ទ្រព្យសម្បត្តិ​របស់​ក្រុម​មហាសេដ្ឋី​នៅ ប្រទេស​រុស្ស៊ី ថយចុះ​មក​នៅ​ទាប​ជាង​ឆ្នាំមុន​យ៉ាង​ឆ្ងាយ

សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ការដាក់ទណ្ឌកម្ម រួម​នឹង​បញ្ហា​ប្រា​ក់រូ​ប្ល​រុស្ស៊ី ធ្លាក់​ថ្លៃ បានធ្វើ​ឱ្យទ្រព្យរបស់​ក្រុម​អ្នកមាន​ជាងគេ​នៅ ប្រទេស​រុស្ស៊ី «រលាយ​អស់» ២៦៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

អ្នក​មាននៅ រុស្ស៊ី ចំនួន ៨៣ នាក់ មានឈ្មោះ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​ឆ្នាំ ២០២២ របស់​ទស្សនាវដ្ដី Forbes ដែល​តួលេខ​នេះ ថយចុះ​ច្រើន បើ​ធៀប​នឹង ១១៧ នាក់ កាលពី​ឆ្នាំ ២០២១។ ក្រុម​មហាសេដ្ឋី​នៅ រុស្ស៊ី បច្ចុប្បន្ន​មានទ្រព្យ​សរុប ៣២០ ពាន់​លាន​ដុល្លារ​អាម៉េរិក តិចជាង​ឆ្នាំ​កន្លង ២៦៣ ពាន់​លាន​ដុល្លារ។

គិត​ជា​មធ្យម មហាសេដ្ឋី​ម្នា​ក់នៅ រុស្ស៊ី បាត់បង់​ទ្រព្យ​អស់ ២៧% ស្មើនឹង ២ ពាន់​លាន​ដុល្លារ​អាម៉េរិក/ម្នាក់។ មហាសេដ្ឋី​ដែល​បាត់បង់​ទ្រព្យ​ច្រើនជាងគេ​រួមមាន Leonid Mikhelson (បាត់បង់ ១០.៩ ពាន់​លាន​ដុល្លារ), Alexey Mordashov (បាត់បង់ ១៥.៩ ពាន់​លាន​ដុល្លារ), Gennady Timchenko (បាត់បង់ ១០.៧ ពាន់​លាន​ដុល្លារ), Vagit Alekperov (បាត់បង់ ១៤.៤ ពាន់​លាន​ដុល្លារ), Suleiman Kerimov (បាត់បង់ ១១.៤ ពាន់​លាន​ដុល្លារ) និង Tatyana Bakalchuk (បាត់បង់ ១០.៩ ពាន់​លាន​ដុល្លារ)។

លោក Alexey Mordashov (ស្ដាំ) បាត់បង់ ១៥.៩ ពាន់​លាន​ដុល្លារ

ឆ្នាំនេះ កំពូល​អ្នកមាន​ចំនួន ៣៥ នាក់ របស់ រុស្ស៊ី បាន​ធ្លាក់​ចេញពី​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី ក្នុងនោះ​មាន​ទាំង Ogleg Tinkov  ស្ថាបនិក​របស់​ Tinkoff Bank និង​ Arkady Volzh ដែល​ជា​ CEO របស់ Yandex។

រុស្ស៊ី មាន​មហា​សេដ្ឋី​ថ្មី​តែ​ ២ រូប​ប៉ុណ្ណោះ នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ Forbes នា​ឆ្នាំ​ ២០២២​ នេះ​។ នោះ​គឺ​ Denis Sverdlov ដែលជា CEO របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Arrival មាន​ការិយាល័យ​កណ្ដាល​នៅ អង់គ្លេស និង Egor Kulkov សហ​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ផលិត​ឱសថ​ Pharmstandard នៅ មូ​ស្គូ។

Advertisement