Facebook ចំណាយ​23.4​លាន​ដុល្លារ​សម្រាប់​ការ​ពារសន្តិសុខ​ជូន​ Mark Zuckerberg

Facebook ចំណាយ​23.4​លាន​ដុល្លារ​សម្រាប់​ការ​ពារសន្តិសុខ​ជូន​ Mark Zuckerberg

ក្រុម​ហ៊ុន​ Facebook បាន​ចំណាយ​ប្រាក់​សរុប​23.4​លាន​ដុល្លារ​អាមេរិក​សម្រាប់​សេវា​កម្ម​សន្តិ​សុខ​ និង​សេវា​កម្ម​យន្ត​ហោះ​ឯក​ជន​របស់​​ CEO Mark Zuckerberg ក្នុង​ឆ្នាំ​2019។

យោង​តាម​ CNBC ការ​ចំណាយ​សម្រាប់​ការ​ពារ​សន្តិ​សុខ​ជូន​លោក Zuckerberg កាល​ពី​ឆ្នាំ​ទៅ​ បាន​កើន​3​លាន​ដុល្លារ​ បើ​ធៀប​នឹង​20​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​2018 និង​ច្រើន​ជាង​ទ្វេ​ដងបើ​ធៀប​នឹង​ឆ្នាំ​2017​ ដែល​មាន​ត្រឹម​តែ​ 9.1លាន​ដុល្លារ​។ ខ្ទង់​ចំណាយ​នេះ រួម​មាន​​10.4​លាន​ដុល្លារ​សម្រាប់​សេវាកម្ម​ការ​ពារ​សន្តិ​សុខ​ឯកជន​របស់​ម្ចាស់​ Facebook នៅ​ឯផ្ទះ​របស់​គាត់ និង​ដំណើរ​បំពេញ​បេសកកម្ម​ រួម​នឹង​ជិត​10​លាន​ដុល្លារ​សម្រាប់​ការ​ពារ​សន្តិ​សុខ​គ្រួសារ​ទាំង​មូល​របស់​ Zuckerberg។

របាយការណ៍​ហិរញ្ញ​វត្ថុ​របស់​ Facebook កាល​ពី​ថ្ងៃ​ទី​10​មេសា បាន​បង្ហាញ​ថា អគ្គនាយក​ប្រតិបត្តិ​(CEO) Zuckerberg បាន​ស្នើ​ខ្ទង់​ប្រាក់​2.95​លាន​ដុល្លារ​ដើម្បី​​ជួល​យន្ត​ហោះ​សម្រាប់​បំពេញ​ការ​ងារ​។ តួលេខ​នេះ​ក្នុង​ឆ្នាំ​2018គឺ​ត្រឹម​តែ​2.59​លាន​ដុល្លារ​ និង​ឆ្នាំ​2017​គឺ​​ត្រឹម​1.52​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​របស់​ Zuckerberg ត្រូវ​បាន​រក្សា​នៅ​ត្រឹម​1ដុល្លារ​។

ឆ្នាំ​2016 ក្រុម​ហ៊ុន​ Facebook បាន​បក​ស្រាយ​ថា ខ្ទង់​ចំណាយ​សម្រាប់​ជួល​យន្តហោះ​មក​ប្រើ​តែ​ឯង​សម្រាប់​ Zuckerberg គឺជា​រឿង​ចាំបាច់​ ដោយ​សារ​ការ​គំរាម​កំហែង​នានា​មក​លើ​សុវត្ថិ​ភាព​របស់​លោក​។

អ្នក​ស្រី​ Sheryl Sandberg ​ជា​នាយក​ប្រតិបត្តិ​ (Chief​ Operating ​Officer) របស់​ Facebook
អ្នក​ស្រី​ Sheryl Sandberg ​ជា​នាយក​ប្រតិបត្តិ​ (Chief​ Operating ​Officer) របស់​ Facebook

ដោយ​ឡែក​ ប្រាក់​បៀវត្ស​គោល​​ប្រចាំ​ឆ្នាំ​របស់​ Sheryl Sandberg ដែល​ជា​នាយក​ប្រតិបត្តិ​ (Chief​ Operating ​Officer) របស់​ Facebook គឺ​875,000​ដុល្លារ​សម្រាប់​ឆ្នាំ​2019 (ខណៈ​ឆ្នាំ​2018​គឺ ​843,000​ដុល្លារ​)។ ក្រៅ​ពី​នេះ អ្នកស្រី​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ 902,740​ដុល្លារ​ក្នុង​ឆ្នាំ​2019​ (​ឆ្នាំ​2018​គឺ ​638,000​ដុល្លារ​) ជាមួយ​នឹងរង្វាន់​ជា​​​មូលបត្រ​ដែល​មាន​តម្លៃ​ដល់​ទៅ​19.67​លាន​ដុល្លារ​ឯណោះ​។

Sandberg ក៏​មាន​កញ្ចប់​ថវិកា​សន្តិសុខ​ឯកជន​ប្រមាណ​ជា​ 4.37​លាន​ដុល្លារ។ ចំណែក​សេវា​យន្ត​ហោះ​ឯកជន​របស់​អ្នក​ស្រី​ ក៏​ចំណាយ​ប្រាក់​របស់​ក្រុម​ហ៊ុន​ Facebook អស់​1.3​លាន​ដុល្លារ​បន្ថែម​ទៀត​ផងដែរ​សម្រាប់​ឆ្នាំ2019​។

ឆ្នាំ​​2019​ ត្រូវ​បាន​វាយ​តម្លៃ​ថាជា​ឆ្នាំ​ជោគ​ជ័យ​របស់​ក្រុមហ៊ុន Facebook ដោយ​មាន​កំណើន​30​%។ មូលបត្រ​របស់​ក្រុម​ហ៊ុន​នេះ​ មាន​តម្លៃ​ខ្ពស់​មិន​ធ្លាប់​មានពី​មុន​មក​​ ពោល​គឺឡើង​ដល់​224.2​ដុល្លារ​​/ហ៊ុន កាល​ពី​ថ្ងៃទី​29​មករា​ ឆ្នាំ​2020 មុន​ពេល​វា​ធ្លាក់​មក​នៅ​ត្រឹម​137.1​ដុល្លារ​​កាល​ពី​ខែ​មុន​ ដែលជា​តម្លៃ​ទាប​បំផុត​ក្នុង​អំឡុង​ជាង​1ឆ្នាំ​មក​នេះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement