ត្រូវ​ឆ្នោត​ពិសេស​ តម្លៃ​ជាង​200​លាន​ដុល្លារ​អាមេរិក​នៅ​​ក្នុង​រដ្ឋ ​New Jersey

ពលរដ្ឋម្នាក់នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក បានត្រូវឆ្នោតប្រភេទពិសេស ដែលមានតម្លៃដល់​ទៅ​202​លាន​ដុល្លារអាមេរិករបស់ក្រុមហ៊ុនឆ្នោត Mega Millions ប៉ុន្តែសម្រេចចិត្ត សុំមិនបង្ហើបឱ្យដឹងអត្តសញ្ញាណ។

ម្ចាស់សន្លឹកឆ្នោតដ៏មានសំណាងរូបនេះ បានទៅទទួលប្រាក់រង្វាន់កាលពីពេលថ្មីកន្លងទៅនេះ និងបានក្លាយជាពលរដ្ឋដំបូងគេបង្អស់នៅក្នុងរដ្ឋ New Jersey ដែលទទួលប្រាក់ដោយមិនត្រូវបានបញ្ចេញអត្តសញ្ញាណ។ នេះបើតាមមន្ត្រីស្ថាប័នឆ្នោតនៅមូលដ្ឋាន ដែលបានឱ្យដឹងកាលពីថ្ងៃទី29កញ្ញា។

សូមបញ្ជាក់ថា ការអនុញ្ញាតឱ្យអ្នកត្រូវឆ្នោត លាក់បាំងអត្តសញ្ញាណនេះ ត្រូវបានធ្វើឡើងដោយយោងទៅតាមច្បាប់ថ្មីមួយអនុម័តកាលពីខែមករា ដោយបានចែងថា ពលរដ្ឋទាំងអស់់មានសិទ្ធិស្នើសុំមិនបញ្ចេញឈ្មោះ នៅពេលពួកគេត្រូវឆ្នោត Mega Millions នៅក្នុងរដ្ឋ New Jersey ដើម្បីចៀសវាងការចាប់អារម្មណ៍ពីសាធារណជន។ បន្ទាប់ពីការអនុម័តច្បាប់ខាងលើបានជិត1ខែ ឆ្នោត Mega Millions ក៏មានអ្នកត្រូវរង្វាន់ពិសេស ហើយការត្រូវរង្វាន់នោះក៏ត្រូវបានប្រកាសកាលពីថ្ងៃទី12កុម្ភៈ។

មន្ត្រីក្រុមហ៊ុនឆ្នោតនៅ New Jersey បានចេញសេចក្ដីប្រកាសឱ្យដឹងថា អ្នកមានសំណាងបានមើលការចេញឆ្នោតលទ្ធផលឆ្នោតតាមរយៈ Facebook នៅពេលកំពុងធ្វើការ ហើយបានស្វែងរកសន្លឹកឆ្នោតនៅក្នុងរថយន្តដើម្បីផ្ទៀងផ្ទាត់។ “អ្នកត្រូវឆ្នោតពិតជារំភើបជាខ្លាំង ប៉ុន្តែគាត់ព្យាយាមបន្លប់ចិត្តរបស់ខ្លួន ដើម្បីត្រលប់ចូលធ្វើការតាមធម្មតា ខណៈដែលក្នុងចិត្តកំពុងគិតពិចារណា និងការបង្កើតផែនការ”។

ផ្ទាំង​ឃោសនា​ពាណិជ្ជកម្ម​របស់​ក្រុម​ហ៊ុន​ឆ្នោត​ Mega Millions

James Carey ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនឆ្នោតនៅ New Jersey បានធ្វើដំណើរទៅកាន់ហាងលក់អាហារមួយកន្លែងនៅក្នុងទីក្រុង Edison ដែលជាអ្នកលក់សន្លឹកឆ្នោតសំណាងនោះ នៅក្នុងយប់នោះតែម្ដង និងបានផ្ដល់ប្រាក់កម្រៃជើងសាចំនួន 30,000ដុល្លារដល់ម្ចាស់ហាងទាំង2នាក់នោះ។

James Carey បានណែនាំថា៖ “យើងតែងតែនិយាយប្រាប់អ្នកគ្រប់គ្នាថា នៅពេលត្រូវឆ្នោត សូមស៊ីញ៉េឈ្មោះលើផ្នែកខាងក្រោយនៃសន្លឹកឆ្នោតនោះជាបន្ទាន់។ ក្រោយមក ចូររក្សាវាទុកក្នុងទីសុវត្ថិភាពបំផុត រួចពិភាក្សាជា​មួយ​​មេធាវី និងទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ ហើយមករកយើងខ្ញុំដើម្បីបង្ហាញសន្លឹកឆ្នោតនោះ”។

ពលរដ្ឋមហាសំណាងថ្មីនេះ បានធ្វើតាមការណែនាំរបស់ភាគីក្រុមហ៊ុន ដោយបានចុះហត្ថលេខាលើសន្លឹកឆ្នោត ទៅជួបមេធាវី រួចក៏ទទួលបានការណែនាំអំពីវិធីល្អបំផុតដើម្បីធានាសុវត្ថិភាពទៅលើទ្រព្យសម្បត្តិថ្មីនេះ។

សូមបញ្ជាក់ថា នៅសហរដ្ឋអាមេរិក មានតែរដ្ឋមួយចំនួនប៉ុណ្ណោះដែលអនុញ្ញាតឱ្យអ្នកត្រូវឆ្នោតលាក់អត្តសញ្ញាណរបស់ខ្លួន ក្នុងនោះមានដូចជា រដ្ឋ Delaware, Kansas, Maryland, North Dakota, Ohio និង Carolina ជាដើម៕

ប្រភព៖ NBC News

Advertisement