ទិវានៃក្ដីស្រលាញ់ (Valentine’s Day) ឆ្នាំ ២០២២៖ ៧៦% នៃ​អ្នកដែល​មាន​គម្រោងធ្វើខួប​អនុស្សាវរីយ៍ យល់ថា ជារឿងសំខាន់ដែលត្រូវធ្វើខួប នៅក្នុងកាលៈទេសៈនេះ

(សហរដ្ឋអាម៉េរិក)-យោងតាម​ការស្ទង់មតិ​ប្រចាំឆ្នាំ​ដែល​ត្រូវបាន​ប្រកាស​នា​ថ្ងៃនេះ​ដោយ​សម្ព័ន្ធជាតិ​លក់រាយ និង Prosper Insights & Analytics ជា​មធ្យម មនុស្ស​ម្នាក់​គ្រោង​នឹង​ចំណាយ ១៧៥.៤១ ដុល្លារ​អាម៉េរិក សម្រាប់​អំណោយ​នៅក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់។

ការស្រាវជ្រាវ​របស់​ស​ម្ព័​ន្ធ​ជាតិ​លក់រាយ និង Prosper Insights & Analytics បានឱ្យដឹងថា ការចំណាយ​សម្រាប់​ទិវា​នៃ​ក្ដី​ស្រលាញ់ នឹង​ឡើងដល់ ២៣.៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២ ខណៈ​ឆ្នាំ ២០២១ តួលេខ​នេះ​ត្រឹមតែ ២១.៨ ពាន់​លាន​ដុល្លារ។

«ទិវា​នៃ​ក្ដី​ស្រលាញ់ គឺជា​ឱកាស​ពិសេស​សម្រាប់​ពលរដ្ឋ​អាម៉េរិក​ភាគច្រើន។ ជាងនេះទៀត នៅពេល​យើង​បាន​ចាក​ផុតពី​វិបត្តិ​កូ​វីដ-១៩ ក្រុម​លក់រាយ​បាន​ត្រៀម​រួចរាល់​ដើម្បី​ជួយ​ពួកគេ​ឱ្យ​ទទួលបាន​បទពិសោធ​ន៍​មិនអាច​បំភ្លេចបាន និង​មានន័យ​ជ្រៅ នៅក្នុង​ទិវា​នេះ» លោក Matthew Shay ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ NRF (National Research Foundation) បាន​ថ្លែង​ដូច្នេះ។

ពលរដ្ឋ​អាម៉េរិក​ នឹង​ចំណាយ​ប្រាក់ ២៣.៩ ពាន់លានដុល្លារក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ ឆ្នាំ ២០២២

ជាក់ស្ដែង ជាង​ពាក់កណ្ដាល (៥៣%) នៃ​អ្នកប្រើប្រាស់​នៅ សហរដ្ឋ​អាម៉េរិក មាន​គម្រោង​ប្រារព្ធ​ពិធី​អនុស្សាវរីយ៍​នៅ​ឆ្នាំ ២០២២ ដែល​តួលេខ​នេះ​ខ្ពស់ជាង​បន្តិច ធៀប​នឹង ៥២% ក្នុង​ឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ ប្រហែល ៧៦% ក្នុងចំណោម​អ្នក​ដែលមាន​គម្រោង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ យល់ថា នេះ​គឺជា​រឿង​សំខាន់​ដែល​ត្រូវធ្វើ ពិសេស​គឺ​នៅក្នុង​ស្ថានការណ៍​នៃ​ជំងឺ​រាតត្បាត​នេះ។

យោងតាម​ការស្ទង់មតិ មនុស្សម្នា​ក់មាន​គម្រោង​ចំណាយ​ជា​មធ្យម ១៧៥.៤១ ដុល្លារ​អាម៉េរិក សម្រាប់​កាដូ​នៅក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់។ ចំនួន​នៃ​ការចំណាយ​នេះ កើនឡើង​បន្តិច ធៀប​នឹង ១៦៤.៧៦ ដុល្លារ កាលពី​ឆ្នាំ ២០២១។

ចំណែក​កាដូ​ដែល​នឹង​ត្រូវបាន​និយម​បំផុត​នៅក្នុង​ឆ្នាំនេះ រួមមាន​ដូចជា ស្ករ​គ្រាប់ (៥៦%), លិខិត​ជូនពរ (៤០%) និង ផ្កា (៣៧%)។ ប្រមាណ​ជា ៣១% នៃ​អ្នក​ដែល​ត្រូវបាន​ស្ទង់​មតិ ឆ្លើយថា នឹង​ទទួលទាន​អាហារ​ក្នុង​រាត្រី​ទិវា​នៃ​ក្ដី​ស្រលាញ់​ប្រកបដោយ​រ៉ូ​មេន​ទិច ខណៈ​តួលេខ​នេះ​កាលពី​ឆ្នាំ ២០២១ មាន ២៤%។

ទន្ទឹមនឹងនេះ ជិត ២២% នៃ​អ្នក​ត្រូវបាន​សួរ ប្រាប់ថា នឹង​ជ្រើសរើស​គ្រឿងអលង្ការ​ជូន​មនុស្ស​ពិសេស។ ការចំណាយ​សម្រាប់​កាដូ​ជា​គ្រឿងអលង្ការ​ឆ្នាំនេះ ត្រូវបាន​គណនា​ឃើញថា ប្រហែល ៦.២ ពាន់​លាន​ដុល្លារ ខ្ពស់ជាង​ច្រើន ធៀប​នឹង ៤.១ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២១ និង​ជា​កម្រិត​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

«បើទោះជា​កាដូ​ជា​ប្រពៃណី​នៅក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ ដូចជា ស្ករ​គ្រាប់ និង​ផ្កា​ជាដើម ហាក់​នៅតែ​ជា​អំណោយ​ទាន់សម័យ ប៉ុន្តែ អ្នក​ជូន និង​អ្នកទទួល​សុទ្ធ​តែមាន​អារម្មណ៍​ថា មាន​ផាសុកភាព​ជាង នៅពេល​បាន​ទៅ​បរិភោគ​អាហារ​ពិសេស ឬ​ចូលរួម​ទទួលយក​បទពិសោធន៍​ថ្មី ធៀប​នឹង​ឆ្នាំមុន» លោក Philips Rist នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន Prosper Insights បញ្ជាក់​ដូច្នេះ៕

Advertisement