រកបាន​ប្រាក់​ច្រើន​តាំងពី​ដើមឆ្នាំ មហាសេដ្ឋី​ឥណ្ឌា រូបនេះ មាន​វត្តមាន​ក្នុង​ក្លឹប​អ្នកមាន​ទ្រព្យ​ចាប់ពី ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក

មហាសេដ្ឋីឥណ្ឌា លោក Gautam Adani ម្ចាស់ក្រុមហ៊ុន Adani Group

មហាសេដ្ឋី Gautam Adani គឺជា​សមាជិក​ទី ១០ របស់ ក្លឹប​អ្នកមាន​ទ្រព្យ​ចាប់ពី ១០០ ពាន់​លាន​ដុល្លារ (The 100 Billion Dollar Club) នាបច្ចុប្បន្ន។

ក្លឹប​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​មាន​លេខ​ចំនួន ១២ ខ្ទង់ ទើបតែ​បានទទួល​សមាជិក​ថ្មី នោះ​គឺ​មហាសេដ្ឋី​ឥណ្ឌា Gautam Adani។ យោងតាម Bloomberg Billionaire Index ម្ចាស់ Adani Group ដែលជា​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​កំពង់ផែ​សមុទ្រ រុករក​រ៉ែ និង​ថាមពលបៃតង បច្ចុប្បន្ន​មានទ្រព្យ​ដែលមាន​តម្លៃ ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

លោក Adani ក៏​ជា​មហាសេដ្ឋី​ដែល​រកបាន​ប្រាក់​ច្រើនជាងគេបង្អស់​ចាប់ពី​ដើមឆ្នាំ​មកនេះ ដោយ​រកបាន ២៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈពេល ១ ឆ្នាំ ២០២១ លោក​រកបាន​សរុប​ជិត ៤៣ ពាន់​លាន​ដុល្លារ។ លោក Adani បាន​យកឈ្នះ​មហាសេដ្ឋី​ឥណ្ឌា Mukesh Ambani និង​ក្លាយជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង ទ្វីបអាស៊ី ព្រមទាំង​ឈរ​លំដាប់​ទី ១០ ក្នុង​ពិភពលោក។ លោក Ambani ឈរ​ពីក្រោយ​លោក Adani ដោយមាន​ទ្រព្យ ៩៩ ពាន់​លាន​ដុល្លារ​អាម៉េរិក។

មហា​សេដ្ឋី Adani ចាប់​ដៃ​ជាមួយ​លោក​ Modi ដែល​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្ត្រី​របស់​ ប្រទេស​ឥណ្ឌា​

លទ្ធផល​ខាង បាន​កើតឡើង​បន្ទាប់ពី ក្រុមហ៊ុន Adani Group បង្វែរ​ទិសដៅ​ទៅរក​វិស័យ​ថាមពលបៃតង និង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ទាក់ទាញ​បាន​ប្រភព​ទុនវិនិយោគ​ច្រើន​ពី​បរទេស រួមមាន​ពី Total SE របស់ បារាំង និង Warburg Pincus របស់ សហរដ្ឋ​អាម៉េរិក។

មហាសេដ្ឋី​កើត​ឆ្នាំ ១៩៦២ រូបនេះ ក៏បាន​ពង្រីក​ខ្លួន​ទៅក្នុង​វិស័យ​នានា​ដែល នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​វាយតម្លៃថា មាន​សារសំខាន់​សម្រាប់​ការកសាង​ប្រទេសជាតិ។

ក្នុង​គ្រា​ដែល​ក្រុម​មហាសេដ្ឋី​មកពី​បណ្ដា​ក្រុមហ៊ុន​ខ្នាត​យក្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់ សហរដ្ឋ​អាម៉េរិក បាន​ស្គាល់​ការធ្លាក់ចុះ​នៃ​ទ្រព្យសម្បត្តិ​របស់ខ្លួន គេ​ឃើញថា មហាសេដ្ឋី ២ រូប របស់ ឥណ្ឌា គឺ​លោក Adani និង Ambani បែរជា​មានទ្រព្យ​កាន់តែច្រើន។ ដូច​ទៅនឹង​មហាសេដ្ឋី Adani ម្ចាស់​ក្រុមហ៊ុន Reliance Industries លោក Ambani ក៏​កំពុងតែ​ពង្រីក​វត្តមាន​ទៅក្នុង​វិស័យ​ថ្មី មានដូចជា ពាណិជ្ជកម្ម​បែប​ឌីជីថល និង​បច្ចេកវិទ្យា​ជាដើម ដែល​ទាក់ទាញ​បាន​អ្នកវិនិយោគធំៗមួយចំនួន ក្នុងនោះ​មាន​ទាំង Facebook និង Google ផងដែរ៕

Advertisement