ស្ថាបនិក​របស់​ក្រុមហ៊ុន​រចនា​ម៉ូដ​សម្លៀកបំពាក់ Tom Ford ក្លាយជា​មហាសេដ្ឋី

លោក Tom Ford

ក្រោយ​ពី​មាន​ការទិញ​ដូរ​​ជាមួយ​ក្រុមហ៊ុន Estee Lauder លោក Tom Ford ក៏​ទើបតែ​មាន​នាម​ថ្មី​មួយទៀត នោះ​គឺ «មហាសេដ្ឋី» ទន្ទឹមនឹង​នាម​ជា «អ្នក​រចនា​ម៉ូដ», «អ្នកដឹកនាំ​សម្ដែង» និង «នាយក​ផ្នែក​ច្នៃប្រឌិត (Creative Director)។

ក្រុមហ៊ុន​ផលិត​គ្រឿងសម្អាង Estee Lauder បាន​ចំណាយ​ប្រាក់ 2.8 ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ទិញយក​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ Tom Ford កាលពី​ថ្ងៃទី 16 វិច្ឆិកា 2022។ យោងតាម Bloomberg Billionaires Index ការទិញ​ដូរ​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យសម្បត្តិ​របស់​អ្នក​ច្នៃ​ម៉ូដ Tom Ford ឡើងដល់​ជាង 2 ពាន់​លាន​ដុល្លារ​ដោយសារ​កាន់កាប់​ភាគហ៊ុន​ភាគច្រើន​នៅក្នុង​ក្រុមហ៊ុន​នេះ។

លោក Tom Ford វ័យ 61 ឆ្នាំ​ បានឱ្យដឹងថា លោក​ជឿជាក់ថា Estee Lauder នឹង​បន្ត​អភិវឌ្ឍ Tom Ford នាពេលខាងមុខ។ លោក Ford នៅតែ​បន្ត​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ច្នៃប្រឌិត​សម្រាប់​យីហោ​នេះ​រហូតដល់​ដាច់​ឆ្នាំ 2023។

Tom Ford បង្កើត​ក្រុមហ៊ុន​ដែល​ដាក់​​ឈ្មោះ​យីហោ​ទៅ​តាម​ឈ្មោះ​របស់គាត់​កាលពី​ឆ្នាំ 2014 ដោយ​សហការ​ជាមួយ​នឹង​នាយក​ប្រតិបត្តិរបស់ Gucci លោក Domenico De Sole។ ដំបូង​ឡើយ Tom Ford ផ្ដោតទៅលើ​ការអភិវឌ្ឍ​ទឹកអប់ និង​គ្រឿងសម្អាង ប៉ុន្តែ​ក្រោយមក​ក៏បាន​ផលិត​វ៉ែ​តា និង​សម្លៀកបំពាក់​បុរស​ប្រភេទ​ប្រណិត។

មហាសេដ្ឋី Tom Ford និង​តារា​ចម្រៀង​ Jennifer Lopez

មុន​នោះ លោក Ford ធ្វើជា​ប្រធាន​ផ្នែក​ច្នៃប្រឌិត​នៅក្នុង​ក្រុម​ហ៊ុន Gucci ប៉ុន្តែ​បាន​ចាក​ចេញពី​ក្រុមហ៊ុន​នេះ​នៅពេល Gucci ត្រូវបាន​លក់​ទៅឱ្យ ​ក្រុមហ៊ុន​បារាំង Kering ព្រោះ​តែ​បារម្ភ​ថា ម្ចាស់​ថ្មី​នឹង​គ្រប់គ្រង​លើ​គំនិត​ច្នៃប្រឌិត​របស់គាត់។

លោក Ford ក៏​ធ្លាក់​ជា​អ្នក​សម្ដែង និង​បង្កើត​ក្រុមហ៊ុន​ផលិតភាព​យន្ត ក្នុងនោះ​គាត់​សរសេរ​រឿង និង​ដឹកនាំ​ការសម្ដែង​។ ក្រៅពីនេះ Tom Ford ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ស្ដីពី​ម៉ូ​ដែល​សម្លៀកបំពាក់​​ផងដែរ៕

Advertisement