ប្រធានាធិបតី​អាម៉េរិក ជំរុញ​ឱ្យ​សភា​អនុម័ត​កញ្ចប់​​ជំនួយ​ថវិកា ៥២ ពាន់​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​វិស័យ​បន្ទះ​អេឡិចត្រូនិក​​ (semiconductor)

លោក បៃដិន និង​បន្ទះ​អេឡិចត្រូនិក (semiconductor)

លោក ចូ បៃ​ដិ​ន បាន​ជំរុញ​ឱ្យ​សភា អនុម័ត​សេចក្ដីព្រាងច្បាប់​ផ្ដល់ជំនួយ​ដល់​បណ្ដា​ក្រុមហ៊ុន​ផលិត​បន្ទះ​អេឡិចត្រូនិក​ក្នុងស្រុក តម្លៃ ៥២ ពាន់​លាន​ដុល្លារ ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រភព​ផ្គត់ផ្គង់​ពី​បរទេស។

«សភា​ត្រូវអនុម័ត​សេចក្ដីព្រាងច្បាប់​នេះ កាន់តែ​ឆាប់ កាន់តែ​ល្អ» ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ថ្លែង​ដូច្នេះ​នៅ​ចំពោះមុខ​ក្រុម​ជំនួយការ​សេដ្ឋកិច្ច សន្តិសុខ​ជាតិ រួម​នឹង​តំណាង​មកពី​បណ្ដា​ក្រុមហ៊ុន​ផលិត​បន្ទះ​អេឡិចត្រូនិក កាលពី​ថ្ងៃទី ២៥ កក្កដា ស្ដីពី​សេចក្ដីព្រាងច្បាប់​ផ្ដល់ជំនួយ​ដែលមាន​តម្លៃ ៥២ ពាន់​លាន​ដុល្លារ សម្រាប់​បណ្ដា​ក្រុមហ៊ុន​​ផលិត​​បន្ទះ​​អេឡិច​ត្រូនិក​​ក្នុង​ស្រុក។

លោក បៃ​ដិ​ន បញ្ជាក់ថា ដើម្បី​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ ត្រូវតែ​ធានា​ការផលិត​បន្ទះ​អេឡិចត្រូនិក semiconductor ដែលជា​វត្ថុ​ចាំបាច់​សម្រាប់​គ្រប់យ៉ាង ចាប់ពី​ទូរស័ព្ទ​ឆ្លាត​វៃ រហូតដល់​រថយន្ត និង​អាវុធ​ជាដើម។ ម្ចាស់​សេត​វិមាន​សង្កាត់​​ធ្ងន់​​ថា ការ​ជួយ​​គាំទ្រ​របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​ផលិត​បន្ទះ​អេឡិចត្រូនិក​ក្នុងស្រុក​គឺ​មានន័យថា សហរដ្ឋ​អាម៉េរិក នឹង «អាច​នៅ​លេង​បាន​បន្តទៀត»។

«សហរដ្ឋ​អាម៉េរិក គឺជា​អ្នក​រកឃើញ​វិធី​បង្កើត​បន្ទះ​អេឡិចត្រូនិក semiconductor ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​មកនេះ យើង​បែរជា​បណ្ដោយឱ្យ​ការផលិត​បន្ទះ​អេឡិចត្រូនិក​នេះ​ស្ថិតនៅ​ក្រៅប្រទេស។ សហរដ្ឋ​អាម៉េរិក ត្រូវតែ​នាំមុខ​ពិភពលោក​នៅក្នុង​កិច្ចការ​នេះ» លោក បៃ​ដិ​ន អះអាង​ដូច្នេះ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក Gina Raimondo បាន​ហៅ microchip ដែលជា​បន្ទះ​អេឡិចត្រូនិក​ខ្នាតតូច ថា​ជា «ថ្នាល​បច្ចេកវិទ្យា​ជួយ​ដល់​សេដ្ឋកិច្ច​ទាំងមូល» ហើយ​បាន​ព្រមាន​ថា អាម៉េរិក កំពុង​ដើរ​ក្រោយ​គេ។ លោកស្រី​អះអាងថា ក្រុម​អ្នក​នាំចូល​របស់ សហរដ្ឋ​អាម៉េរិក កំពុងតែ «ពឹងផ្អែក​ទាំងស្រុង​លើ តៃវ៉ាន់ ដើម្បី​មាន​បន្ទះ​អេឡិចត្រូនិក​ដែលមាន​តម្លៃ​ទាប»។

Microchip កំពុង​ក្លាយជា​គ្រឹះ​នៃ​បច្ចេកវិទ្យា សូម្បីតែ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ដែល​កំពុង​ផ្ទុះ​ខ្លាំង។ ក្រុមមន្ត្រី​សហរដ្ឋ​អាម៉េរិក ក៏បាន​បញ្ជាក់ប្រាប់​ប្រធានាធិបតី បៃ​ដិ​ន អំពី​ផលប៉ះពាល់​ចំពោះ​សន្តិសុខ​ជាតិ នៅពេល​ប្រភព​ផ្គត់ផ្គង់​បន្ទះ​អេឡិចត្រូនិក​ក្នុងស្រុក​មាន​ភាពអន់ថយ៕

Advertisement