ព្រោះតែ​មានឈ្មោះ​ដូច​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ប្រាក់​ឌីជីថល​មួយ​ប្រភេទ ឡើងថ្លៃ​ខ្ពស់ជាង​មុន ១០ ដង

រូបិយវត្ថុ​ឌីជីថល អូ​មី​ក្រុង (Omicron) បាន​ឡើងថ្លៃ​ខ្ពស់ រហូតដល់ ៦៨៨ ដុល្លារ/រៀល​អូ​មី​ក្រុង ដោយសារតែ​ឈ្មោះ​របស់​វា​ដូច​ទៅនឹង​ឈ្មោះ​របស់​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ដែលជា​វ៉ា​រ្យ៉​ង់​មួយ​កំពុង​ធ្វើឱ្យ​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង។

ប្រាក់ អូ​មី​ក្រុង ដើមឡើយ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់ និង​មាន​អ្នកតាមដាន​នៅលើ​បណ្ដាញ​សង្គម Twitter ត្រឹមតែ​ប្រហែល ១,០០០ នាក់​ប៉ុណ្ណោះ ប៉ុន្តែ វា​បាន​ឡើងថ្លៃ​ពី ៦៥ ដុល្លារ កាលពី​ពាក់កណ្ដាល​សប្ដាហ៍​មុន ឡើងដល់ ៦៨៨ ដុល្លារ/រៀល​អូ​មី​ក្រុង កាលពី​ចុង​សប្ដាហ៍​កន្លង មុនពេល​ធ្លាក់​ថ្លៃ​ប៉ុន្មាន​សិប​ភាគរយ។

បច្ចុប្បន្ន ប្រាក់​ឌីជីថល នេះ ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​តម្លៃ ៣៧១ ដុល្លារ/រៀល​អូ​មី​ក្រុង។ វា​ពុំមាន​ជាប់ទាក់ទង​អ្វី​ទៅនឹង​វីរុស​កូ​វីដ-១៩ ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) ដាក់ឈ្មោះថា អូ​មី​ក្រុង កាលពី​ថ្ងៃទី ២៦ វិច្ឆិកា នោះទេ ក្រៅតែពី​ឈ្មោះ​ដូច្នេះ។

មកដល់ពេលនេះ គេ​មិនទាន់​ដឹង​ច្បាស់​ថា ប្រាក់​អូ​មី​ក្រុង ត្រូវបាន​គេ​ដាក់ឱ្យ​ជួញដូរ​តាំងពី​ពេលណា​នៅឡើយ។ ទិន្នន័យ​ស្ដីអំពី​តម្លៃ​របស់​វា​នៅលើ​ទំព័រ CoinGecko ក៏​ទើបតែ​ត្រូវបាន​គេ​ប្រកាស​ចាប់ពី​ថ្ងៃទី ៨ វិច្ឆិកា​ប៉ុណ្ណោះ។ ក្រៅពីនេះ ក៏​ពុំទាន់​មាន​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​ចេញមុខ​តំណាងឱ្យ​ប្រាក់​ឌីជីថល អូ​មី​ក្រុង នេះ​នៅឡើយ​ដែរ។

ប្រាក់​ឌីជីថល (cryptocurrency) ជាច្រើន ត្រូវបាន​គេ​បង្កើតឡើង និង​បាន​ឡើងថ្លៃ​ខ្លាំង​ក្នុង​ឆ្នាំ ២០២១ ដោយសារ​ការភ្ជាប់​ជាមួយនឹង​ព្រឹត្តិការណ៍​លេចធ្លោ​ក្នុង​ពិភពលោក ក៏ប៉ុន្តែ ក្រោយមក​គឺជា​ការ «ផ្ទុះ​បែក​ប៉ោង​ប៉ោង​តម្លៃ» នៅពេល​​កម្លាំង​​ទាក់​ទាញ​​របស់​ពួកវា​បាន​បាត់បង់​បន្តិចម្ដង៕

Advertisement