ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ប៉ុន្តែទទួលបានប្រាក់ខែដូចដើម

ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការបង្កកំណើត ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន បញ្ចេញគោលការណ៍ថ្មីដែលអនុញ្ញាតឱ្យបុគ្គលិកជាឪពុកសម្រាកពីការងារ ប៉ុន្តែទទួលបានប្រាក់ខែ 100%។

ក្រុមហ៊ុនអ៊ីអន (Aeon) នឹងផ្ដល់ប្រាក់ខែដូចមុនដល់បុគ្គលិកភេទប្រុស នៅពេលសុំច្បាប់សម្រាកដើម្បីមើលថែកូនតូចអាយុចាប់ពីមួយឆ្នាំចុះក្រោម។ គោលការណ៍នេះគ្រោងនឹងអនុវត្តក្នុងឆ្នាំ 2024 ដើម្បីចូលរួមកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់បុគ្គលិកភេទប្រុសសុំច្បាប់ឈប់សម្រាកដើម្បីមើលថែកូន។

អត្ថប្រយោជន៍ដែលមិនមានការកំណត់អាយុនេះ នឹងត្រូវបានអនុវត្តជាបណ្ដើរៗចាប់ពីខែកុម្ភៈ សម្រាប់ក្រុមហ៊ុនចំនួនប្រហែល 150 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្មអ៊ីអន។ តាមគម្រោង ក្នុងឆ្នាំដំបូងនឹងមានបុគ្គលិកភេទប្រុស និងភេទស្រីប្រមាណ 2,000 នាក់ នឹងសុំច្បាប់សម្រាកដើម្បីមើលថែកូន ហើយទទួលបានប្រាក់ខែដូចដើម។

បច្ចុប្បន្ន បុគ្គលិកភេទស្រីជិត 100% របស់អ៊ីអន ដែលឆ្លងទន្លេ សុទ្ធតែទទួលបានច្បាប់សម្រាកពីការងារដើម្បីមើលថែកូន ប៉ុន្តែអត្រានេះរបស់បុគ្គលិកភេទប្រុសគឺ 15%។ ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកដើម្បីមើលថែកូន ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងផ្ដល់ជូនប្រហែល 80% ធៀបនឹងប្រាក់ខែ ដូច្នេះហើយទើបបុគ្គលិកនឹងទទួលបានប្រាក់ខែ 20% ទៀតពីអ៊ីអន បន្ទាប់ពីពួកគេត្រឡប់ចូលធ្វើការវិញ។

យោងតាមស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលជប៉ុន ចំនួនប្រជាជនសរុបរបស់ប្រទេសនេះនឹងថយចុះ 17% ចាប់ពីឆ្នាំ 2020 ដល់ 2050 ដោយធ្លាក់មកនៅត្រឹម 104.69 លាននាក់។ ចំណែកវិទ្យាស្ថានជាតិស្រាវជ្រាវសន្តិសុខសង្គម និងចំនួនប្រជាជន (IPSS) វិញ គិតត្រឹមឆ្នាំ 2070 ចំនួនប្រជាជននឹងនៅសល់ 87 លាននាក់។

Japan Times ឱ្យដឹងថា ចំនួនកុមារនៅប្រទេសជប៉ុន បានថយចុះនៅក្នុងរយៈពេលជាង 4 ទសវត្សរ៍កន្លង គ្រាដែលមានប្រជាជនកាន់តែច្រើនមិនចង់រៀបការ និងបង្កើតកូនចៅ ព្រោះតែការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ ចេះតែកើនឡើង៕

Advertisement