ការ​រកប្រាក់​មិនមែនជា​រឿង​លំបាក៖ គ្រាន់តែ​ការងារ​បន្ទាប់បន្សំ​សោះ នារី​វ័យ ២៨ ឆ្នាំ រកបាន ១០០,០០០ ដុល្លារ/ថ្ងៃ និង​បង្កើតបាន​ក្រុមហ៊ុន​មួយ​តម្លៃ​រាប់លាន​ដុល្លារ នៅក្នុង​​យុគ​សម័យ​កូ​វីដ

Kat Norton បង្រៀន Excel ដល់​បុគ្គល ក្រុមហ៊ុន និង​ស្ថាប័ន​អប់រំ​នានា។ ចាប់តាំងពី​បាន​បញ្ចេញ Miss Excel កាលពី​ឆ្នាំ ២០២០ Kat រកបាន​អ្នកតាមដាន​គណនី TikTok និង Instagram របស់ខ្លួន ឡើងដល់​ជាង ១ លាន​នាក់។

ដូច​ទៅនឹង​អ្នកដទៃ ដំណាក់កាលដំបូងៗនៃ​សម័យ​កូ​វីដ Kat នៅតែ​ផ្ទះ។ ប៉ុន្តែ ក្រោយ​រយៈពេល​ធ្វើការ​ពី​ផ្ទះ​បាន​ប៉ុន្មាន​ខែ នាង​ក៏​ចាប់ផ្ដើម​ធុញ។ ថ្ងៃមួយ បន្ទាប់ពី​បាន​និយាយ​គ្នា​ជាមួយ​មិត្តភក្ដិ Kat បានគិត​ដល់​ការចេញ​រកស៊ី ដោយ​ពឹង​លើ​បទពិសោធន៍ ៤ ឆ្នាំ ដែល​បានធ្វើ​ការឱ្យ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់។ Kat ក៏​ចាប់ផ្ដើម​បង្រៀន Excel និង​បង្ហោះ​វា​នៅលើ TikTok។

ចុងក្រោយ គំនិត​របស់​នាង​បានប្រែក្លាយ​ទៅជា Miss Excel ហើយ​ការងារ​នេះ​ក៏បាន​ក្លាយជា​មុខរបរ​ចម្បង​របស់​នា​ង។ Kat បង្កើតបាន​ក្រុមហ៊ុន​មួយ​ដែល​រកចំណូលបាន ១ លាន​ដុល្លារ ដោយមាន​អ្នកតាមដាន​ជាង ១ លាន​នាក់ នៅលើ TikTok និង Instagram។

ដំណើរ​ដើមទង​នៃ​ការ​ប្រែក្លាយ​ការងារ​បន្ទាប់បន្សំ ឱ្យទៅជា​ក្រុមហ៊ុន​រកចំណូលបាន​ខ្ទង់លាន​ដុល្លារ

Kat បង្ហោះ​វីដេអូ​ដំបូង​របស់ខ្លួន​លើ TikTok កាលពី​ខែមិថុនា ២០២០ ក្រោយមក នាង​ចាប់ផ្ដើម​បង្ហោះ ១ វីដេអូ/ថ្ងៃ។ ជោគជ័យ​ក៏បាន​មកដល់ បន្ទាប់ពី​បង្ហោះ​វីដេអូ​ទី ៤ ដែល​និយាយ​អំពី​មុខងារ XLOOKUP របស់ Excel។ វីដេអូ​នេះ មាន​អ្នក​ចូល​មើល​ជាង ១០០,០០០ នាក់ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

វីដេអូ​ទី ៦ របស់ Kat បានធ្វើឱ្យ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CNTT ចាប់អារម្មណ៍ និង​ផ្ញើ​សារ​មក​ប្រាប់ថា ចង់​ជួល Kat បង្កើត​វីដេអូ​បណ្ដុះបណ្ដាល​អំពី Excel ដល់​អតិថិជន​របស់​គាត់។ Kat បាន​យល់ព្រម និង​ចាប់ផ្ដើម​បំពាក់​ឧបករណ៍​បន្ថែម​ដើម្បី​ជួយ​ដល់​ការបង្រៀន។

មិនយូរប៉ុន្មាន Kat បាន​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន និង​បង្កើត​វីដេអូ​បានជា​ច្រើន​ឈុត។ ដល់​ខែតុលា ២០២០ ចំនួន​អ្នកតាមដាន​លើ TikTok និង Instagram របស់​នាង បាន​ឡើងដល់ ៣០០,០០០ នាក់។ នាង​ក៏​ក្លាយជា​អ្នក​ពិ​ពន្ធ​ខ្លឹមសារ​វីដេអូ «ពេញ​ម៉ោង»។ ក្រោយមក Kat ក៏បាន​គិតដល់​ការបង្កើត​វគ្គ​សិក្សា​អន​ឡាញ និង​លក់​ឱ្យ​អ្នកប្រើប្រាស់​តាមរយៈ​បណ្ដាញ​សង្គម។

Kat បាន​ឈប់​ធ្វើការ​ជា​អ្នក​ប្រឹក្សា​យោបល់ និង​ថត​វីដេអូ​បាន​ជាង ១០០ ឈុត រួច​ក៏​ច្របាច់​វា​បញ្ចូល​គ្នា​ទៅជា​កញ្ចប់​សិក្សា​ដែលមាន​ឈ្មោះថា The Excelerator Course។ វគ្គ​សិក្សា​នេះ​មានតម្លៃ ២៩៧ ដុល្លារ/វគ្គ។ ខែវិច្ឆិកា ២០២០ Kat បាន​លក់​វគ្គ​សិក្សា​ដំបូង​របស់ខ្លួន។ ដល់​ខែមករា ២០២១ នាង​រកបាន​ប្រាក់​អកម្ម ១៥,០០០ ដុល្លារ/ខែ ពី​វគ្គ​សិក្សា​នេះ។ Kat បាន​ឈប់​ធ្វើការ​ផ្សេង ហើយ​ងាក​មក​ធ្វើជា​ម្ចាស់​ក្រុមហ៊ុន។

អភិវឌ្ឍ​ Miss Excel

ក្រោយពី​ចំណាយពេល​ទាំងស្រុង​លើ​ការងារ​បង្រៀន Excel កញ្ញា Kat ក៏​រកបាន ១ លាន​ដុល្លារ ពី Miss Excel។ ខែតុលា ២០២១ នាង​រកបាន​ជាង ១០០,០០០ ដុល្លារ​ក្នុង​រយៈពេល​តែ ១ ថ្ងៃ។

ទន្ទឹមនឹង​វគ្គ Excelerator កញ្ញា Kat ក៏មាន ២ វគ្គ​ទៀត ទាក់ទង​នឹង Excel រួម​នឹង​វគ្គ​សម្រាប់ PowerPoint, Word, Teams, Outlook, OneNote និង Google Sheets។

វគ្គ​សិក្សា​លក់រាយ មានតម្លៃ​ពី ៤៤ ដុល្លារ ដល់ ៣៩៧ ដុល្លារ/វគ្គ។ នាង​ក៏មាន​វគ្គ​ដែលមាន​តម្លៃ​ចាប់ពី ៣៩៧ ដុល្លារ ដល់ ៩៩៧ ដុល្លារ​ផងដែរ។

គម្រោង​ថ្មី​បំផុត​របស់​នារី​វ័យ ២៨ ឆ្នាំ​រូបនេះ មាន​ឈ្មោះថា Workplace FUNdamentals Course ដែល​បង្រៀន​អំពី​ជំនាញសំខាន់ៗនៅ​ត្រូវការ​ចាំបាច់​នៅក្នុង​កន្លែងធ្វើការ ដូចជា Microsoft Office។ល។ ក្រៅពី​វគ្គ​សិក្សា​ដែល​លក់​ជា​កញ្ចប់ Kat ក៏មាន​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក Excel សម្រាប់​ក្រុមហ៊ុន និង​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​លើកទឹកចិត្តផ្សេងៗផងដែរ។

Kat ក៏បាន​លើកឡើង​នូវ​អនុសាសន៍​មួយចំនួន​ដើម្បី​អាច​កសាង​ក្រុមហ៊ុន​មួយ ដែល​ឆ្ពោះទៅរក​ភាពជោគជ័យ៖

១-រកឱ្យឃើញ​នូវ​គោលដៅ​ពិតប្រាកដ​របស់ខ្លួន
២-ថែទាំ​សុខភាព​រាងកាយ និង​រូប​សម្ផស្ស​របស់ខ្លួន
៣-ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​ដើម្បី​ប្រឈម និង​ដោះស្រាយ​បញ្ហា

Advertisement