ប្រធានាធិបតី​អាមេរិក​ត្រូវ​ខាត​​​បង់​ប្រាក់​​1​ពាន់​លាន​ដុល្លារ​ដោយ​សារ​ COVID-19 ខណៈ​ក្រុម​ហ៊ុន​ជា​ច្រើន​របស់​លោក​ កំពុងជួបបញ្ហា

ប្រធានាធិបតី​អាមេរិក​ត្រូវ​ខាត​​​បង់​ប្រាក់​1​ពាន់​លាន​ដុល្លារ​ដោយ​សារ​ COVID-19 ខណៈ​ក្រុម​ហ៊ុន​ជា​ច្រើន​របស់​លោក​ កំពុង​ខាត​បង់

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក មាន​ទ្រព្យ​2.1​ពាន់​លាន​ដុល្លារ​ ថយ​ចុះ​1​ពាន់​លាន​ដុល្លារ​បើធៀប​ជាមួយ​នឹង​1ខែ​មុន​ ហើយ​ពេល​នេះ លោក​ Trump ក៏​បាន​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ Top 1.000 នៃ​អ្នក​មាន​បំផុត​ក្នុង​ពិភព លោក​របស់​ទស្សនាវដ្ដី​ Forbes ផងដែរ។

នៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​មហាសេដ្ឋី​ពិភពលោក​ដែល​ទើប​ត្រូវ​បាន​​ចេញ​ផ្សាយ​ ទស្សនាវដ្ដី Forbes បាន​ពិនិត្យ​ទៅ​លើ​ការ​ប្រែប្រួល​នៃ​តម្លៃ​ភាគ​ហ៊ុន​ទៅ​តាម​វិស័យ​ជំនួញ​នីមួយ​ៗ​​របស់​លោក​ Trump ដើម្បី​គន់គូរ​អំពី​កម្រិត​នៃ​ផល​ប៉ះពាល់​ពី​​វីរុស​COVID-19 ដល់​ទ្រព្យ​សម្បត្តិ​​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ​។

ក្នុង​នោះ​ អចលន​ទ្រព្យ​ប្រភេទ​ពាណិជ្ជ​កម្ម​ បាន​ថយ​ចុះ​ដែល​គេ​អាច​ដឹង​យ៉ាង​ច្បាស់​។ មូលបត្រ​​របស់​ក្រុម​ហ៊ុន​មួយ​ចំនួន​ ក្នុង​នោះ​មាន​ Boston Properties និង Vornado Realty Trust ក៏​បាន​ថយ​ចុះ​ជា​មធ្យម​37% ចាប់​ពី​ថ្ងៃទី​1មីនា ដល់ថ្ងៃ​ដែល​ Forbes ត្រូវ​គន់​គូរ​អំពី​ទ្រព្យ​របស់​មហាសេដ្ឋី​នានា​នៅ​ក្នុង​បញ្ជី​ឈ្មោះ​។ តម្លៃ​មូល​បត្រ​របស់​បណ្ដា​ក្រុម​ហ៊ុន​ក្នុង​វិស័យ​សណ្ឋាគារ ខុនដូ និង​អាជីវ​កម្ម​ទីលាន​វាយ​កូនគោល (golf) ក៏ធ្លាក់​ចុះ​ច្រើន​។

ទ្រព្យ​សម្បត្តិ​របស់​ប្រធានាធិបតី​អាមេរិក កាល​ពី​ខែ​មីនា គឺ​មាន​3.1​ពាន់​លាន​ដុល្លារ។ បន្ទាប់​ពី​បាន​ពិនិត្យ​ និង​វាយ​តម្លៃ​គ្រប់​ជ្រុង​ជ្រោយ ទស្សនាវដ្ដី Forbes បាន​រកឃើញ​ថា ទ្រព្យ​សរុប​របស់​លោក​ Trump បាន​បាត់បង់​1​ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​វីរុស​COVID-19 ដូច្នេះ ទ្រព្យ​របស់​លោក​ Trump នៅ​សល់​តែ​2.1​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

តម្លៃ​នៃ​អចលន​ទ្រព្យ​ប្រភេទ​ផ្ទះ​សម្រាប់​រស់​នៅ​របស់​លោក​ Trump ក៏បាន​ថយចុះ​87​លាន​ដុល្លារ​ នៅ​សល់​ត្រឹម​148​លាន​ដុល្លារ​។ បច្ចុប្បន្ន ប្រធានាធិបតី​អាមេរិក​ មាន​ផ្ទះ​ប្រមាណ​ជា​500​ខ្នង​ នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក​។

ក្នុង​ដំណាក់​កាល​នៃ​វិបត្តិ​សុខ​ភាព​នេះ ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ Trump Organization បាន​ព្យាយាម​លក់​សណ្ឋា​គារ​មួយ​នៅ​ Washington ប៉ុន្តែ គម្រោង​ការ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​។ សារ​ព័ត៌មាន​ Wall Street Journal បាន​ចុះផ្សាយ​ថា បណ្ដា​ក្រុម​ហ៊ុន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ បាន​បញ្ឈប់​បុគ្គលិក​ជាង​550​នាក់​។ បើ​ធៀប​នឹង​អំឡុង​ពេល​មុន​វិបត្តិ​សុខ​ភាព​COVID-19 ​សណ្ឋាគារ​របស់​លោក Trump ពេល​នេះ​​បាន​បាត់​បង់​តម្លៃ​ជិត​70​លាន​ដុល្លារ​ នៅ​សល់​ត្រឹម​38​លាន​ដុល្លារ​ប៉ុណ្ណោះ​។

យីហោ Hotel Management & Licensing របស់​លោក​ Trump ក៏បាន​បាត់​បង់​តម្លៃ​32​លាន​ដុល្លារ​ផងដែរ​។ ចាប់​ពី​ដើម​ខែ​មីនា តម្លៃ​របស់​ទីលាន​វាយ​កូន​គោល​របស់​ប្រធានាធិបតី​អាមេរិក​ ក៏បាន​ធ្លាក់​ចុះ​20​% នៅ​សល់​ត្រឹម​217​លាន​ដុល្លារ​។

ក្រៅ​ពី​ទ្រព្យ​សម្បត្តិ​ខាង​លើ លោក​ Trump ក៏​មាន​សាច់​ប្រាក់​សុទ្ធ​សរុប​160​លាន​ដុល្លារ​​ និង​មូល​បត្រ​តម្លៃ​295​លាន​ដុល្លារ រួម​នឹង​ទ្រព្យ​ប្រភេទ​ផ្សេង​ៗជា​ច្រើន​ទៀត​ផងដែរ​។ ឆ្នាំ​នេះ ប្រធានាធិបតី​អាមេរិក ឈរ​លំដាប់​លេខ​រៀង​ទី​1,001​ នៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​អ្នក​មាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​ពិភពលោក​របស់​ទស្សនាវដ្ដី​ Forbes ដោយ​បាន​ធ្លាក់​ចុះ​ជិត​300​ថ្នាក់ បើ​ធៀង​នឹង​ឆ្នាំ​2019​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement