អាយុ​ទើបតែ 30 សោះ ទទួល​​បាន​មរតក​ជិត 16 ពាន់​លាន​ដុល្លារ​ពី Red Bull

Mark Mateschitz ទទួល​មរតក​ជិត 50% នៃ​ភាគហ៊ុន Red Bull ពី​ឪពុក Dietrich Mateschitz និង​ក្លាយជា​មនុស្ស​ដែល​រស់ក្នុង​ទំនាន់​សហស្ស​វត្សរ៍ មានទ្រព្យ​ច្រើនជាងគេ​នៅ អឺរ៉ុប។

ជា​កូន​របស់​មហាសេដ្ឋី Dietrich Mateschitz ដែល​បានទទួល​មរណភាព ទើប Mark បានទទួល​មរតក 49% នៃ​ភាគហ៊ុន Red Bull ដែល​ឪពុក​របស់គាត់​ជា​សហ​ស្ថាបនិក។ ចំណែក​ភាគហ៊ុន​ដែល​នៅសល់​គឺជា​កម្មសិទ្ធិ​របស់​អ្នកជំនួញ​ជនជាតិ​ថៃ Chaleo Yoovidgya។

ការ​ស្នង​មរតក​ជា​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ធំជាងគេ​លើ​ពិភពលោក រួម​នឹង​​ក្រុម​ប្រណាំង​ឡាន​ប្រភេទ Formula One (F1) ចំនួន 2 នាំឱ្យ Mark Mateschitz មានទ្រព្យ​សរុប​ឡើងដល់ 15.7 ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម Bloomberg Billionaires Index។ បើ​គិត​តាម​ទិន្នន័យ​ជាក់ស្ដែង មកដល់​ថ្ងៃទី 29 វិច្ឆិកា 2022 លោក​ Mark Mateschitz គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 90 នៅលើ​ពិភពលោក ដោយមាន​ទ្រព្យ 16.4 ពាន់​លាន​ដុល្លារ​អាម៉េរិក។ គាត់​ក៏​ជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នៅ ប្រទេស​អូទ្រីស។

លោក Dietrich Mateschitz និង​កូន​ប្រុស Mark Mateschitz

មុន​នោះ កាលពី​ថ្ងៃទី 22 តុលា សហ​ស្ថាបនិក​របស់ Reb Bull លោក Dietrich Mateschitz បានទទួល​មរណភាព​ក្នុង​អាយុ 78 ឆ្នាំ។ យោងតាម Fortune លោក Mark Mateschitz បាន​ក្លាយជា​មហាសេដ្ឋី​ដែល​ស្ថិតក្នុង​ក្រុមមនុស្ស «រស់​ឆ្លង​សហស្ស​វត្សរ៍» (អ្នក​កើត​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1980 ដល់​ពាក់កណ្ដាល​ទសវត្ស​រ៍​ឆ្នាំ 1990) ដែលមាន​ទ្រព្យ​ច្រើន​បំផុត​នៅ អឺរ៉ុប និង​ទី 4 ក្នុង​ពិភពលោក៕

Advertisement