លើកដំបូង​ក្នុង​រយៈពេល ២០ ឆ្នាំ ដែល​ប្រាក់​ដុល្លារ​អាម៉េរិក ខ្លាំង​ជាង​ប្រាក់ អឺរ៉ូ ក្នុង​ផ្សារ​ជួញដូរ​នៅ រុស្ស៊ី

ប្រាក់​អឺរ៉ូ បាន​ធ្លាក់​ថ្លៃ​ចុះមក​នៅ​ទាប​ជាង​ប្រាក់​ដុល្លារ​អាម៉េរិក នៅក្នុង​ផ្សារ​ជួញដូរ Moskva កាលពី​ថ្ងៃទី ១២ កក្កដា ក្នុង​គ្រា​មានការ​បារម្ភ​អំពី​វិបត្តិ​ថាមពល​ដែល​អាច​រុញច្រាន សហភាព​អឺរ៉ុប (EU) ឱ្យ​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច។

យោងតាម​បណ្ដាញ​ព័ត៌មាន RT (រុស្ស៊ី) ១ ដុល្លារ​អាម៉េរិក ដូរ​បាន ៥៨.៧ រូ​ប្ល​រុស្ស៊ី ខណៈដែល ១ អឺរ៉ូ ដូរ​បាន ៥៨.៥២ រូ​ប្ល​រុស្ស៊ី នៅវេលា​ម៉ោង ១៧ និង ៥៦ នាទី នៃ​ថ្ងៃទី ១២ កក្កដា (ម៉ោង​នៅ កម្ពុជា)។

នៅលើ​ផ្សារ​ជួញដូរ​អន្តរជាតិ ប្រាក់​អឺរ៉ូ មានតម្លៃ​ជិត​ស្មើនឹង ប្រាក់​ដុល្លារ​អាម៉េរិក។ ក្នុងការ​ជួញដូរ​រូបិយប័ណ្ណ​បរទេស ប្រាក់​របស់ សហភាព​អឺរ៉ុប ធ្លាក់​ថ្លៃ​មក​នៅ​ប្រហែល ១.០០០១ ដុល្លារ​អាម៉េរិក ដែល​នេះ​គឺជា​តម្លៃ​ទាប់​បំផុត​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លងមកនេះ។

គិត​មកដល់​បច្ចុប្បន្ន ប្រាក់​អឺរ៉ូ បាន​ធ្លាក់​ថ្លៃ ១២% ធៀប​នឹង​ប្រាក់​ដុល្លារ​របស់ សហរដ្ឋ​អាម៉េរិក នៅក្នុង​ឆ្នាំនេះ។ មូល​ហេតុដែល​នាំឱ្យមាន​បញ្ហា​នេះ​កើតឡើង​គឺ​ដោយសារ​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់ នៅពេល​កើតមាន​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​ទណ្ឌកម្ម​ដែល​បានដាក់​ទៅលើ រុស្ស៊ី ដែលជា​អ្នកផ្គត់ផ្គង់​ថាមពល​ធំជាងគេ​របស់ ទ្វីបអឺរ៉ុប ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​ទ្វីប​នេះ ពើបប្រទះ​នឹង​ភាពវឹកវរ៕

Advertisement