មហាសេដ្ឋី​មួយរូប ជូន​ក្រុមហ៊ុន​​ទាំងមូល​ទៅឱ្យ​មូលនិធិ​មនុស្សធម៌ ដើម្បី​សង្គ្រោះ​ផែនដី

មហា​សេដ្ឋី Yvon Chouinard

(សហរដ្ឋ​អាម៉េរិក)-មហាសេដ្ឋី​មួយរូប​ដែលជា​ស្ថាបនិក​របស់ Patagonia ប្រកាសជូន​ក្រុមហ៊ុន​នេះ​ទៅឱ្យ​មូលនិធិ​មនុស្សធម៌​មួយ ហើយ​ប្រាក់ចំណូល​ទាំងអស់​របស់​ក្រុមហ៊ុន​នេះ​នឹង​ទុក​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ។

Yvon Chouinard មហាសេដ្ឋី​អាម៉េរិក ដែល​កាន់កាប់​យីហោ​សម្ភារៈ​កីឡា​ដ៏​ធំ និង​ជោគជ័យ​បំផុត​មួយ​នៅក្នុង​ពិភពលោក កាលពី​ថ្ងៃទី ១៤ កញ្ញា បាន​ប្រកាសជូន​ក្រុមហ៊ុន​ទាំងមូល​ដល់​អង្គ​ការមិន​ស្វែងរក​ប្រាក់​ចំណេញ​ ហើយ​មូលនិធិ​មួយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ប្រាក់ចំណេញ​​របស់​ក្រុមហ៊ុន​នេះ ទុក​សម្រាប់​បេសកកម្ម​សង្គ្រោះ​ផែនដី។

«គិត​មកដល់ពេលនេះ ផែនដី​គឺជា​ភាគ​ហ៊ុ​និក​តែមួយគត់​របស់​យើង» ក្រុមហ៊ុន Patagonia ប្រកាស​ដូច្នេះ។ «ប្រាក់ចំណូល​ទាំងអស់​នឹង​ទុក​សម្រាប់​បេសកកម្ម​សង្គ្រោះ​ពិភពលោក​របស់​យើង»។

Chouinard វ័យ ៨៣ ឆ្នាំ រួម​នឹង​ភរិយា កូន ២ នាក់ និង​ក្រុម​មេធាវី បាន​បង្កើត​ប្រព័ន្ធ​មួយ​ដែល​អនុញ្ញាតឱ្យ Patagonia ធ្វើ​សកម្មភាព​ដូច​ទៅនឹង​ក្រុមហ៊ុន​មួយ ប៉ុន្តែ ប្រាក់ចំណេញ​ដែល​រកបាន​នឹង​ត្រូវបាន​ចំណាយ​ទៅក្នុង​ការប្រឹងប្រែង​ការពារ​បរិស្ថាន។

ហាងសម្លៀកបំពាក់​យីហោ Patagonia របស់​មហា​សេដ្ឋី Chouinard

គ្រួសារ Chouinard បាន​បរិច្ចាគ​ភាគហ៊ុន ២% និង​សិទ្ធិ​សម្រេច​ទៅឱ្យ​មូលនិធិ​មួយ​ដែល​គ្រប់គ្រង​បេសកកម្ម និង​តម្លៃ​របស់​ក្រុមហ៊ុន។ ចំណែក​ភាគហ៊ុន ៩៨% ដែល​នៅសល់ នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ Holdfast Collective ជា​ស្ថាប័ន​ដែល​នឹង «ប្រើប្រាស់​ខ្ទង់​ប្រាក់​ដែល​ទទួលបាន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​បរិស្ថាន ការពារ​ធម្មជាតិ និង​ធ្វើ​ពិពិធ​កម្ម​លើ​ជីវសាស្ត្រ ក៏ដូចជា​ការជួយ​ដល់​សហគមន៍​អភិវឌ្ឍ​ចីរភាព​ប្រកបដោយ​ភាព​លឿន​រហ័ស​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន»។

ប្រាក់ចំណេញ​ប្រចាំឆ្នាំ​ដែល Patagonia រកបាន ក្រោយពី​បាន​វិនិយោគ​ជាថ្មី នឹង​ត្រូវបាន​បែងចែក​ទៅឱ្យ Holdfast Collective ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ។ វិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បញ្ចៀស​ការលក់​ក្រុមហ៊ុន ដែល​អាច​នាំឱ្យ​តម្លៃ​របស់ Patagonia ត្រូវ​ប្រែប្រួល។ លោក Chouinard បានឱ្យដឹងថា ប្រាក់ចំណេញ​ដែល​ក្រុមហ៊ុន​នេះ​រកបាន​ក្រោយពី​ទូទាត់​ខ្ទង់​វិនិយោគ​ឡើងវិញ នៅក្នុង​ឆ្នាំនេះ​គឺ​ប្រមាណ ១០០ លាន​ដុល្លារ​អាម៉េរិក។

លោក Chouinard ជា​អ្នកជំនួញ​ដែល​ល្បីឈ្មោះ​ខាង​ធ្វើ​រឿង​មិន​ដូច​គេឯង បានចាប់ផ្ដើម​មុខ​ជំនួញ​របស់ខ្លួន​ដោយ​ការច្នៃ​ទំ​ពក់​ឡើង​ភ្នំ​ធ្វើ​អំពី​លោហធាតុ និង​តែង​រស់នៅក្នុង​រថយន្ត​ដឹកទំនិញ​នៅ​ទីតាំង​ឡើង​ភ្នំ​នានា​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ។ Forbes គណនា​ឃើញថា ទ្រព្យ​របស់លោក Chouinard ក្នុង​ឆ្នាំ ២០២២ នេះ​គឺ ១.២ ពាន់​លាន​ដុល្លារ ចំណែក​ប្រាក់ចំណូល​ក្នុងឆ្នាំនេះ​របស់​ក្រុមហ៊ុន Patagonia គឺ ១.៥ ពាន់​លាន​ដុល្លារ។

លោក Yvon Chouinard

«កន្លងមក លោក Chouinard បាន​និយាយថា «ខ្ញុំ​ខឹង​ណាស់​នៅពេល​ទស្សនាវដ្ដី Fortune ដាក់​ចំណាត់ថ្នាក់​ជា​មហាសេដ្ឋី​ឱ្យ​ខ្ញុំ។ ខ្ញុំ​មិនមាន ១ ពាន់​លាន​ដុល្លារ​នៅក្នុង​ធនាគារ ហើយក៏​មិនមាន​រថយន្ត Lexus»។

គ្រួសារ​របស់លោក Chouinard តែងតែ​សកម្ម​នៅក្នុង​កិច្ចការ​មនុស្សធម៌។ David Callahan ដែលជា​ស្ថាបនិក​នៃ​គេហទំព័រ Inside Philanthropy បាន​បញ្ចេញយោបល់​ថា «អ្នក​គិតថា មហាសេដ្ឋី​ភាគច្រើន​គ្រាន់តែ​បរិច្ចាគ​មួយផ្នែក​តូច​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ គ្រួសារ Chouinard វិញ គឺជា​ករណី​លើកលែង»៕

Advertisement