Donald Trump រកបាន 1.6ពាន់​លាន​ដុល្លារ ក្នុង​អាណត្តិ​ប្រធានាធិបតី

អង្គការ​តាមដាន​រដ្ឋា​ភិ​បាល​អាមេរិក ហៅ​កាត់​ថា CREW បាន​និយាយថា លោក Trump រកបាន​ប្រាក់​ចំនួន 1.6 ពាន់​លាន​ដុល្លារ​នៅក្នុង​រយៈពេល 4 ឆ្នាំ​នៃ​ការ​កាន់តំណែង​ប្រធានាធិបតី ប៉ុន្តែ ប្រាក់​ទាំងនេះ ភាគច្រើន​បានមកពី​សកម្មភាព​ជំនួញ​ដែល​លោក Trump ជា​អ្នក​ឈរឈ្មោះ។

ក្រោយពី​បាន​ត្រួតពិនិត្យ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump អង្គ​ការមិន​ស្វែងរក​កម្រៃ Citizens for Responsibility and Ethics (ពលរដ្ឋ​ដើម្បី​ការទទួលខុសត្រូវ និង​ក្រមសីលធម៌) ហៅ​កាត់​ថា CREW ដែលមាន​មូលដ្ឋាន​នៅ​វ៉ា​ស៊ី​ង​តោន បាន​អះអាង​កាលពី​ថ្ងៃទី 22 ខែកុម្ភៈ​ថា បើទោះជា​លោក Trump ទទួលបាន​ការកោតសរសើ​រ​ច្រើន​ចំពោះ​ការបរិច្ចាគ​ប្រាក់ខែ​របស់លោក ប៉ុន្តែ នោះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ដ៏​តូច បើ​ធៀប​នឹង​ប្រាក់ចំណូល​ដែល​ក្រុមហ៊ុន​របស់លោក​រកបាន​នៅក្នុងពេល​លោក​កំពុងកាន់​អំណាច។

CREW ដែលជា​អង្គការក្រៅរដ្ឋាភិបាល ត្រូវបាន​បង្កើតឡើង​ពី​ឆ្នាំ 2003 ដើម្បី​តាមដាន​លើ​ក្រមសីលធម៌ និង​ការទទួលខុសត្រូវ​លើ​ការបកស្រាយ​របស់​រដ្ឋា​ភិ​បាល​អាមេរិក បាន​បញ្ជាក់ថា ខ្ទង់​ប្រាក់​យ៉ាងហោច 1,613,583,013 ដុល្លារ ដែល​បានមកពី​ក្រុមហ៊ុន Trump Organization រួម​នឹង​ខ្ទង់​ចំណូល​ដទៃ​មួយចំនួនទៀត ត្រូវបាន​លោក Trump ប្រកាស។

ជាង​នេះ លោក Trump ក៏​ធ្លាប់បាន​បង្ហើប​ឱ្យដឹង​អំពី​ប្រាក់ចំណូល​លើសពី​ខ្ទង់​ខាងលើ​ទៅទៀត ពោលគឺ 1,790,614,202 ដុល្លារ ប៉ុន្តែ រូបភាព​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​នេះ ហាក់​មាន​ភាព​ស្រ​ពេ​ច ស្រពិល។

Trump National Golf Club នៅ​ Virginia

ខ្ទង់​ចំណូល​មួយ​ភាគ​ធំ​របស់ Trump Organization បានមកពី​អចលនទ្រព្យ​ល្បីឈ្មោះ​មួយចំនួន ដូចជា តំបន់​លម្ហែកាយ Mar-a-Lago, សណ្ឋាគារ​អន្តរជាតិ Trump នៅ​រដ្ឋធានី វ៉ា​ស៊ី​ង​តោន និង​ទីលាន​វាយកូនគោល​មួយចំនួន​នៅ Doral ក្នុង​រដ្ឋ Florida, Bedminster នៅ New Jersey និង Trump National នៅ Virginia។

CREW យល់ឃើញថា ភាគច្រើន​នៃ​ប្រាក់ចំណូល​នេះ បានមកពី​ក្រុម​អ្នកជំនួញ​ដែល​ចង់​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ផលប្រយោជន៍​ពី​ប្រធានាធិបតី Trump ដោយ​ការ «នៅ​ជាមួយ» នឹង​អចលនទ្រព្យ​ដែលមាន​ឈ្មោះ​លោក Trump។

របាយការណ៍​របស់ CREW ត្រូវបាន​លើកឡើង​នៅពេល​តុលាការ​កំពូល​បានចេញ​សេចក្ដីសម្រេច បង្គាប់​ឱ្យ​លោក Trump ប្រគល់​ឯកសារ​ប្រកាស​ពន្ធ​មកឱ្យ​ការិយាល័យ​រដ្ឋអាជ្ញា​នៅ New York។ ប៉ុន្តែ អតីត​ប្រធានាធិបតី Trump បាន​រិះគន់​លើ​បញ្ហា​នេះ និង​បាន​និយាយថា នឹងធ្វើ​ការតវ៉ា​ជា​បន្តទៀត។

ក្នុង​គ្រា​ទើបតែ​បាន​ឡើងកាន់​អំណាច CREW បានដាក់​ពាក្យ​ប្ដឹង​លោក Trump ដោយ​ចោទប្រកាន់ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ ព្រោះតែ​បន្ត​ទទួលយក​ខ្ទង់​ប្រាក់​ទូទាត់​ពី​រដ្ឋាភិបាល​បរទេស​នា​នា ដោយ​ពឹង​លើ​សកម្មភាព​ជំនួញ​ដែល​ក្រុមគ្រួសារ​របស់លោក Trump កាន់កាប់៕

ប្រភព៖ Independent
ប្រែ​សម្រួល៖ បុត្រា

Advertisement