ឥណ្ឌូណេស៊ី ពិនិត្យ​លទ្ធភាព​ចំណាយ​បន្ថែម​ជាង ១៣ ពាន់​លាន​ដុល្លារ ដើម្បី​ទប់​តម្លៃ​ប្រេងឥន្ធនៈ

កាលពី​ថ្ងៃទី ២៣ សីហា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី ឱ្យដឹងថា ខ្ទង់​ថវិកា​ជាង ១៣ ពាន់​លាន​ដុល្លារ​នេះ នឹង​ធ្វើឱ្យ​កញ្ចប់​ថវិកា​ជំនួយ និង​កញ្ចប់​សម្រាប់​ប៉ះប៉ូវ​ដល់​ការខាតបង់​ក្នុង​វិស័យ​ថាមពល​ឆ្នាំ ២០២២ កើន ​ឡើងដល់ ៧០០ ទ្រី​លាន រូពី។

ឥណ្ឌូណេស៊ី អាច​ចំណាយ​បន្ថែម​ទៅលើ​ខ្ទង់​ជំនួយ​ផ្នែក​ថាមពល​តម្លៃ ២០០ ទ្រី​លាន​រូពី (១៣.៤៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) បើសិន​មិន​ដំឡើងថ្លៃ​ប្រេងឥន្ធនៈ​ដែល​ទទួលបាន​ជំនួយ​ពី​រដ្ឋាភិបាល ក្នុងស្ថានភាព​ដែល​ការប្រើប្រាស់​គ្រោង​នឹង​កើនឡើង​លើសពី​កូតា​ឆ្នាំ ២០២២

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ២៣ សីហា រដ្ឋមន្ត្រី​ហិញ្ញ​វត្ថុ​ឥណ្ឌូណេស៊ី Sri Mulyani Indrawati បានឱ្យដឹងថា ខ្ទង់​ថវិកា​ជាង ១៣ ពាន់​លាន​ដុល្លារ​នេះ នឹង​ធ្វើឱ្យ​កញ្ចប់​ថវិកា​ជំនួយ និង​កញ្ចប់​ថវិកា​សម្រាប់​ប៉ះប៉ូវ​ដល់​ការខាតបង់​ក្នុង​វិស័យ​ថាមពល​ឆ្នាំ ២០២២ កើន ៤០% ថែមទៀត ដោយ​ឡើងដល់ ៧០០ ទ្រី​លាន រូពី ប្រហែល​នឹង ៤៧,២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

រដ្ឋមន្ត្រី​ហិញ្ញ​វត្ថុ​ឥណ្ឌូណេស៊ី លោក​ស្រី Sri Mulyani Indrawati

លោកស្រី Indrawati បញ្ជាក់ថា ខ្ទង់​ថវិកា​បន្ថែម​នេះ​នឹង​ត្រូវបាន​ចំណាយ​ទៅលើ​តែ​ថ្លៃ​សាំង​យីហោ Pertalite (RON-90) និង​ប្រេងម៉ាស៊ូត Solar របស់​ក្រុមហ៊ុន​ថាមពល​រដ្ឋ Pertamina ប៉ុណ្ណោះ ព្រោះថា បើសិន​ចំណាយ​សម្រាប់​អគ្គិសនី និង​ឧស្ម័ន​ធម្មជាតិ​រាវ​ទៀត ខ្ទង់​ប្រាក់​ដែល​រដ្ឋាភិបាល​ត្រូវ​ចំណាយ​នឹង​កើនឡើង​កាន់តែ​ខ្ពស់។

លោកស្រី​រដ្ឋមន្ត្រី​ហិញ្ញ​វត្ថុ​ឥណ្ឌូណេស៊ី ព្រមាន​ថា សូម្បីតែ​រដ្ឋាភិបាល​បង្កើន​ខ្ទង់​ថវិកា​ជំនួយ និង​ខ្ទង់​ថវិកា​ប៉ះប៉ូវ​ការខាតបង់​សម្រាប់​ថាមពល​បន្ថែម​ជាង ១៣ ពាន់​លាន​ដុល្លារ​ទៀត​ក៏ដោយ ក៏​មិនមាន​អ្វី​ធានាថា គ្រប់គ្រាន់​នោះដែរ បើទោះជា​មាន​គោលការណ៍​កាត់បន្ថយ​ការលក់​ប្រេងសាំង Pertalite ទៅឱ្យ​អតិថិជនធំៗមួយចំនួន​របស់​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ៕

Advertisement