Forbes​ ប្រកាស​ថា ប្រទេស​វៀត​ណាម​មាន​មហាសេដ្ឋី​តែ​4​រូប​ ខណៈ​1រូប​ទៀត​បាន​ធ្លាក់​ចេញ​ពី​បញ្ជី​ឈ្មោះ

Forbes​ ប្រកាស​ថា ប្រទេស​វៀត​ណាម​មាន​មហាសេដ្ឋី​តែ​4​រូប​ ខណៈ​1រូប​ទៀត​បាន​ធ្លាក់​ចេញ​ពី​បញ្ជី​ឈ្មោះ

ឆ្នាំ​នេះ(2020) ប្រទេស​វៀត​ណាម មាន​មហា​សេដ្ឋី​តិច​ជាង​ឆ្នាំ​2019​ ចំនួន​1រូប​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​ទស្សនវដ្ដី​ Forbes ហើយ​ទ្រព្យ​សរុប​របស់​បណ្ដា​មហាសេដ្ឋី​វៀតណាម​ក៏បាន​ថយ​ចុះ​2.1​ពាន់​លាន​ដុល្លារ​ផងដែរ​។

ទស្សនាវដ្ដី​ Forbes របស់​សហរដ្ឋ​អាមេរិក​ទើប​តែ​បាន​ប្រកាស​ផ្សាយ​​បញ្ជី​​រាយ​នាម​ស្ដី​អំពី​មហាសេដ្ឋី​ពិភពលោក​សម្រាប់​ឆ្នាំ​2020​នេះ​។ ក្នុង​បញ្ជី​នោះគេឃើញ​មានមហាសេដ្ឋីវៀត​ណាម​ចំនួន​4រូប​ គឺ​ប្រធាន​ក្រុម​ហ៊ុន​ Vingroup (លោក Pham Nhat Vuong) និង​​ CEO របស់​ VietJet Air (អ្នក​ស្រី Nguyen Thi Phuong Thao)​ រួម​នឹង​ប្រធាន​ក្រុម​ហ៊ុន​ Thaco (លោក​ Tran Ba Duong) និង​ប្រធាន​ក្រុម​ហ៊ុន​ Techcombank (លោក​ Ho Hung Anh)។ ចំណែក​លោក Nguyen Dang Quang ប្រធាន​ក្រុម​ហ៊ុន​ Masan លែង​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នេះ​ទៀត​ហើយ​។

លោក​ Pham Nhat Vuong
លោក​ Pham Nhat Vuong

ដើម្បី​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​រាយ​នាម​មហាសេដ្ឋី​ឆ្នាំ​2020​នេះ Forbes ត្រូវ​វាយ​តម្លៃ​ទៅ​លើ​ទំហំ​ទ្រព្យ​របស់​បុគ្គល​ជា​អ្នក​មាន​ម្នាក់ៗ​ ដោយ​យោង​ទៅ​លើ​​តម្លៃ​ភាគ​ហ៊ុន​ និង​អត្រា​ប្ដូរ​ប្រាក់​​នៅ​ក្នុង​ថ្ងៃ​ទី​18​មីនា​។

ឆ្នាំ​នេះ ក៏ជា​ឆ្នាំ​ដំបូង​ដែល​ចំនួន​មហាសេដ្ឋី​របស់​វៀត​ណាម​បាន​ថយ​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ មិន​ត្រឹម​តែ​​ចំនួន​មហា​សេដ្ឋី​នោះ​ទេ សូម្បី​តែ​ទ្រព្យ​សរុប​របស់​មហា​សេដ្ឋី​វៀត​ណាម​ទាំង​4​រូប​ក៏​បាន​ថយ​ចុះ​​2.1​ពាន់​លាន​ដុល្លារ​ផង​ដែរបើ​ធៀប​នឹង​ឆ្នាំ​2019។ មូលហេតុ​នៃ​ការ​ធ្លាប់​ចុះ​នេះ​ គឺ​ដោយ​សារ​មាន​ការ​ប្រែ​ប្រួល​ខុស​ធម្មតា​នៃ​ទី​ផ្សារ​មូល​បត្រ​នៅ​ក្នុង​អំឡុង​​3​ខែ​ដើម​ឆ្នាំ​2020​នេះ​។

អ្នក​ស្រី Nguyen Thi Phuong Thao
អ្នក​ស្រី Nguyen Thi Phuong Thao

2020​ គឺជា​ឆ្នាំ​ទី​8​ហើយ​ដែល​លោក​ Pham Nhat Vuong មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​របស់​ Forbes ដោយ​មាន​ទ្រព្យ​ 5.6​ពាន់​លាន​ដុល្លារ​ ថយ​ចុះ​1​ពាន់​លាន​ដុល្លារបើ​ធៀប​នឹង​ឆ្នាំ​2019​ និង​ឈរ​លំដាប់​ទី​286​ក្នុង​ពិភព​លោក​។ លោក​ Vuong មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​2013 ដែល​កាល​ណោះ​ ​មាន​ទ្រព្យ​សរុប​1.5​ពាន់​លាន​​ដុល្លារ​ និង​ឈរ​លំដាប់​ទី​974​ក្នុង​ពិភពលោក​។

លោក Tran Ba Duong
លោក Tran Ba Duong

មហាសេដ្ឋី​លំដាប់​ទី​2​នៅ​វៀត​ណាមគឺ CEO របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Vietjet Air អ្នក​ស្រី Nguyen Thi Phuong Thao ដោយ​មាន​ទ្រព្យ​សរុប​ 2.1​ពាន់​លាន​ដុល្លារ​ ថយ​ចុះ​200​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​2019 និង​ឈរ​លំដាប់​ទី​1,001​នៅ​លើ​ពិភពលោក​។

មហាសេដ្ឋី​លំដាប់​ទី​3​នៅ​វៀត​ណាមគឺ​លោក Tran Ba Duong ដោយ​មាន​ទ្រព្យ​សរុប​ 1.5​​ពាន់​លាន​ដុល្លារ​ ថយចុះ​200​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​ទៅ​ និង​ឈរ​លំដាប់​លេខ​​1,415​ក្នុង​ពិភពលោក​។

លោក​ Ho Hung Anh
លោក​ Ho Hung Anh

ឈរ​លំដាប់​ទី​4​នៅ​វៀត​ណាម គឺ​មហា​សេដ្ឋី​ Ho Hung Anh។ បើ​ធៀប​នឹង​ឆ្នាំ​2019​ ទ្រព្យ​សរុប​របស់​លោក Ho Hung​ Anh​ បាន​ថយ​ចុះ​700​លាន​ដុល្លារ​ នៅ​សល់​តែ​1​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​2020​នេះ។ មហាសេដ្ឋី​រូប​នេះ ឈរលំដាប់​​ទី​1,990​ ក្នុង​ចំណោម​មហា​សេដ្ឋី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​ Forbes៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement