រដ្ឋាភិបាល​ម៉ាឡេស៊ី ចំណាយ ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​ជួយ​ដល់​ប្រជាជន ចាប់ពី​ស្បៀងអាហារ រហូតដល់​ថាមពល

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី Zafrul Tengku Abdul Aziz បានឱ្យដឹងថា រហូត​មក​ដល់​​ឆ្នាំនេះ ខ្ទង់​ប្រាក់​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ផ្ដល់​ជា​ជំនួយ​ដល់​ប្រជាជន​នឹងមាន​រហូតដល់ជិត​ ៧៧.៣ ពាន់​លាន​រីង​ហ្គី​ត​ម៉ាឡេស៊ី (MYR) ដែល​ប្រហាក់ប្រហែល​នឹង ២០ ពាន់​លន​ដុល្លារ​អាម៉េរិក។

ប្រភពព័ត៌មាន​ពី គូ​ឡា​ឡាំ​ពួ ដកស្រង់​របាយការណ៍​ហិរញ្ញវត្ថុ​ទី ១០០ ដែល​ប្រកាស​ក្នុង​ថ្ងៃទី ២៧ មិថុនា បានឱ្យដឹងថា ដើម្បី​កាត់បន្ថយ​សម្ពាធ​ចំពោះ​ប្រជាជន​ក្រីក្រ រដ្ឋាភិបាល​បាន និង​គ្រោង​ផ្ដល់​ជំនួយ​ ​រួមមាន​ដូចជា ខ្ទង់​ប្រាក់​សម្រាប់​ទិញ​ប្រេងសាំង, ប្រេងម៉ាស៊ូត, ឧស្ម័ន​រាវ (LPG), ប្រេងឆា, ម្សៅ​មី និង​អគ្គិសនី។ រាល់​ខ្ទង់​ជំនួយ​នេះ​នៅក្នុង​ឆ្នាំ ២០២២ គឺជា​កញ្ចប់​ជំនួយ​ធំជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ធៀប​នឹង​បណ្ដា​រដ្ឋាភិបាលមុន។

ក៏ប៉ុន្តែ លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Zafrul Tengku Abdul Aziz បាន​បន្ថែមថា រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​នានា​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ ទន្ទឹមនឹង​ការជួយ​ដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​ដោយផ្ទាល់។

យោងតាម​លោក Aziz មួយផ្នែកធំ​នៃ​កញ្ចប់​ថវិកា​របស់​រដ្ឋា​ភិ​បាល ត្រូវបាន​ចំណាយ​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ពី​កូ​វីដ-១៩ ដែល​រួមមាន​ទាំង​ការទិញ​វ៉ាក់សាំង​ចាក់​ជូន​ដោយ​មិន​គិតថ្លៃ និង​ការ​ផ្ដល់ជំនួយ​ជា​ប្រាក់ខែ​ក្នុងសម័យ​កូ​វីដ-១៩។ រដ្ឋាភិបាល​បាន​ផ្ទេរប្រាក់​ជាង ២០ ពាន់​លាន​រីង​ហ្គី​ត ទៅឱ្យ​ក្រុមហ៊ុន​ជាង ៣៥០,០០០ស្ថាប័ន ដើម្បី​រក្សា​ការងារ​ជូន​និយោជិត បុគ្គលិក និង​កម្មករ​ក្នុងស្រុក​ជិត ៣ លាន​នាក់៕

Advertisement