ក្រុមហ៊ុន​អាម៉េរិក ​​វិនិយោគ ១៣ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ វៀតណាម

បន្ទាប់ពី​គម្រោង​ថាមពល Mong Duong 2 និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន Son My 2 សាជីវកម្ម AES របស់ សហរដ្ឋ​អាម៉េរិក បន្ត​ជំរុញ​ការវិនិយោគ​លើ​វិស័យ​ថាមពល​នៅ វៀតណាម ជាមួយនឹង​ផែនការ​បណ្ដាក់ទុន ១៣ ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​នេះ។

ក្នុង​ក្របខណ្ឌ​នៃ​កិច្ចពិភាក្សា​ប្រចាំឆ្នាំ​ស្ដីពី​សន្តិសុខ​ថាមពល​រវាង សហរដ្ឋ​អាម៉េរិក និង វៀតណាម នាពេលថ្មីៗនេះ ក្រុមហ៊ុន AES បានបង្ហាញ​អំពី​បំណង​អនុវត្ត​គម្រោង​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅលើ​លម្ហ​សមុទ្រ​នៃ​ខេត្ត Binh Thuan ប្រទេស​វៀតណាម​ ជាមួយនឹង​ទុនវិនិយោគ ១៣ ពាន់​លាន​ដុល្លារ និង​អាច​ផលិត​អគ្គិសនី​បាន ៤,០០០ MW។

សាជីវកម្ម AES របស់ សហរដ្ឋ​អាម៉េរិក បាន និង​កំពុង​វិនិយោគ​លើ​វិស័យ​ថាមពល​មួយ​ចំនួន​​នៅ វៀតណាម មានដូចជា រោងចក្រ​អគ្គិសនី BOT Mong Duong 2 នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ ដោយ​ប្រើប្រាស់​ទុន​ជាង ២ ពាន់​លាន​ដុល្លារ។

គម្រោង Mong Duong 2 ត្រូវបាន​អភិវឌ្ឍ​ដោយ​សាជីវកម្ម AES (សហរដ្ឋ​អាម៉េរិក), Posco (កូរ៉េ​ខ​ង​ត្បូង) និង CIC (ចិនដីគោក)។ ឆ្នាំ ២០០៨ គម្រោង​បណ្ដាក់ទុន​រួមគ្នា​នេះ​បាន​បង្កើត​ក្រុមហ៊ុន​សាជីវកម្ម AES-TKV Mong Duong ដើម្បី​ដំណើរការ​គម្រោង​ថាមពល​នេះ​ជាមួយនឹង​អត្រា​ទុន ៥១%, ៣០% និង ១៩%។

ចុងឆ្នាំ ២០២០ AES បាន​លក់​ភាគហ៊ុន​របស់ខ្លួន​ដែលមាន​នៅក្នុង AES-TKV Mong Duong ទៅឱ្យ​ភាគី​មួយ​នៅ សហរដ្ឋ​អាម៉េរិក។ តម្លៃ​នៃ​ការទិញ​ដូរ​​ភាគ​ហ៊ុន​នេះ​មិនទាន់​ត្រូវបាន​បង្ហើ​ប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ អាច​នឹង​ត្រូវបាន​ទូទាត់​រួចរាល់​នៅ​ដើមឆ្នាំ​ក្រោយ។

ទន្ទឹម​នឹង​នេះ AES ក៏​សហការ​ជាមួយ ក្រុមហ៊ុន​វៀតណាម PV Gas ក្នុងការ​អភិវឌ្ឍ​គម្រោង​ឃ្លាំង​កំពង់ផែ​នាំចូល​ឧស្ម័ន​រាវ (LNG) Son My ដែល​គ្រោង​នឹងមាន​តម្លៃ ១.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

ក្រៅពីនេះ ក្រុមហ៊ុន​អាម៉េរិក AES ក៏​ថែមទាំង​ជា​អ្នក​អភិវឌ្ឍ​គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន Son My 2 (Son My 2 CCGT) ដោយ​មាន​​​ទុនវិនិយោគ ១.៧ ពាន់​លាន​ដុល្លារ​ទៀតផងដែរ៕

Advertisement