ក្រុមហ៊ុនមេ​របស់ TikTok ត្រូវបាន​កំណត់​តម្លៃ​រហូតដល់ 250ពាន់​លាន​ដុល្លារ​អាមេរិក

ជាមួយនឹង​តម្លៃ 250ពាន់​លាន​ដុល្លារ​អាមេរិក ByteDance នឹង​ក្លាយជា​ក្រុមហ៊ុន​ធំជាងគេ​បណ្ដាល​ក្រុមហ៊ុន​ដែលមាន​អាយុចាស់ៗ ដូចជា Exxon Mobil និង Coca-Cola ទៅទៀត បើ​គិត​ទៅលើ​តម្លៃ​មូលធន​ទីផ្សារ។

មូល​ប​ត្រ​របស់ ByteDance ដែលជា​ក្រុម​មេ​របស់​បណ្ដាញ​សង្គម​វីដេអូ TikTok កំពុង​ត្រូវ​ជួញដូរ​ជាមួយនឹង​តម្លៃ​មូលធន​របស់​ក្រុមហ៊ុន​ឡើងដល់​ជាង 250ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទីផ្សារ​បន្ទាប់ (Secondary Market)។

យោងតាម Bloomberg ការកំណត់​តម្លៃ​នៃ​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ឡើងថ្លៃ​ខ្ពស់​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ដោយសារ​ក្រុម​អ្នកវិនិយោគ​សង្ឃឹមលើ TikTok ជាមួយនឹង​ការដែល​ស្ថាបនិក Zhang Yiming កំពុងធ្វើការ​ជ្រើសរើស​នានា​ដើម្បី​ធ្វើ IPO។ នៅក្នុង​ព្រឹត្តិការណ៍​ប្រមូល​ទុន​ចុងក្រោយបង្អស់ ByteDance ត្រូវបាន​កំណត់​តម្លៃ​ក​ត្រឹម 140ពាន់​លាន​ដុល្លារ​អាមេរិក។

Zhang ដែលជា​អ្នកបង្កើត ByteDance កាលពី​ឆ្នាំ 2012 បានបង្ហាញ​ឱ្យឃើញ​អំពី​សមត្ថភាព​ដ៏​កំពូល​របស់ខ្លួន នៅក្នុង​ការបង្កើតបាន​ផលិតផល​ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ បើទោះជា​ត្រូវ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ក្រុមហ៊ុនធំៗ ដូចជា Tencent និង Alibaba ជាដើម។ ជោគជ័យ​ដំបូង​របស់ Zhang គឺ Toutiao ដែលជា​កម្មវិធី (App) ព័ត៌មាន​ដ៏​ល្បីល្បាញ ប៉ុន្តែ​បច្ចុប្បន្ន​ក៏ត្រូវ​បាន TikTok លោត​កាត់មុខ។ កាលពី​ឆ្នាំទៅ ប្រាក់ចំណូល​របស់ ByteDance បាន​កើន​ទ្វេ​រដង ស្មើនឹង 35ពាន់​លាន​ដុល្លារ​អាមេរិក។

Zhang Yiming ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ ByteDance

ByteDance ធ្លាប់​ជួប​បញ្ហា​ជាមួយនឹង​រដ្ឋាភិបាល​អាមេរិក ជំនាន់​លោក Trump ដែល​កាលណោះ លោក Trump ធ្លាប់បាន​ប្រកាសថា នឹង​បង្ខំ​ឱ្យ​ក្រុមហ៊ុន​នេះ​លក់ TikTok ឱ្យ​ក្រុមហ៊ុន​ណាមួយ​របស់​អាមេរិក ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​ជាតិ។ ប៉ុន្តែ ថ្មីៗនេះ រដ្ឋាភិបាល​របស់លោក Biden បានឱ្យដឹងថា នឹង​វាយតម្លៃ​ស្ថានការណ៍​ឡើងវិញ ដែល​នេះ​ទំនងជា​បើកផ្លូវ​ឱ្យ ByteDance រក្សា​ផ្នែក​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​សហរដ្ឋអាមេរិក។

Kuaishou Technology ដែលជា​គូប្រជែង «ទម្ងន់​ស្រាល» មួយ​របស់ ByteDance ទើបតែ​បានធ្វើ IPO នៅលើ​ផ្សារ​ហ៊ុន​ហុងកុង​កាលពី​ខែ​មុន។ មូល​ប​ត្រ​របស់ Kuaishou Technology បាន​កើនឡើង​ខ្ពស់ជាង​មុន​ទ្វេដង បើ​ធៀប​នឹង​តម្លៃ​ក្នុង​គ្រា IPO ដែល​ប្រការ​មួយ​ជួយ​ឱ្យ​តម្លៃ​មូលធន​របស់​ក្រុមហ៊ុន ByteDance ឡើងដល់ 140ពាន់​លាន​ដុល្លារ​អាមេរិក។ ក្រុមអ្នកវិភាគ​យល់ឃើញ​ថា នេះ​អាចជា​កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​ក្រុម​អ្នកវិនិយោគ​វាយតម្លៃ​ឡើងវិញ​អំពី​សក្ដានុពល​ដែល​កាន់តែ​ធំឡើងៗរបស់ ByteDance។

ទោះជា​យ៉ាងណាក៏ដោយ ByteDance កំពុងតែ​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​ច្បាប់​មួយចំនួន។ ក្រៅពី​ហានិភ័យ​ត្រូវ​បង្ខំ​ឱ្យ​លក់ TikTok នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក ByteDance ក៏​កំពុង​ត្រូវបាន​រដ្ឋាភិបាល​ចិន​តាមដាន​យ៉ាង​ម៉ត​ចត់​ផងដែរ៕

ប្រភព៖ Bloomberg
ប្រែ​សម្រួល៖ បុត្រា

Advertisement