​សង្គម TikTok ក៏បាន​ហក់​ឡើង​កាន់កាប់​ចំណាត់ថ្នាក់​លេខ 5 នៅក្នុង​បញ្ជី​របស់ Hurun ដោយមាន​ទ្រព្យ​សរុប​ចំនួន 54 ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement