ជេ​ហ្វ បេ​ហ្សូស (Jeff Bezos) អាច​នឹង​បាត់បង់ 23 ពាន់​ដុល្លារ​នៅក្នុង​រយៈពេល​តែមួយ​ថ្ងៃ

ទ្រព្យសម្បត្តិ​របស់​ស្ថាបនិក Amazon អាច​ថយចុះ​ច្រើន​ក្នុងថ្ងៃនេះ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ព្យាករ​ថា ប្រាក់ចំណូល​ក្នុង​រដូវ​ទិញដូរ​ចុងឆ្នាំ​នឹង​ជួប​ការលំបាក។

ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​ក្នុង​ពិភពលោក Amazon កាលពី​ម្សិលមិញ​បាន​ព្យាករ​អំពី​លទ្ធផល​ជំនួញ​នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំនេះ​ថា អន់​ខ្លាំង បើ​ធៀប​នឹង​ការវាយតម្លៃ​របស់​ក្រុមអ្នកវិភាគ។ Amazon ព្យាករ​ថា ប្រាក់ចំណូល​ក្នុង​ត្រីមាស​ទី​បួន​ឆ្នាំនេះ​អាច​សម្រេចបាន​ត្រឹមតែ​ពី 140 ដល់ 148 ពាន់​លាន​ដុល្លារ កើន​ពី 2 ដល់ 8% ធៀប​នឹង​ឆ្នាំ​កន្លង។ ចំណែក​ក្រុមអ្នកវិភាគ​យល់ថា តួលេខ​នេះ​នឹង​ជា 155 ពាន់​លាន​ដុល្លារ។ ប្រាក់ចំណូល​ក្នុង​ត្រីមាស​ទី​បី​របស់ Amazon កើន 15% ដោយ​វិល​ត្រលប់​ទៅរក​កំណើន 2 ខ្ទង់ ប៉ុន្តែ​នៅតែ​មិន​សម្រេចបាន​ដូច​ការរំពឹង​របស់ Wall Street។

ព័ត៌មាន​ខាងលើ​បានធ្វើឱ្យ​ភាគហ៊ុន Amazon បាត់បង់ 21% នៅក្នុង​ការជួញដូរ​ក្រៅ​ម៉ោង​កាលពី​ថ្ងៃទី 27 តុលា។ បើសិនជា​អត្រា​ថយចុះ​នេះ​កើតមាន​នៅក្នុង​ថ្ងៃទី 28 តុលា នោះ​មានន័យថា មហាសេដ្ឋី ជេ​ហ្វ បេ​ហ្សូស  នឹង​បាត់បង់​ទ្រព្យ 23 ពាន់​លាន​ដុល្លារ​អាម៉េរិក។ នេះ​នឹង​ជា​អត្រា​ថយចុះ​ប្រចាំថ្ងៃ​ធំ​លំដាប់​ទី 5 នៅក្នុង​ប្រវត្តិ​តាមដាន​របស់ Bloomberg Billionaires Index។ ពេលនោះ លោក ជេ​ហ្វ បេ​ហ្សូស នឹង​នៅសល់​ទ្រព្យ​ត្រឹមតែ 111 ពាន់​លាន​ដុល្លារ ស្មើនឹង​ពាក់កណ្ដាល​ធៀប​នឹង​ទ្រព្យ​របស់គាត់​កាលពី​ខែកក្កដា 2021។

ទ្រព្យ​របស់លោក ជេ​ហ្វ បេ​ហ្សូស (អាយុ 58 ឆ្នាំ) បាន​ថយចុះ​អស់​ជាង 58 ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ គិត​ត្រឹម​ថ្ងៃទី 27 តុលា 2022 ដោយសារតែ​ក្រុម​ភាគហ៊ុន​បច្ចេកវិទ្យា​ដាំ​ក្បាល​ចុះ។

ដូច​ទៅនឹង​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ Amazon យល់ថា ផលវិបាក​នេះ​បានកើត​ឡើង​ដោយសារ​បញ្ហា​អតិផរណា ហើយ​ថា តម្លៃ​ឥន្ធនៈ​កើនឡើង និង​តម្រូវ​ការថយចុះ​នឹង​អូស​បន្លាយពេល​យូរ​ទៀត។ ពួកគេ​ក៏ត្រូវ​រង​ផលប៉ះពាល់​នៅពេល​អ្នកប្រើប្រាស់​វិល​ទៅរក​ទម្លាប់​ទិញ​ទំនិញ​ដោយផ្ទាល់ ក្រោយ​កូ​វីដ-១៩ បានបញ្ចប់។

ឆ្នាំនេះ ភាគហ៊ុន Amazon បាន​ធ្លាក់​ថ្លៃ 33%។ ជេ​ហ្វ បេ​ហ្សូស បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន Amazon ចំនួន 996 លាន​ហ៊ុន នេះ​បើតាម​របាយការណ៍​កាល​ពី​ខែសីហា។ ទ្រព្យ​សរុប​របស់​មហាសេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ជេ​ហ្វ បេ​ហ្សូស (ឈរ​បន្ទាប់ពី អ៊ីឡុន ម៉ាស (Elon Musk) បច្ចុប្បន្ន​មាន 171 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement